ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា កម្ពុជា​មាន​បំណង​បង្កើន​​កិច្ចសហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​។

នេះ​បើ​យោងតាម​ខ្លឹមសារ​បទ​សម្ភាស​ដែល​លោក​រដ្ឋមន្ដ្រី​រូបនេះ​ផ្ដល់​ឱ្យ​សារព័ត៌មាន Xinhua ចុះផ្សាយ​នៅ​ទី​ ៩ ខែ​វិច្ឆិកា ខណៈ​លោក​នាយក​រដ្ឋមន្ដ្រី​ចិន លី កឺឈាង កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

តាមរយៈ​បទសម្ភាស​នេះ​លោក ឌិត ទីណា បាន​លើកឡើង​ថា​កម្ពុជា និង​ចិន​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ដ៏រឹងមាំ​។​ ផលិតផល​កសិកម្ម​របស់​កម្ពុជា​ជាច្រើន​មុខ​កំពុង​មាន​វត្តមាន និង​ទទួល​បាន​ការនិយម​គាំទ្រ​នៅលើ​ទីផ្សារ​ប្រទេស​ចិន ក្នុង​នោះ​មាន​ដូចជា អង្ករ ផ្លែចេក​ស្រស់ ផ្លែស្វាយ​ស្រស់ និង​កសិផល​ចុងក្រោយ​បង្អស់​គឺ​ផ្លែ​មៀន​ស្រស់ ដែល​ទើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ថ្មីៗ​នេះ​។

លោក ឌិត ទីណា បាន​បញ្ជាក់​​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ប្រទេស​កម្ពុជា និង​ចិន អាច​ពង្រីក​ទំនាក់​ទំនង​នៅក្នុង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ច្រើន និង​ទូលំទូលាយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​តាមរយៈ​ការស្វែងយល់​​ពី​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​ចិន និង​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការផ្គត់ផ្គង់​នូវ​តម្រូវការ​ទាំងនោះ ក៏ដូចជា ការផ្លាស់ប្ដូរ​វប្បធម៌​​រវាង​ប្រទេស​ទាំង​ ២​ ជាដើម​»​។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា សម្រាប់​និស្សិត​គួរតែ​មាន​ឱកាស​សម្រាប់​កម្មវិធី​ផ្លាស់ប្តូរ និង​អាហារូបករណ៍​ទៅ​សាកលវិទ្យាល័យ​កំពូលៗ​​របស់​ប្រទេស​ចិន ដើម្បី​សិក្សា​ចំណេះដឹង​កសិកម្ម​ថ្មីៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជា​រឿង​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត ប្រសិន​បើ​មន្ដ្រី​កសិកម្ម​កម្ពុជា​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​ទៅកាន់​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​។

ដោយឡែក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ ឱកាស​នៃ​ការចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ធុរកិច្ច​រវាង​ពាណិជ្ជករ និង​ពាណិជ្ជករ​ (B2B) ​តាមរយៈ​សភា​ពាណិជ្ជកម្ម​ផ្សេងៗ​គឺជា​រឿង​ដ៏ល្អ​ ដើម្បី​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ ២ ​ស្វែងរក​ជម្រើស​ថ្មី​ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​ព្រមទាំង​តម្រូវការ​នៃ​អ្នក​ប្រើប្រាស់​ដោយផ្ទាល់​។ នេះ​បើ​តាម​​លោក​រដ្ឋមន្ដ្រី ឌិត ទីណា​។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ដ្រី​ក៏បាន​លើក​ទឹកចិត្ត​ក៏ដូចជា​ជំរុញ​​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​សិក្សា​ ​សម្រាប់​កសិករ​ខ្មែរ​ ដើម្បី​ស្វែងយល់ និង​ទាញយក​ចំណេះដឹង​ដ៏ច្រើន​ពី​វិស័យ​កសិកម្ម​ជឿន​លឿន​នៃ​ប្រទេស​ចិន​ផងដែរ​។

ចំពោះ​ការនាំចេញ​កសិផល​របស់​កម្ពុជា​ទៅ​ចិន លោក ឌិត ទីណា បាន​ថ្លែងថា ចាប់ពី​ឆ្នាំ ​២០១៩ ដល់​ចុងខែ​មិថុនា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​សរុប​ចំនួន​ ២,៤ ​លាន​តោន​ដែល​មាន​តម្លៃ​សរុប​ចំនួន​ ១,៩៤ ​ពាន់​​លាន​ដុល្លារ​អាមេរិក​។ បើតាម​លោក ឌិត ទីណា ទិន្នន័យ​នេះ​បញ្ជាក់​ថា ទីផ្សារ​ចិន នៅតែ​មាន​សក្ដានុពល​ច្រើន​ក្នុង​ការស្រូប​យក​ផលិតផល​កសិកម្ម​កម្ពុជា​កាន់តែ​ច្រើន ហើយ​ថា ប្រទេស​ទាំង​ ២ ​មិនទាន់​បាន​ប្រើប្រាស់​សក្តានុពល​អតិបរមា​ក្នុង​វិស័យនេះ​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៃ​ប្រទេស​ទាំង​ ២ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ស្វែងរក​មធ្យោបាយ​ថ្មីៗ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅនឹង​សក្តានុពល​ដែល​យើង​មាន​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា កម្ពុជា​​អាច​ធានា​បាន​នូវ​គុណភាព​ផលិតផល​សមស្រប​តាម​តម្រូវការ និង​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ដោយ​បាន​អះអាង​​ថា ផលិតផល​កសិកម្ម​កម្ពុជា​ជាច្រើន​ត្រូវ​បាន​ដាំដុះ​តាម​បែប​​សរីរាង្គ និង​សម​នឹង​តម្រូវការ​របស់​អតិថិជន​ចិន​។ ទន្ទឹម​នឹង​​នោះ លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​​ពី​បំណង​ចង់ឃើញ​ការវិនិយោគ​​របស់​ចិន​បន្ថែមទៀត​ក្នុង​វិស័យ​កសិកម្ម​ ដោយ​លោក​ថា សហគ្រាស​ចិន​មាន​បទពិសោធ​ច្រើន​ក្នុង​វិស័យនេះ​។

លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន សម្រាប់​ការវិនិយោគ​ថ្មីៗ​នៅក្នុង​វិស័យ​កសិកម្ម​ ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​»​។

នៅក្នុង​ខ្លឹមសារ​កិច្ចសម្ភាសន៍​ដដែល លោក​ ឌិត ទីណា ក៏​​បាន​លើកឡើង​ពី​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ​(RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CCFTA) ​សម្រាប់​ការអភិវឌ្ឍ​​វិស័យ​កសិកម្ម​កម្ពុជា​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា RCEP និង​ CCFTA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​។ ​សម្រាប់​រូប​លោក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ ២ មិន​ត្រឹមតែ​រួមចំណែក​ជួយ​ដល់​កំណើន​នៃ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​សុខុមាលភាព និង​វិបុលភាព​ដល់​កសិករ​ផងដែរ​៕