ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី ២ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ជាង ១ ៦០០ លានដុល្លារ។​

​នៅ​ថ្ងៃទី ១០ វិច្ឆិកា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ (FA) សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) នៅ​ទីស្តីការ​ក្រសួង។​

​ក្នុងឱកាស​នោះ លោក ស៊ុន​ ចាន់ថុល ​ថ្លែងថា ផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី ២ ដែល​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០២៣ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ ២០២៦ ឬ​ដើមឆ្នាំ ២០២៧ ហើយ​គម្រោង​មួយ​នេះ នឹង​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ១ ៦៣៨ លានដុល្លារ​។ លោក​ថា​៖ «​ផ្លូវ​នេះ​មាន​ចម្ងាយ ១៣៨ គីឡូម៉ែត្រ និង​ត្រូវធ្វើ​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ដ៏វែង​មួយ ដែល​គិត​ទាំង​ស្ពាន និង​ផ្លូវ​ប្រហែល​ជា ៥ គីឡូម៉ែត្រ ហើយ​ថវិកា​ដែល​គ្រោង​បណ្តាក់ទុន​ប្រមាណ ១ ៦៣៨ លាន​ដុល្លារ ដែល​មាន​ទំហំ​តិចជាង​ផ្លូវ​ល្បឿន​លឿន​ទៅ​ក្រុង​ព្រះសីហនុ​។ តែ​ប្រវែង​ផ្លូវ​ក៏​ខ្លី​ជាង​ផ្លូវ​ល្បឿន​លឿន ក្រុង​ព្រះសីហនុ​ផងដែរ»។​

​លោក ស៊ុន ចាន់ថុល បានឱ្យ​ដឹង​ទៀតថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ធ្វើឱ្យ​បាន​រួចរាល់​ដំណាលគ្នា​នឹង​ផ្លូវ​ល្បឿន-លឿន​ពី​ក្រុង​ហូជីមិញ មក​ម៉ុកបៃ ដើម្បី​ធ្វើ​ការ​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា​។ លោក​បាន​ចាត់ទុក ផ្លូវ​ល្បឿន​លឿនទី ២ នេះ​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​តភ្ជាប់​ពី​ប្រទេស​ចិន មក​ភូមា មក​ថៃ មក​កម្ពុជា និង​តទៅ​ប្រទេស​វៀតណាម តាមរយៈ​ផ្លូវ​អាស៊ាន​លេខ ១។

​លោក​បញ្ជាក់​បន្ថែមថា​៖ «​ចំពោះ​ទីតាំង​ដែល​យើង​ដាក់​បង្ហាញឱ្យ​ឃើញ​ជាមួយគ្នា គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ គឺ​ផ្លូវ​ល្បឿន​លឿន​វៀតណាម​រត់​មក​តាម​ផ្លូវ​លេខ ២២ របស់​គាត់ តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​របស់​យើង​ត្រង់​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ ១៦៤​។ យើង​រៀបចំ​ជា​លាយលក្ខណ៍​អក្សរ​ដើម្បី​រៀបចំ​ប្លង់​ឱ្យបាន​ត្រឹមត្រូវ​បន្ថែម​ទៀត»។​

​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​ពង្រីក​ផ្លូវ​អាស៊ាន​លេខ ១ របស់ខ្លួន ពី ២ គន្លង​ទៅ ៤ គន្លង ពី​ក្រុង​ប៉ោយប៉ែត​មក​ភ្នំពេញ និង​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត តាមផ្លូវ​ល្បឿន​លឿន​ខ្សែទី ២ នេះ ដើម្បី​ធ្វើឱ្យ​ទំនាក់​ទំនង​ទំនិញ​និង​អ្នកដំណើរ​តាំងពី​ចិន រហូត​ដល់​វៀតណាម អាច​ឆ្លងកាត់​បាន​។ នេះ​បើតាម​លោក​ស៊ុន ចាន់ថុល។​

​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១០ វិច្ឆិកា ២០២២ លោក Chen Fenjian ប្រធាន​ក្រុមហ៊ុន​មេ របស់​ក្រុមហ៊ុន (CRBC) បាន​ថ្លែង​អំណរគុណ​ដល់​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ ដល់​ក្រុមហ៊ុន​និង​ឈាន​ដល់​ការចុះ​ហត្ថលេខា​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​ដែលជា​គម្រោង​តភ្ជាប់​ដ៏ធំ​ពី​ភ្នំពេញ​ទៅ​កាន់​ច្រក​ព្រំដែន​ប្រទេស​វៀតណាម​និង​តភ្ជាប់​ទៅកាន់​ផ្លូវ​ល្បឿន​របស់​វៀតណាម​ឆ្ពោះ​ទៅកាន់​ទីក្រុង​ហូជីមិញ​ដែលជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន​របស់​អាស៊ាន។

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ខាង​លើ​នេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ក្នុង​ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជាពិសេស​ក៏​នឹង​ជួយ​លើក​កម្ពស់​សកម្មភាព​ពាណិជ្ជកម្ម កម្ពុជា និង​វៀតណាម តាមរយៈ​លំហូរ​ចរាចរណ៍ និង​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំង ២ ផងដែរ។​

​បើតាម លោក Chen ក្រុមហ៊ុន CRBC បាន​ជោគជ័យ​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​ព្រះសីហនុ តាមរយៈ​ទទួល​បាន​ការគាំទ្រ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា ដោយ​ផ្លូវ​នេះ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង ២ កាល​ពី​ថ្ងៃទី ៩ វិច្ឆកា។

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​ផ្លូវ​ល្បឿន​លឿនទី២ របស់​កម្ពុជា ភ្នំពេញ​-​បាវិត តាមរយៈ​កិច្ច​ព្រមព្រៀង​ថ្មី​នៅ​ថ្ងៃទី ១០ វិច្ឆកា​នេះ​។ លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត នឹង​បញ្ចប់​ទៅតាម​ការ​គ្រោងទុក និង​បន្ត​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត នៅ​ពេល​ខាងមុខ ដើម្បីឱ្យ​ដំណើរការ​សាងសង់​ឱ្យមាន​ភាពរលូន ដោយ​ឈរលើ​ទំព័រ​ថ្មី​នៃ​កិច្ចសហ​ប្រតិបត្តិការ និង​មិត្តភាព​នៃ​ប្រទេស​ទាំង ២»។​

​ទន្ទឹមនឹង​ការប្រកាស​គម្រោង​ផ្លូវ​ល្បឿន​លឿនទី២ នេះ ក្រសួង​សាធារណការ​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល ៩ ថ្ងៃ នៃ​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​គឺមាន​យានយន្ត​ប្រមាណ ១០ ម៉ឺន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍។​

​លោក ហ៊ាង សុធា​យុ​ត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១០ វិច្ឆិកា​ថា តួលេខ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៩ វិច្ឆិកា គឺមាន​ជាង ១០ ម៉ឺន​គ្រឿង​។ បើ​ប្រៀប​ធៀប​តួលេខ​នេះ ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ខែតុលា គឺ​ឃើញថា មាន​ការ​កើន​ឡើង​បើ​ទោះបី​ជាការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ចាប់ផ្តើម​គិតថ្លៃ​សេវា​ក៏ដោយ។

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ មិនមាន​អ្វី​គួរ​ជាទី​កត់សម្គាល់​នោះ​ទេ គឺ​ក្នុង​ពេលនេះ មាន​តែ​ករណី​ឆេះ​រថយន្ត​រហូត​ខ្ទេច​នៅលើ​ដងផ្លូវ​នោះ ព្រោះ​រថយន្ត​នេះ យើង​រកឃើញ​ថា បាន​ខកខាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ទៀងទាត់»។

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​ទេសចរណ៍ និង​កំពង់ផែ​សមុទ្រ​ធំ​បំផុត នៅ​ក្រុង​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២២ ខែ​មីនា ឆ្នាំ ២០១៩ តភ្ជាប់​ពី​សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ទៅ​ដល់​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្តកោះកុង។

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រូវបាន​បែងចែក​ជា ៣ គន្លង​ទៅ និង ៣ គន្លង​មក ដែល​ក្នុង​នោះ​រួមមាន​៖ គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា គន្លង​ផ្លូវ​សម្រាប់​វ៉ា​ជែង និង​គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់ ដោយ​មាន​ការ​កំណត់​ល្បឿន​ក្នុងការ​បើកបរ ទៅតាម​ប្រភេទ​យានយន្ត ចន្លោះ​ពី ៦០ គីឡូម៉ែត្រ ដល់ ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង៕​