ភ្នំពេញៈ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ខណៈដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី ១៩ របស់​រដ្ឋាភិបាល​ចិន គឺជា​បង្អែក​ជួយ​ឱ្យ​កម្ពុជា​ឆ្លង​ផុតពី វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ រហូត​ឈាន​ដល់​ការ​បើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ។​

​ក្នុងជំនួប​ទ្វេភាគី រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កេឈាង ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ភាគី​ទាំង ២ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​-​ចិន​ចំនួន ១៨ ច្បាប់​កាលពី​រសៀល​ថ្ងៃទី ៩ វិច្ឆិកា នៅ​វិមាន​សន្តិភាព។​

​សេចក្តីប្រកាស​របស់រ​ដ្ឋា​ភិ​បាលឱ្យដឹងថា ការចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា មាន​ចំនួន ២ ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិញ្ញាបនបត្រ​ប្រគល់​ទទួល​គម្រោង​ស្តីពី​ការ​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ មក​កម្ពុជា និង​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ឱសថ​បុរាណ​ចិន កម្ពុជា​-​ចិន។​

​ក្រៅពី​កិច្ចព្រមព្រៀង​ទាំង ២ នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងថា ភាគី​ចិន បាន​ធ្វើជា​បង្អែក ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​កូវីដ ១៩ ដល់​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​បាន​ឆ្លង​ផុតពី​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ បើក​ប្រទេស​ឡើង​វិញ និង​បើក​សេដ្ឋកិច្ច​ឡើងវិញ។​

​លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​នាពេល​នេះ គឺ​បាន​ពង្រឹង​បន្ថែម​ទៀត នូវ​កិច្ចសហ​ប្រតិបត្តិការ ការ​ទំនាក់​ទំនង​ជា​ទ្វេភាគី ជាពិសេស​ផ្តោត​លើ [​ការបង្កើន​] ពាណិជ្ជកម្ម ពង្រឹង​សេដ្ឋកិច្ច ការវិនិយោគ និង​ការអភិវឌ្ឍ​ទៅ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ដូច​អ្វីដែល​កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា លើ​ឯកសារ​សំខាន់ៗ ចំនួន ១៨»។​

​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ធ្លាប់បាន​លើកឡើងថា ការបញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​បុរាណ​ចិន​មក​កាន់​កម្ពុជា នឹង​ជួយ​លើក​កម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង ២ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩  និង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ចំណង​មិត្តភាព រវាង​ចិន និង​កម្ពុជា​។ លោក​អះអាង​ថា ក្រុម​វេជ្ជសាស្ត្រ​ចិន មិន​ត្រឹមតែ​ជួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឱសថ​បុរាណ​របស់​កម្ពុជា​ផងដែរ។​

​រដ្ឋាភិបាល​ចិន​ក៏​ធ្លាប់បាន​អះអាងថា មជ្ឈមណ្ឌល​ឱសថ​បុរាណ​ចិន កម្ពុជា​-​ចិន ដែល​គ្រោង​បង្កើត​នៅ​កម្ពុជា នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា ហើយ​វា​នឹង​បង្កើត​ជា​មូលដ្ឋាន​ក្នុងការ​បង្កាត់​ពូជ សម្រាប់​ឱសថ ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ក្នុង​ស្រុក​ផងដែរ។​

​កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ ២០២២ ក្រុមគ្រូពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ចំនួន ១២ នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា ហើយ​ពួកគេ​គឺជា​ក្រុម​ពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ថ្នាក់ជាតិ​របស់​ចិន​ដំបូង​គេ ដែល​ប្រទេស​ចិន​ចាត់​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​។ នេះ​បើតាម​ការ​អះអាង​របស់​ក្រសួង​សុខាភិបាល។

​លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ក​ម្ពុ​ជា និយាយថា ការ​ពង្រឹង​វិស័យ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​របស់​កម្ពុជា​-​ចិន​ពី​វិស័យ​វិនិយោគ រហូតដល់​វិស័យ​សុខាភិបាល​នេះ គឺ​មិនមាន អ្វីដែល​អាក្រក់​ទេ​។ ប៉ុន្តែ​លោក​ចង់ឱ្យ​ភាគី​ម្ចាស់​ប្រទេស គឺ​កម្ពុជា គួរ​ពិនិត្យ​មើល​ឡើងវិញ​នូវ​អ្វីៗ ដែល​មាន​កន្លងមក ជាពិសេស គឺ​ចំណុច​ខ្វះខាត។​

​លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​របស់​ចិន​មក​កម្ពុជា គឺមាន​ផលប៉ះពាល់​ដែល​មិនល្អ ហើយ​ក៏មាន​ផល​ល្អ​ខ្លះ​ដែរ​។ អ៊ីចឹង​យើង​គួរ​ពិនិត្យមើល និង​កែលម្អ​នីតិវិធី ឬក៏​អ្វី ដែលជា​អនុស្សាវរីយ៍​ជាមួយគ្នា ដែល​មិនល្អ​នៅ​ឡើយ»។

​លោក​បន្តថា​៖ «​នៅពេល​មានការ​សិក្សា ស្វែងយល់​អំពី​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការវិនិយោគ​ក្នុង​ពេល​បច្ចុប្បន្ន វា​បាន​ផ្តល់​ជាការ​តម្រង់​ទិស​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ទៀត សម្រាប់​វិស័យ​សុខាភិបាល។ បើសិន​ជា​ចំណុច​ខ្វះខាត​ទាំង​អម្បាលម៉ាន​មិនត្រូវ​បាន​កែលម្អ​ទេ យើង​បារម្ភ​ខ្លាច​ថា ទំនាក់ទំនង​នេះ មាន​តែ​រូបភាព​ធំៗ ប៉ុន្តែ​គុណភាព​អាច​មាន​ការ​ខ្វះខាត»។​

​តាម​សេ​ក្តី​ជូន​ព័ត៌មាន​ស្តីពី​ការសរុប​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា សម្រាប់​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បាន​បង្ហាញថា អត្រា​ឆ្លង​ថ្មី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា នៅតែ​មិនមាន ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ២ នាក់។​

​គិត​ត្រឹម​ខែមីនា កម្ពុជា​បានទទួល​ជំនួយ​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ពី​ប្រទេស​ ចិន​ជាង ២៨ លាន​ដូស ហើយ​កម្ពុជា​ក្លាយជា​ប្រទេស ១ នៅលើ​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​លើសលប់។ ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង គឺមាន ៩៥,១២% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ ២០២២៕