ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រា​យុធ ចាន-អូ​ចា នា​យក​រដ្ឋ​មន្ត្រី​ថៃ​បាន​ឯកភាព​គ្នា​ពង្រឹង​ការត​ភ្ជាប់​គមនា​គមន៍​ទាំង​ផ្លូវ​គោកនិង​ផ្លូវដែក​ព្រម​ទាំង​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ដោះ​មីន​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង ​២ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចំពោះ​ប្រជា​ជន​នៅ​តាម​ព្រំដែន​។​

​ការ​ឯក​ភាព​នេះ​ធ្វើ​ឡើង​ក្នុ​ងជំនួប​រវាង​មេដឹក​នាំ​ទាំង​ ២ កាលពី​ថ្ងៃទី​ ១០ ​ខែវិច្ឆិកា​ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដែលលោកចាន​អូ​ចា​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះមេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អាស៊ាន​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​និង​វិស័យ​អប់រំ ​វិស័យ​ទេស​ចរណ៍ ពាណិជ្ជ​កម្ម សន្តិ​សុខ ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​សំណល់​រឹង​ក្នុង​សមុទ្រ ការ​តភ្ជាប់ និង​បញ្ហា​នៃ​ការ​ដោះ​មីន​ជា​ដើម​។

​ហ្វេស​ប៊ុក​លោក ​ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​ថា​៖ «​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង ​២ ក៏បាន​ឯក​ភាព​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ កា​រត​ភ្ជាប់​គមនា​គមន៍​ទាំង​ផ្លូវគោក ​ផ្លូវ​ដែក និង​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​ដោះ​មីន​លើ​ទីតាំង​នៅ​តាម​ព្រំដែននៃ​ប្រទេស​ទាំង​ ២ ដើម្បី​ជម្លៀស​គ្រោះ​ថ្នាក់​ បង្កើត​គ្រោះ​ថ្នាក់​ណា​មួយ​ចំពោះ​ប្រជាជន​នៅ​តាម​ព្រំដែន​»​។

​មេដឹក​នាំ​ទាំង​ ២ ​បាន​ឯកភាព​គ្នា​នៅក្នុង​ការ​រក្សា​តួនាទី​ស្នូល​និង​មជ្ឈ​ភាព​អាស៊ាន​ និង​បាន​ឯក​ភាព​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​អប់រំ​ បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​សំដៅ​កសាង​ធនធាន​មនុស្ស​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ស្រប​តាម​ការ​វិវត្ត​របស់​សង្គម​នា​ពេល​បច្ចុប្បន្ន​។

​មេដឹ​កនាំ​ទាំង​ ២ ​ក៏​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ទេសច​រណ៍តាមរយៈ​គោល​ការណ៍​ប្រទេស​២​គោលដៅ​ទេសចរ​ ១ និង​ការជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម​តាម​រយៈ​ការស្វែង​រក​សក្តានុ​ពល​លើ​ការធ្វើ​ពាណិជ្ជ​កម្ម​លើ​វិស័យ​ផ្សេងៗ​ទៀត ​ជាពិសេស​លើ​វិស័យ​កសិកម្មដើម្បី​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង ​២ ​ឱ្យ​បាន​ដល់​ ១៥​ ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អា​មេរិក​។

​ប្រភព​ដដែល​បន្ត​ថា មេដឹក​នាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២​ ក៏​ឯកភាព​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​សន្តិ​សុខ​នៅ​តាម​ព្រំដែន បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ និង​សំណល់​រឹង​នៅ​ក្នុង​សមុទ្រ​៕