ភ្នំពេញៈ ខណៈ​ដែល​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ដៃគូ​អាស៊ាន​បាន​មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​។

កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​មាន​ថ្នាក់ដឹកនាំ​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​ដៃគូ​អាស៊ាន​សរុប​ចំនួន​ ៣៤ ​ប្រទេស ដែល​នឹង​ចូលរួម​ដោយ​ក្នុងនោះ​ក៏មាន​ទាំង​មេដឹកនាំ​ប្រទេស​មហាអំណាច​ផងដែរ ដូចជា​ចិន អាមេរិក​ជាដើម​។

លោក ​លី កេឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​បាន​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​ ៨ ខែវិច្ឆិកា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ​៤ ​ថ្ងៃ​នៅ​កម្ពុជា រហូត​ដល់​ថ្ងៃទី​ ១១ ខែវិច្ឆិកា ហើយ​លោក​ក៏​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​ ២៥ ផងដែរ ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃទី​ ១១ វិច្ឆិកា​។

លោក​ ផាម មិញជិញ ​(Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែវិច្ឆិកា ផងដែរ ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៨ ដល់ទី ​៩ ខែវិច្ឆិកា ហើយក៏​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ផងដែរ​។

ជាមួយ​គ្នា​នេះ​គណៈប្រតិភូ​ឧត្តមមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក​ Dato Erywan Pehin Yusof រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទី​ ២ នៃ​ប្រទេស​ប្រ៊ុយណេ លោក​ Don Pramudwinai ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​លោក​ Tan Sri Azhar Azizan Harun បេសកជន​ពិសេស តំណាង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob ក៏បាន​មកដល់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។

លោក Dmytro Kuleba រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​យប់​ថ្ងៃទី​ ៨ ខែវិច្ឆិកា ដើម្បី​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​លិខិតូបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ​(TAC) ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី ១០ ខែវិច្ឆិកា​។

ក្នុងជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​វិមាន​សន្តិភាព​នា​ថ្ងៃទី​ ៩ ខែវិច្ឆិកា លោក Dmytro Kuleba បាន​អរគុណ​ដល់​លោក ​ហ៊ុន សែន ដែល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ តាមរយ:​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បង្ហាញ​កង្វល់​ចំពោះ​ស្ថានការណ៍ ដែល​បាននិង​កំពុង​កើតឡើង​នៅ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ទាមទារ​ឱ្យ​បញ្ឈប់​ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​ជាបន្ទាន់ និង​ងាក​មករក​ការចរចា​ដោយ​សន្តិវិធី​។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​ថា លោក Dmytro Kuleba បាន​អរគុណ​ដល់​លោក ហ៊ុន សែន ដែល​កម្ពុជា​បាន​ធ្វើ​ជា​សហស្ថាបនិក​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​មក​លើ​អ៊ុយក្រែន​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ពិតជា​មាន​ក្តីរំភើប និង​អបអរសាទរ​កម្ពុជា ដែល​កម្ពុជា​កន្លងទៅ​បាន​ឆ្លងកាត់​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ជាច្រើន តែ​មកដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​ទាំងអស់​នេះ ជា​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​អ៊ុយក្រែន​ចង់​បាន​»​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ធ្លាប់​ទទួលរង​ការឈ្លានពាន​។ ដូច្នេះ​កម្ពុជា​យល់​ពី​អារម្មណ៍​របស់​ប្រជាជន​អ៊ុយក្រែន​។ ជំហរ​របស់​កម្ពុជា ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន គឺ​ការ​ប្រកាន់ខ្ជាប់​ និង​គោរព គោលការណ៍ ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។

លោក​បន្ថែម​ថា​៖ «​កម្ពុជា​ប្រឆាំង​នឹង​ការឈ្លានពាន ប្រឆាំង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​ហិង្សា​មកលើ​អធិបតេយ្យ​ និង​បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ​»​។

លោក​ ហ៊ុន សែន ជូនពរ​ឱ្យ​ប្រជាជន​អ៊ុយក្រែន​ទាំងអស់​បាន​ទទួល​នូវ​សុខសន្តិភាព​ និង​ការអភិវឌ្ឍ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

ព្រះចៅ​ស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Muizzaddin Waddaulah) ព្រះមហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ បាន​យាង​មកដល់​កម្ពុជា​នា​រសៀល​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះដែរ​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ថ្លែងថា កិច្ចប្រជុំ​នាពេល​ខាងមុខ​នឹង​មាន​ការណ៍​គួរឱ្យ​ចាប់​អារម្មណ៍​ច្រើន ជាពិសេស​សម្រាប់​អ្នកសិក្សា ស្រាវជ្រាវ និង​អ្នកនយោបាយ​ជាតិ និង​អន្តរជាតិ​។ ថ្វីដ្បិតតែ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ទទួល​បាន​នូវ​សម្ពាធ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ​ក្តី ក៏​កម្ពុជា​នៅតែ​ទទួល​បាន «​ជោគជ័យ​គួរ​ជា​ទីមោទនៈ​»​។

លោក​ថា​៖ «​បញ្ហា​សំខាន់ៗ​ដូចជា បញ្ហា​មីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​សង្គ្រាម​អ៊ុយក្រែន​ជាដើម ដែល​បញ្ហា​ទាំងនេះ​សុទ្ធតែ​មាន​ការទាមទារ​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ពី​សំណាក់​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​សន្ទនា​ផងដែរ​»​។

លោក ​ថុង ម៉េងដាវិត ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ជំរុញ និង​លើកកម្ពស់​មជ្ឈភាព​អាស៊ាន ធ្វើការ​សន្ទនា និង​ពិភាក្សា​ដោយ​បើក​ចំហ ប្រកប​ដោយ​ការស្ថាបនា បរិយាប័ន្ន និង​ប្រយោជន៍​រួម​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ថ្លែងថា វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​វត្តមាន​នៃ​មេដឹកនាំ​សំខាន់ៗ​ពិភពលោក ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះ ព្រោះ​កិច្ចប្រជុំ​នេះ គឺជាកិច្ចប្រជុំ​សំខាន់​ធំ ហើយ​ខណៈ​ដែល​តំបន់ និង​ពិភពលោក​កំពុង​មាន​បញ្ហា​ក្តៅគគុក​ជាច្រើន​។

លោក​ថា វត្តមាន​របស់​មេដឹកនាំ​ពិភពលោក​សំខាន់ៗ​មកកាន់​កម្ពុជា គឺជា​ឱកាស​ ១ ដែល​ពួកគេ​អាច​យក​បញ្ហា​ទាំងអស់​មក​ពិភាក្សា​គ្នា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការតម្កល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ពិភពលោក​។

លោក​ គិន ភា ថ្លែងថា​៖ «​យើង​ឃើញ​វត្តមាន​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក ចិន និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត មកពី​អឺរ៉ុប ក៏ដូចជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​សុទ្ធតែ​ជា​តួអង្គ​សំខាន់ ដែល​អាច​រួមចំណែក​រក​ដំណោះស្រាយ​ សម្រាប់​បញ្ហា​ដែល​កំពុង​ក្តៅ​នៅក្នុង​តំបន់ និង​ពិភពលោក​»៕

វីដេអូ៖