ភ្នំពេញៈ អាស៊ាន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​ក្តៅ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ដោយ​សហការ​គ្នា​ដើម្បី​ជំរុញ​រាល់​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឱ្យ​ប្រសើរ ខណៈ​មុន​កិច្ចប្រជុំ​ពេញអង្គ​ចាប់ផ្ដើម​លោក​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​អាស៊ាន​ និង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ ដែល​មកដល់​កម្ពុជា​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរម​រាជវាំង។​

​បណ្តា​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដែល​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​គឺមាន​តែ ៩ ប្រទេស​ប៉ុណ្ណោះ ខណៈ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា មិន​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ប្រជុំ ដោយសារ​តែ​អនុវត្ត​មិន​បាន​ពេញលេញ​នូវ​គោលការណ៍​កុងសង់ស៊ីស ៥ ចំណុច។​

​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ដែល​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១១ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​មាន​ព្រឹត្តិការណ៍​ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​លើក​ទី៤១ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី២៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី២៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី២៣ ,​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក ៣ លើក​ទី២៥, កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប ៣០ ឆ្នាំ​ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី១០,​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​លើកទី២, កិច្ចប្រជុំ​កំពូល​រំព្ញក​ខួប​នៃ​ទំនាក់ទំនង​អាស៊ាន​-​កាណាដា​,​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការ​សហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា លើកទី១៧ ផងដែរ។​

​លោក​ គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និង​ជា​អ្នក​នាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានថ្លែងថា បញ្ហា​ដែល​បាន​ឡើង​មកដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន តែងតែ​ជា​បញ្ហា​លំបាក ប៉ុន្តែ​មក​ទល់​ពេលនេះ រាល់​បញ្ហា​ប្រឈម​ទាំងអស់ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​បាន​ដាក់​ចេញ​នូវ​គោលជំហរ​ក៏ដូចជា​ការ​យល់​ឃើញ​រួមទាំង​ការផ្តល់​ជា​ដំណោះស្រាយ​ផងដែរ។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា លោក​បាន​ថ្លែងថា នៅពេល​កម្ពុជា​ចាប់ផ្ដើម​ធ្វើជា​ប្រធាន​អាស៊ាន​ភ្លាម គឺមាន​បញ្ហា​ប្រឈម​មួយចំនួន​រួច​ទៅហើយ​។​ឧទាហរណ៍​បញ្ហា​នៅ​មីយ៉ាន់ម៉ា​និង​បញ្ហា​អ៊ុយក្រែន​ជាដើម​។​ក្នុងពេល​ជាមួយ​គ្នានេះ ប្រទេស​នានា​កំពុងស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ងើប​ឡើង​វិញ​ចេញពី​ផល​ប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បញ្ហា​សកល​មួយ​ចំនួន​ទៀត បាន​បង្ក​នូវ​ភាព​មិន​ច្បាស់លាស់​ទៅ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ងើប​ចេញពី​វិបត្តិ​កូវីដ ១៩ នេះ។​

​លោក ​គង់ ភោគ ថ្លែងថា​៖ «​ប៉ុន្តែទោះបីយ៉ាងណា​ក៏ដោយ ខ្ញុំ​អាច​និយាយបាន​ថា អាស៊ាន​គឺមាន​ការ​គិតគូរ​វែង​ឆ្ងាយ ហើយ​ក៏បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងអស់​នោះ​។ ​អ្វីដែល​សំខាន់​សម្រាប់​យើង​ គឺ​ធ្វើ​យ៉ាងណា​យើង​សហការគ្នា​ទៅវិញ​ទៅមក​ ដើម្បី​ជំរុញ​រាល់​របៀបវារៈ ​និង​ការងារ​អាទិភាព​ទាំងអស់​នោះ​ឱ្យ​ទៅមុខ»។​

​អ្នកនាំពាក្យ​រូបនេះ​បន្តថា ចំ​ពេលដែល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាល​ពី​ខែ​សីហា គឺមាន​បញ្ហា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទៅទៀត​។ ដោយ​ឡែក​បញ្ហា​មួយ​ចំនួន​មាន​រយៈពេល​យូរ​ឆ្នាំ​ឬ​ទសវត្សរ៍​រួចមក​ហើយ ឧទាហរណ៍​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ សមុទ្រ​ចិន​ខាងត្បូង ជាដើម​។​ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា ក៏មាន​បញ្ហា​ដែល​មិនមែន​ជា​សន្តិសុខ​ប្រពៃណី​ឧទាហរណ៍​ការប្រែប្រួល​អាកាសធាតុ​ជាដើម។​

​មន្ត្រីការទូត​រូបនេះ​បន្តថា​៖ «​ប៉ុន្តែ​ជារួម ខ្ញុំ​អាច​និយាយបានថា រាល់​បញ្ហា​ទាំងអស់​នេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​សមាជិក​អាស៊ាន​ដទៃទៀត​ដើម្បី​ធ្វើការ​ឆ្លើយតប​។ ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​អ៊ុយក្រែន​ក្នុងនាម​យើង​ជា​ប្រធាន​អាស៊ាន​យើង​បានចេញ​សេចក្ដី​ថ្លែងការណ៍​ហូរហែ ដើម្បី​រំលេច​ពី​សារៈសំខាន់​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​ទីនោះ ពី​ផល​ប៉ះពាល់​នៃ​អំពើហិង្សា​និង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ»។​

​លោក​គង់ ភោគ បាន​រំឭកថា កម្ពុជា​ក៏បាន​ចូលរួម​គាំទ្រ​ដល់​សេចក្តីសម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ (​អ​.​ស​.​ប​) រហូត​ទៅដល់​ចំនួន ៣ នៅ​អ​.​ស​.​ប ហើយ​កម្ពុជា​ក៏បាន​បង្ហាញ​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​ ដែលថា បញ្ហា​នេះ​គឺ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី។​

​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន​នេះ​នឹង​ចាប់ផ្តើម​ដោយ​មិនមាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​កម្ពុជា​បាន​អញ្ជើញ​តែ​តំណាង​មិន​នយោបាយ​របស់​ប្រទេស​នេះ តែ​មីយ៉ាន់ម៉ា​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម។ លោក​បញ្ជាក់ថា មក​ទល់​ពេល​នេះ​មាន ២៩ ប្រទេស និង​ស្ថាប័ន នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ហើយ​ស្ថាប័ន​ដែល​មិន​បាន​ចូលរួម ដោយសារ​មមាញឹក​ជាមួយ​ការងារ​ផ្សេង​ទៀត​។​ដោយ​ឡែក ដៃគូ​ដែល​ត្រូវ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​គឺ​មក​គ្រប់គ្នា។​

​លោក​ គង់ ភោគ ថ្លែងថា​៖ «​ការអញ្ជើញ​របស់​យើង​ទៅដល់​ថ្នាក់ដឹកនាំ​កំពូល​ក៏ដូចជា ថ្នាក់​ដឹកនាំ​របស់​ស្ថាប័ន​អន្តរជាតិ​គឺមាន​ការទទួល​ស្វាគមន៍ ហើយ​អញ្ជើញ​មក​គ្រប់គ្នា​នៅពេល​ដែល​យើង​កំពុង​តែមាន​កិច្ចប្រជុំ​កំពូល​ផ្សេង​ទៀត​នៅក្នុង​តំបន់​ផងដែរ​។​បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ហើយ គឺមាន​ជួបប្រជុំ G20 ហើយ​ក៏មាន​កិច្ចប្រជុំ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​។ ​អ៊ីចឹង​ធម្មតា​ថ្នាក់​ដឹកនាំ​គឺ​ត្រូវ​លៃ​ពេល​ថា​ទៅ​កិច្ចប្រជុំ​មួយណា​ចោល​មួយណា ពីព្រោះ​ជារួម​គឺ​គាត់​មិន​អាច​នៅ​ឆ្ងាយ​ពី​ប្រទេស​របស់​គាត់​យូរទេ»។

​លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា បាន​ចុះ​ហត្ថលេខា​លើ​លិខិតូ​បករណ៍​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) របស់​ប្រទេស​អ៊ុយក្រែន ដោយ​មាន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា រដ្ឋមន្ត្រីការ​បរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​និង​អគ្គលេខាធិការ​អាស៊ាន លោក Lim Jock Hoi ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។

​នា​ថ្ងៃទី ១០ ខែវិច្ឆិកា លោក ហេង​ សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អន្តរ​សភា​អាស៊ាន (AIPA) ចូលរួម​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន​និង AIPA ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បញ្ហា​ដែល​កំពុង​ក្តៅ គឺជា​ប្រធានបទ​ដែល​ត្រូវ​ពិភាក្សាគ្នា​យ៉ាង​ក្តៅគគុក​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នេះ​។​ បញ្ហា​មីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ក៏ដូចជា​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​សុទ្ធតែ​ជា​បញ្ហា​ក្ដៅៗ ក៏ដូចជា បញ្ហា​កំពុងតែ​តានតឹង​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។​

​លោក​ថ្លែងថា​៖ «​ទាំងអស់​ហ្នឹង​វា​ជះឥទ្ធិពល​ជា​បច្ច័យ​អាក្រក់​ច្រើនណាស់​សម្រាប់​តំបន់ និង​ពិភពលោក​ពាក់ព័ន្ធ​ជាមួយ​នឹង​វិបត្តិ​ស្បៀង​អាហារ វិបត្តិ​ថាមពល អតិផរណា​ដ៏​អាក្រក់​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​ក្នុង​ពិភពលោក​របស់​យើង​នេះ​។​បញ្ហា​ការ​បំពុល​បរិស្ថាន​ហ្នឹង​ក៏​ជារឿង​ក្តៅ​ដែល​ត្រូវ​ពិភាក្សា​ដែរ»។​

​លោក​ គិ​ន ភា បន្តថា វត្តមាន​នៃ​មេដឹកនាំ​កំពូល​ពិភពលោក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ គឺ​សំខាន់​ណាស់​សម្រាប់​អាស៊ាន ជាពិសេស​សម្រាប់​កម្ពុជា​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​សម្រប​សម្រួល​ឱ្យមាន​វត្តមាន​នៃ​មេ​ដឹកនាំ​ពិភពលោក​សំខាន់ៗ ជា​មុខមាត់ និង​តួនាទី​ដ៏មាន​សារៈសំខាន់​របស់​កម្ពុជា​ផងដែរ​នៅ​ក្នុង​កិច្ចការ​តំបន់​និង​ពិភពលោក៕​

វីដេអូ៖