ភ្នំពេញៈ បទល្មើស​ជលផល​ក្នុង តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​តែ បន្ត​កើត​មាន បើ​ទោះបី​ជា​មាន​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​យ៉ាងណា​ក៏ដោយ ពិសេស​បទល្មើស​ហ៊ុម​សម្រាស់​ដែល​ប្រើ​របាំង​ស្បៃ​មុង សាច់​អួន និង​ឧបករណ៍​ឆក់ ដែល​ច្បាប់​ហាមឃាត់​នៅ​តែ​បន្ត​កើត​មាន នៅ​តាម​តំបន់​ព្រៃរនាម​លិចទឹក។

​លោក​អ៊ឹង ទ្រី អ្នកនាំពាក្យ​រដ្ឋបាល​ជលផល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល ១០ ខែ នៃ​ឆ្នាំ ២០២២ នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ជាតិ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បាន​បង្ក្រាប​រឹបអូស​វត្ថុតាង​នៃ​បទល្មើស រួមមាន ឧបករណ៍​អួន​អូស​ទឹកសាប ៤០ វង់ ម៉ាញ់ ១៤ វង់ ឆក់​ត្រជាក់ និង​ក្តៅ ១ ៣០៤​ គ្រឿង ឈិប​យន្ត ២១-​គ្រឿង អួន​ហ៊ុម ១៧ វង់ របាំង​ស្បៃមុង​និង​សាច់អួន ៦៤០ ០២០ ម៉ែត្រ លូ​និង​លប ៦ ១៨៣ មាត់ បង្គោល​ ចម្រឹង (​ឈើ និង​ឫស្សី​) ៣៣៦- ៧៥៦​ដើម កាណូត ១១១ គ្រឿង និង​ម៉ាស៊ីន (​សម្រាប់​អូស​ទាញ​សាច់​អួន​និង​ម៉ាញ់) ៤៨ គ្រឿង។​

​លោក​បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ សមត្ថកិច្ច​យើង​បាន​បង្ក្រាប​ចាប់​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្ដែង​ចំនួន ៥៨ នាក់​បញ្ជូន​ទៅ​តុលាការ​។ ក្នុងនោះ​ជនសង្ស័យ ២៦ នាក់​ត្រូវបាន​តុលាការ​សម្រេច ឃុំខ្លួន ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី ១ ឆ្នាំទៅ ៣ ឆ្នាំ ដោយ​ចោទ​ប្រកាន់​តាម​ប្បញ្ញត្តិ​មាត្រា ៨៩ នៃ​ច្បាប់​ជលផល»។​

​បើតាម​លោក​អ៊ឹ​ង ទ្រី ខេត្ត​ពោធិ៍សាត់ ត្រូវបាន​គេ​កត់សម្គាល់ ឃើញ​មាន​ភាព​សកម្ម ក្នុង​ការចុះ​ បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​ជាងគេ ចាប់តាំង​ពី​មាន​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ខែ​មីនា ឆ្នាំ ២០២២​។ គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ ២០២២ បាន​បង្ក្រាប​ចាប់​រឹបអូស​វត្ថុតាង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ រួមមាន ឧបករណ៍​ឆក់​ត្រជាក់ និង​ក្តៅ ៥២៦ គ្រឿង របាំង​ស្បៃមុង និង​សាច់​អួន​សរុប ៨៤ ០២៧ ម៉ែត្រ លូ​និង​លប សរុប ១ ៦៣៥ មាត់ បង្គោល​ចម្រឹង ៥៥ ៤១៨ ដើម កាណូត ៥ គ្រឿង និង​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ចំនួន ២០ នាក់ ក្នុង​នោះ ១៤ នាក់​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។​

​បន្ទាប់មក គឺ​ខេត្តសៀមរាប ដែល​បាន​បង្ក្រាប​រឹបអូស​វត្ថុតាង ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ ដូចជា អួន​អូស​ទឹកសាប ២៧ វង់ ម៉ាញ់ ១២ វង់ ឆក់​ត្រជាក់ និង​ក្តៅ ៨០ គ្រឿង ឈិប​យន្ត ១៧ គ្រឿង អួន​ហ៊ុម ៨ វង់ របាំង​ស្បៃមុង និង​សាច់​អួន សរុប ១៣៣ ៤៥៦ ម៉ែត្រ លូ និង​លប ៤៧២ មាត់ បង្គោល​ចម្រឹង ៦៨ ៥៣៧ ដើម កាណូត ៥៣ គ្រឿង ម៉ាស៊ីន​សម្រាប់​អូស​យាំងកាវ ២០ គ្រឿង និង​ចាប់បញ្ជូន ជនសង្ស័យ​ទៅ​តុលាការ ២៣ នាក់ ក្នុង​នោះ ៦ នាក់​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។​

​ចំណែក​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ក៏មាន​ភាព​សកម្ម​ផងដែរ ដោយ​គិត​ត្រឹម​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០២២ ដូចគ្នា ខេត្ត​កំពង់ឆ្នាំង បាន​បង្ក្រាប​រឹបអូស វត្ថុតាង ឧបករណ៍​នេសាទ​ល្មើស ឆក់​ត្រជាក់ និង​ក្តៅ ៥២៦ គ្រឿង របាំង​ស្បៃមុង​និង​សាច់​អួន​សរុប ៨៤ ០២៧ ម៉ែត្រ លូ និង​លប ១ ៦៣៥ មាត់ បង្គោល​ចម្រឹង​ចំនួន ៥៥ ៤១៨ ដើម កាណូត ៥ គ្រឿង និង​ចាប់បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ១០ នាក់ ក្នុង​នោះ ៤ នាក់ ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។

​ខេត្តកំពង់ធំ បាន​បង្ក្រាប​រឹបអូស វត្ថុតាង​ល្មើសច្បាប់ ដូចជា អួន​អូស​ទឹកសាប ១ វង់ ម៉ាញ់ ១ វង់ ឆក់​ត្រជាក់ និង​ក្តៅ ១៥ គ្រឿង អួន​ហ៊ុម ៣ វង់ របាំង​ស្បៃ​មុង និង​សាច់​អួន ១៧៥ ៩៧១ ម៉ែត្រ លូ​និង​លប ៣ ០៧៨ មាត់ បង្គោល​ចម្រឹង​ជិត ១៥ ម៉ឺន​ដើម កាណូត ៣៤ គ្រឿង ម៉ាស៊ីន ១៩ គ្រឿង និង​ចាប់បញ្ជូន​ជនសង្ស័យ ៥ នាក់​ទៅ​តុលាការ ក្នុង​នោះ ៣ នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។​

​ដោយឡែក​ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​កត់សម្គាល់​ថា ពុំ​សូវ​មាន​បទល្មើស​នេសាទ​កើត​មាន​ជា​ដុំកំភួន ទេ ដោយសារ​មានការ​ចូលរួម យ៉ាង​ផុសផុល​ពី​អាជ្ញាធរ និង​ប្រជា​សហគមន៍​មូលដ្ឋាន ក្នុងការ​រាយការណ៍​និង​បង្ក្រាប​ដោយផ្ទាល់​។ ទោះជា​យ៉ាងណា ក្នុង​រយៈពេល ១០ ខែ នៃ​ឆ្នាំ ២០២២ នេះ នៅ​ខេត្ត​បាត់ដំបង មានការ​បង្ក្រាប​ចាប់​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​នេសាទ រួមមាន ម៉ាញ់​ចំនួន ១ វង់ ឧបករណ៍​ឆក់​ក្តៅ និង​ត្រជាក់ ៦៧៥ គ្រឿង របាំង​សាច់​អួន និង​ស្បៃមុង ៧០ ៤៩០ ម៉ែត្រ លូ និង​លប ១០៣ មាត់ បង្គោល​ចម្រឹង ៣២ ៣០០ ដើម កាណូត ២ គ្រឿង និង​ម៉ាស៊ីន​សម្រាប់​អូស​យ៉ាំងកាវ ២ គ្រឿង​។ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក្រាប​រឹបអូស​វត្ថុតាង​នៃ​បទល្មើស ដូចជា​ឧបករណ៍​ឆក់ ៤ គ្រឿង របាំង​ស្បៃមុង​និង​សាច់​អួន ១៤០០ ម៉ែត្រ លូ​និង​លប ១៤៨ មាត់ និង​បង្គោល​ចម្រឹង ៤៥៩ ដើម។​

​លោក​ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង និយាយថា បើទោះជា​មាន​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង និង​ជាប់​ជាប្រចាំ​ក្ដី បទល្មើស​នេសាទ នៅ​តែ​កើត​មាន ជា​អន្លើ ដែល​ទាមទារ​ឱ្យមាន​ការ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេះ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ពី​អាជ្ញាធរ និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​ដោយផ្ទាល់។

​លោក​បញ្ជាក់ថា​៖ «​បើ​គ្មាន​ការចូលរួម​ផ្ដល់​សេចក្ដីរាយការណ៍ អំពី​សកម្មភាព នៃ​ជន​ប្រព្រឹត្ត​បទល្មើស ក៏ដូចជា​ទីតាំង ដែល​មាន​កើត​បទល្មើស​ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាន់​ពេលវេលា​នោះទេ សមត្ថកិច្ច​ជំនាញ​យើង​ក៏​មិនអាច​កំណត់​មុខសញ្ញា និង​ចុះបង្ក្រាប​បទល្មើស បាន​ដោយ​ជោគជ័យ​ឡើយ​។ បើ​បទល្មើស​ជលផល​កើត​មាន​កាន់​តែ​ច្រើន ធនធាន​មច្ឆជាតិ​របស់​យើង​ក៏​នឹង​ត្រូវ​បាត់បង់​ផងដែរ»។

​បើតាម​លោក​ជួង សុភា រដូវកាល​ត្រី​ប្រហុក អាច​នឹង​មកដល់​ក្នុង​ដើមខែ​ធ្នូ​ខាងមុខនេះ បើ​ពុំមាន ការ​ប្រែប្រួល​អាកាសធាតុ៕