ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន លើកឡើង​ថា វៀតណាម​គឺជា​អ្នកជិតខាង​ល្អ​ជាមួយ​កម្ពុជា ដោយ​ឈរលើ​គោលការណ៍​ជឿ​ទុកចិត្ត​គ្នា​ និង​គោរព​គ្នា​ទៅវិញ​ទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ហើយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​។

ក្នុង​វេទិកា​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ឆ្នាំ​ ២០២២ ​ដែល​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ៨ ខែវិច្ឆិកា លោក ​ហ៊ុន សែន ថ្លែងថា វៀតណាម និង​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មកហើយ​ តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ និង​ទំនាក់​ទំនង​ជាប្រចាំ​នៃ​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​។

លោក​ថ្លែងថា​៖ «​នេះ​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ពី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​ ដោយ​ឈរលើ​គោលការណ៍​ជឿ​ទុកចិត្ត​គ្នា​ និង​គោរព​គ្នា​ទៅវិញ​ទៅមក​​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ និង​បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច នយោបាយ និង​ការទូត​»​។

លោក​ ហ៊ុន សែន បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ ២ កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ តាមរយៈ​កំណើន​នៃ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាពិសេស​ក្នុង​យុទ្ធនាការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ​ ១៩ រដ្ឋាភិបាល​យើង​ទាំង​ ២ ​បាន​ផ្តល់​ជំនួយ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ទាំង​​ស្មារតី ថវិកា​ និង​សម្ភារ​សុខាភិបាល​»​។

លោក​ឱ្យ​ដឹងថា កន្លងមក ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី នៅក្នុង​សន្ទស្សន៍​ស្ដារ​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​ របស់​កាសែត​ជប៉ុន​នីកកេ​ (NIKKEI) ​ដែល​បាន​វាយតម្លៃ និង​ចាត់ថ្នាក់​ប្រទេស​ជាច្រើន​លើ​សកលលោក​អំពី​សមត្ថភាព​ក្នុង​ការទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូវីដ​ ១៩ ការអនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ការស្ដារ​សកម្មភាព សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ជាដើម​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា ការ​វាយតម្លៃ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​ប្រទេស​កម្ពុជា ​និង​វៀតណាម​ក្នុង​ការស្តារ​ឡើងវិញ​នូវ​សង្គម និង​សេដ្ឋកិច្ច​បាន​លឿន​ជាងគេ​ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ រហូត​ឈាន​ទៅ​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ និង​ធុរជន​បរទេស​មុន​ប្រទេស​ជាច្រើន​ដទៃទៀត​ ​ដោយ​បាន​លុបបំបាត់​ការអនុវត្ត​វិធាន​ការ​រឹតត្បិត​មួយចំនួន​។

លោក​ ផាម មិញជិញ ​(Pham Minh Chinh) ​នាយករដ្ឋមន្ត្រី​វៀតណាម​ថ្លែង​ក្នុង​វេទិកា​នេះ តាមរយៈ​ការ​បកប្រែ​ថា ទំនាក់​ទំនង​មិត្តភាព​វៀតណាម​-​កម្ពុជា គឺជា​ទ្រព្យសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន​ ហើយ​ត្រូវ​ថែរក្សា​ដើម្បី​ពូន​ជ្រំ​ឱ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រីក​ធំធាត់​។

លោក​ ផាម មិញជិញ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ទី​ ៩ ខែ​វិច្ឆិកា​។ លោក​ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នៅ​ថ្ងៃទី​ ១០-១៣ ខែវិច្ឆិកា ផងដែរ​។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ផាម មិញជិញ មក​កម្ពុជា​ពេល​នេះ​ថា​មិន​ត្រឹមតែ​បានរួម​ចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្ហាញ​ច្បាស់​ពី​ឆន្ទៈ​គាំទ្រ​ដល់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទៀតផង​។

ក្នុង​ជំនួប​ជាមួយ​លោក ផាម មិញជិញ នៅ​ថ្ងៃទី ​៨ ខែ​វិច្ឆិកា លោក ហេង សំរិន បាន​បញ្ជាក់​ថា វត្តមាន​លោក ផាម ម៉ិញជិញ​នាពេលនេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ថ្មីៗ​នៃ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​នីតិប្រតិបត្តិ​ ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង ​២ តែង​បាន​សហការ​ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​ពីថ្ងៃ​ទី​ ៨ ខែវិច្ឆិកា លោក ផាម មិញជិញ​បាន​អបអរសាទរ​ ចំពោះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា​ថ្មីៗ​នេះ​ដោយ​លោក​បញ្ជាក់ថា ជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងមក ជា​ផ្នែក​សំខាន់​ដែល​នឹង​នាំឱ្យ​កម្ពុជា​នូវ​ជោគជ័យ​ក្នុង​ការរៀបចំ​បោះឆ្នោត​សកល​ឆ្នាំ​ ២០២៣ ខាងមុខ​។

លោក ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​លើ​គ្រប់​វិស័យ មាន​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម​នោះ​។

លោក​បញ្ជាក់​ថា រដ្ឋសភា​កម្ពុជា​ជានិច្ចកាល​តែង​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋសភា​​វៀតណាម និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី តាមរយៈ​វេទិកា​អន្តរសភា​នានា​៕