​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការថែរក្សា​ឯកភាព សាមគ្គីភាព និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន​គឺជា​អាទិភាព​ចម្បង​បំផុត ដើម្បី​ធានា​ឱ្យ​តំបន់​អាស៊ាន​មាន​ចីរភាព និង​ភាព​ធន់​សម្រាប់​ព្រឹត្តិការណ៍​ដែល​អាច​កើតមាន​នាពេល​អនាគត​។​

​លោក​ថ្លែងថា ខណៈ​អាស៊ាន​ធ្វើដំណើរ​ទៅមុខ អាស៊ាន​ក៏​មិនត្រូវ​ភ្លេច​នូវ​អតីតកាល និង​គុណ​តម្លៃ ដែល​អាស៊ាន​បាន​កសាង និង​ថែរក្សា​នោះទេ​។ លោក​ជឿជាក់ថា បាវចនា​របស់​អាស៊ាន «​អាស៊ាន ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ និង​សហគមន៍​តែមួយ​» នៅតែ​មានគុណ​តម្លៃពិត​ប្រាកដ​នាពេលនេះ​។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង ៤១ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា​។​

​លោក​អំពាវនាវ​ដល់រ​ដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្តោតលើ​គោលបំណង​រួម​នៃ​ការអភិវឌ្ឍ​រួមគ្នា ដើម្បី​សន្តិភាព ស្ថិរភាព និង​ឧត្តមភាព​នៃ​តំបន់​អាស៊ាន ដោយ​លោក​បញ្ជាក់ថា​ទំនាក់ទំនង​របស់​រដ្ឋ​ជា​សមាជិក​ទាំងអស់​មិន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​តាមរយៈ​ការប្រឹងប្រែង ការប្តេជ្ញាចិត្ត និង​ការព្យាយាម​ជាច្រើន​ឆ្នាំ​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​ត្រូវ​ថែរក្សា និង​ដឹងគុណ​ដល់​អ្វីៗ ដែល​យើង​បាន​កសាង​។ ដូចនេះ ការថែរក្សា​ឯកភាព សាមគ្គីភាព និង​ម​ជ្ឈ​ភាព​របស់​យើង​គឺជា​អាទិភាព​ចម្បង​បំផុត ដើម្បី​ធានា​ឱ្យ​តំបន់​យើង​មាន​ចីរភាព និង​ភាព​ធន់ សម្រាប់​ព្រឹត្តិការណ៍​ដែល​អាច​កើតមាន នាពេល​អនាគត​។​

​លោក​បន្តថា ការ​រាតត្បាត​នៃ​កូ​វីដ ​១៩ បានកើត​មាន​ជិត ៣ ឆ្នាំ​ហើយ ចាប់តាំងពី​ដើមឆ្នាំ ២០២០ មក​។ ជាមួយនឹង​ការព្យាយាម និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​អាស៊ាន​នីមួយៗ និង​អាស៊ាន​ជារួម អាស៊ាន​អាច​ប្រកាស​ដោយ​មោទនភាព​ថា អាស៊ាន​បាន​យកឈ្នះ​លើ​ការ គំរាមកំហែង​ជាស​កល​នេះ ហើយ​បានចាប់ផ្តើម​ដំណើរការ​ស្តារឡើងវិញ​នូវ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​។

​លោក ហ៊ុន សែន បានលើកឡើង​ពី​ការវាយតម្លៃ និង​ព្យាករណ៍​របស់​ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​បូក​៣ (AMRO) កាលពី​ខែតុលា កន្លងទៅនេះថា រដ្ឋ​សមាជិក​អាស៊ាន​នីមួយៗ​នឹង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​វិជ្ជមាន ហើយ​តំបន់​អាស៊ាន​ទាំងមូល នឹង​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៥,៣​ភាគរយ និង ៤,៩ ភាគរយ ក្នុង​ឆ្នាំ ២០២២ និង ២០២៣ រៀង​គ្នា ដែលជា​អត្រា​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្សេងទៀត​នៃ​សកលលោក​។​

​លោក​បញ្ជាក់ថា អាស៊ាន​កំពុង​សប្បាយរីករាយ​ជាមួយនឹង​ផ្លែផ្កា​ពី​ការខិតខំ​របស់ខ្លួន​លើ​វិថី​ឆ្ពោះទៅកាន់​កំណើន​ប្រកបដោយ​ចីរភាព​នេះ តែ​ក៏​លោក​ជំរុញ​ដល់​សមាជិក​អាស៊ាន​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ពីព្រោះ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​អាស៊ាន និង​ទូទាំង​សកលលោក នៅមាន​ភាពផុយស្រួយ និង​បែកខ្ញែក​គ្នា​នៅឡើយ​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​កំពុង​ស្ថិតនៅលើ​ចំណុចប្រសព្វ​ដ៏​ស្រពេចស្រពិល​បំផុត ដែល​ជីវិត​មនុស្ស​រាប់លាន​នាក់​ក្នុង​តំបន់​ពឹង​ផ្អែកលើ​ឧ​ត្ត​ម​គតិ និង​ចក្ខុវិស័យ​វែងឆ្ងាយ គោលនយោបាយ និង​ការសម្រេចចិត្ត​ត្រឹមត្រូវ និង​អភិក្រម ដូចជា​ការយល់ឃើញ​ពី​ស្ថាប័ន​អន្តរជាតិ និង​តំបន់ ថា​តើ​តំបន់​អាស៊ាន​អាច​ឆ្លងកាត់​បញ្ហា​ប្រឈម និង​កសាង​សហគមន៍​កាន់តែ​រឹងមាំ​សម្រាប់​គ្រប់ៗ​គ្នា​បាន​យ៉ាងដូចម្តេច ?»​។​

​អាស៊ាន​នឹងដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​ខួប​លើក​ទី៥៥ នៃ​ការបង្កើត​អាស៊ាន ដែល​នឹង​ត្រូវបាន​បំពេញបន្ថែម​ដោយ​សេចក្តីថ្លែងការណ៍​២​ផ្សេងទៀត គឺ​សេចក្តីថ្លែងការណ៍​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ស្តីពី «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» និង​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​របៀបវារៈ​នៃ​ការតភ្ជាប់​អាស៊ាន ក្រោយ​ឆ្នាំ ២០២៥ ដែល​នឹងត្រូវ​បានអនុម័ត នាពេល​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុងថ្ងៃនេះ​៕​