ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ផាន់​ខាំ វិ​ផា​វ៉ាន់ (Phankham Viphavanh) បាន​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និង​ការតភ្ជាប់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ​២ ​ចាត់ទុក​វិស័យ​ទាំងនេះ​ជា​កត្តា​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

​កាលពី​ល្ងាច​ថ្ងៃទី​ ១០ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​ជួប​ជាមួយ​លោក ផាន់​ខាំ វិ​ផា​វ៉ាន់ (Phankham Viphavanh) ក្នុងឱកាស​លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​។

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា មេដឹកនាំ​ទាំង ​២ ​បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២ និង​បញ្ហា​អាស៊ាន ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​កន្លងមក​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «[​មេដឹកនាំ​ទាំង ​២] បាន​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​លើ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ ថាមពល និង​ការតភ្ជាប់ ដែលជា​កត្តា​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២»​។

​លោក ហ៊ុន សែន និង​លោក វិ​ផា​វ៉ាន់ បាន​ឯកភាពគ្នា​ថា​នឹង​បន្ត​សហការគ្នា ដើម្បី​រក្សា​សាមគ្គីភាព និង​ម​ជ្ឈ​ភាព​អាស៊ាន​៕​