ភ្នំពេញៈ កម្ពុជា​ដែល​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​បាន​សម្រេច​សមិទ្ធផល​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ប្រទេស​ចំនួន​ ៧ ​ទៀត​ចូល​ជា​ដៃគូ​សន្ទនា និង​សហប្រតិបត្តិការ​ ដើម្បី​ការរីកចម្រើន​រួមគ្នា​។ យោងតាម​លោក គង់ ភោគ អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី​ ១០ ខែ​វិច្ឆិកា​។

លោកបាន​ថ្លែងថា​៖ «​កម្ពុជា​រីករាយ​ដែល​អាច​នាំឱ្យ​អាស៊ាន​ពង្រីក​កិច្ចសន្ទនា​ជាមួយ​បណ្ដា​ប្រទេស​នានា​នៅលើ​សកលលោក​។ ​និយាយ​ទៅ​យើង​គួរតែ​មាន​មោទនភាព​ដែរ ដែល​កម្ពុជា​សម្រេច​បាន​កិច្ចការ​ដ៏មាន​សារៈសំខាន់​នេះ​ (​ការពង្រីក​សមាជិក​សន្ធិសញ្ញា​មិត្តភាព​ TAC)»​។

ប្រទេស​ទាំង​ ៧ ​ដែល​ក្លាយជា​ដៃគូ​សន្ទនា​ថ្មី​ជាមួយ​អាស៊ាន​នោះ​រួមមាន ព្រះរាជាណាចក្រ-​ដាណឺម៉ាក សាធារណរដ្ឋ​ក្រិក ព្រះរាជាណាចក្រ​ហូឡង់ ប្រទេស​អូម៉ង់ រដ្ឋ​កាតា និង​អារ៉ាប់រួមអេមីរ៉ាត់ អេស្ប៉ាញ និង​អ៊ុយក្រែន​។ ប្រទេស​ទាំង​ ៧​ នេះ ចូល​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន តាមរយៈ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ​ដែល​មាន​សមាជិក​ជាង ​៥០ ​ប្រទេស​រួច​ទៅ​ហើយ​នោះ​។

លោក គង់ ភោគ បាន​ថ្លែងថា​៖ «(​អាស៊ាន​) យើង​បើកទ្វារ​ទទួល​ទាំងអស់ ចំពោះ​ប្រទេស​ណា ដែល​ចង់​សហការ​ក៏ដូចជា​ចង់​មក​តំបន់ ដើម្បី​កសាង​ទំនាក់​ទំនង ឬមួយ​ក៏​ស្វែងរក​ឱកាស​រីកចម្រើន​រួមគ្នា​។ ខ្ញុំ​គិតថា នេះ​ជា​ចំណុចខ្លាំង​របស់​យើង ដែល​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​ទីប្រជុំ​ទម្ងន់ នៅក្នុង​ការរីក​ចម្រើន​នៅក្នុង​សកល​លោក​បច្ចុប្បន្ន​»​។

សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា TAC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧៦ និង​បង្កប់​នូវ​គោលការណ៍​ជាសកល​នៃ​ការរួមរស់​ដោយ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ក្នុង​ចំណោម​រដ្ឋ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ​ជំហាន​ដំបូង នៅពេល​ខាងមុខ​រដ្ឋ​ទាំងនោះ អាច​ក្លាយជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​រហូតដល់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាស៊ាន​។

នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា រដ្ឋមន្ត្រី​ការបរទេស និង​អគ្គលេខាធិការ​អាស៊ាន​បាន​ធ្វើជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក TAC ដោយ​អ៊ុយក្រែន និង​អេស្ប៉ាញ​។ ខណៈ​ដែល​សមាជិក​ ៥​ ផ្សេងទៀត​បាន​ចូល​ជា​សមាជិក​ផ្លូវការ​របស់​ TAC តាំងពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ភ្នំពេញ​កាលពី​ខែ​កក្កដា ឆ្នាំ ​២០២២៕