ភ្នំពេញៈ នៅមុន​ ១ ​ថ្ងៃ ​ដែល​មេដឹកនាំ​ប្រទេស​អាស៊ាន​នឹង​ចាប់ផ្តើម​ប្រជុំ​ពេញអង្គ មន្ត្រីការទូត​កម្ពុជាបញ្ជាក់ថា អាស៊ាន​មានការ​គិតគូរ​វែងឆ្ងាយ​ហើយ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក ដែល​កំពុង​កើតមានឡើង ដោយ​សហការគ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញ​រាល់​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឱ្យទៅ​មុខ​។

​លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានថ្លែងថា បញ្ហា​ដែល​បាន​ឡើង​មកដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​តែងតែ​ជា​បញ្ហាលំបាក ប៉ុន្តែ​មកទល់ពេលនេះ​រាល់​បញ្ហា​ប្រឈម​ទាំងអស់​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​គឺ​បានដាក់​ចេញ​នូវ​គោលជំហរ​ក៏ដូចជា​ការយល់ឃើញ រួមទាំង​ការផ្តល់​ជា​ដំណោះស្រាយ​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​ ១០ ខែវិច្ឆិកា លោក​ថ្លែងថា នៅពេល​កម្ពុជា​ចាប់ផ្ដើម​ធ្វើជា​ប្រធាន​អាស៊ាន​ភ្លាម គឺមាន​បញ្ហា​ប្រឈម​មួយចំនួន​រួចទៅហើយ ឧទាហរណ៍​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា និង​បញ្ហា​អ៊ុយ​ក្រែ​ន​ជាដើម​។ ក្នុងពេល​ជាមួយគ្នានេះ ប្រទេស​នានា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការ​ងើប​ឡើងវិញ​ចេញពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ប៉ុន្តែ​ដោយសារតែ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ហា​សកល​មួយចំនួនទៀត វា​បាន​បង្ក​នូវ​ភាពមិនច្បាស់លាស់​ទៅដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ងើប​ចេញពី​វិបត្តិ​កូ​វីដ ​១៩ នេះ​។​

​លោក គង់ ភោគ ថ្លែងថា​៖ «​ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ ខ្ញុំ​អាច​និយាយបានថា អាស៊ាន​គឺមាន​ការគិតគូ​រវែង​ឆ្ងាយ​ហើយ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងអស់នោះ​។ អ្វីដែល​សំខាន់​សម្រាប់​យើង​គឺ​ធ្វើយ៉ាងណា​យើង​សហការគ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញ រាល់​របៀបវារៈ និង​ការងារ​អាទិភាព​ទាំងអស់នោះ​ឱ្យទៅ​មុខ​»​។

​អ្នកនាំពាក្យ​រូបនេះ​បន្ត ចំ​ពេលដែល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ខែសីហា គឺមាន​បញ្ហា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទៅទៀត​។ ដោយឡែក បញ្ហា​មួយចំនួន​មាន​រយៈពេល​យូរ​ឆ្នាំ ឬ​ទសវត្សរ៍​រួចមកហើយ ឧទាហរណ៍ បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ សមុទ្រ​ចិន​ខាងត្បូង ជាដើម​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា ក៏​មានការ​ងើបឡើង​នូវ​បញ្ហា​ដែល​មិនមែនជា​សន្តិសុខ​ប្រពៃណី ឧទាហរណ៍ បម្រែបម្រួល​អាកាសធាតុ ជាដើម​។​

​មន្ត្រីការទូត​រូបនេះ បន្តថា​៖ «​ប៉ុន្តែ​ជារួម ខ្ញុំ​អាច​និយាយបានថា រាល់​បញ្ហា​ទាំងអស់នេះ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​សមាជិក​អាស៊ាន​ដទៃទៀត​ដើម្បី​ធ្វើការ​ឆ្លើយតប​។ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​អ៊ុយ​ក្រែ​ន​ក្នុងនាម​យើង​ជា​ប្រធាន​អាស៊ាន​យើង​បានចេញ​សេចក្ដីថ្លែងការណ៍​ហូរហែ​ដើម្បី​រំលេច​ពី​សារៈសំខាន់​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​ទីនោះ​ពី​ផលប៉ះពាល់​នៃ​អំពើហិង្សា​និង​ការប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ​»​។​

​លោក គង់ ភោគ រំឭកថា កម្ពុជា​ក៏បាន​ចូលរួមចំណែក​គាំទ្រ​ដល់​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) រហូត​ទៅដល់​ចំនួន​ ៣ នៅឯ​អ​.​ស​.​ប ហើយ​កម្ពុជា​ក៏បាន​បង្ហាញ​អំពី​ការយល់ឃើញ​របស់ខ្លួន ដែលថា​បញ្ហា​នេះ​គឺ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​៕​