​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ថ្មីៗ​នេះ​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ជាតិ​អាហា​រូបត្ថម្ភ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អប់រំ និង​លើក​កម្ពស់​ការ​ យល់ដឹង​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ពី​សារៈសំខាន់​នៃ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ នៅ​កម្ពុជា​។ ជាមួយ​គ្នានេះ​ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្ភាស​លោកស្រី Grana Pu Selvi ប្រធាន​បច្ចេកទេស​កម្មវិធី​អាហារូបត្ថម្ភ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​កម្ពុជា ជុំវិញ​បេសកកម្ម​របស់​អង្គការ​នេះ​ក្នុងការ​លើក​កម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ដែលជា​ផ្នែក​មួយ​នៃ​អាហា​រូបត្ថម្ភ​របស់​កុមារ។​

តើ​អង្គការ​ទស្សនៈ​ពិភពលោក​បានធ្វើ​អ្វីខ្លះ ដើម្បី​លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា?

​ដោយមាន​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្រុក អង្គការ​ទស្សនៈ​ពិភពលោក បាន​និង​កំពុង​បណ្តុះបណ្តាល​បុគ្គលិក​មណ្ឌល​សុខភាព និង​បុគ្គលិក​សហគមន៍ (Village Health Support Groups- VHSG) ដើម្បី​លើក​កម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ខេត្ត​ទាំង ១០ នៃ​ប្រទេស។

​លើសពីនេះ នៅ​កម្រិត​ប្រទេស អង្គការ​ទស្សនៈ​ពិភពលោក​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​អាហារូបត្ថម្ភ​ដើម្បី​អនុវត្ត​គោលនយោបាយ​និង​កម្មវិធី​ស្តីពី​ការលើក​កម្ពស់​ការ​បំបៅ​ដោះ​កូន​នៅ​ក្នុង​ប្រទេស​។ អង្គការ​ទស្សនៈ​ពិភពលោក​ក៏បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ រាយការណ៍​តាម​អ៊ីនធឺណិត ដើម្បី​រាយការណ៍​ពី​ការរំលោភ​បំពាន​លើការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ (​ម្សៅ​ទឹក​ដោះគោ​ទារក) ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ការ​បំបៅកូន​ដោយ​ទឹកដោះ​ក្នុង​ប្រទេស។

​តាមរយៈ​ការផ្តល់​មូលនិធិ​ពី MOFA ប្រទេស​ជប៉ុន អង្គការ​ទស្សនៈ​ពិភពលោក​បាន​និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​អបអរ​សាទរ​ប្រចាំឆ្នាំ​នៅ​ខេត្ត​ព្រះវិហារ (៤ ស្រុក និង​ក្រុង ១ ដែល​ជា​តំបន់​គោលដៅ​) ចាប់តាំង​ពី​ឆ្នាំ ២០២០ ដើម្បី​អញ្ជើញ​អ្នក​ចូលរួម​ពី ៥០-១០០ នាក់​មកពី​ស្រុក​នីមួយៗ​មកពី​គ្រប់​ជាន់ថ្នាក់​នៃ​អាជ្ញាធរ​មូលដ្ឋាន (​ពី​ខេត្ត​ដល់​ភូមិ​) ក៏ដូចជា​អ្នក​ថែទាំ​ទារក​រួមទាំង​ឪពុក​ផងដែរ​។​កម្មវិធី​នេះ​មិន​ត្រឹមតែ​ចែករំលែក​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ជាទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​បញ្ចៀស​នូវ​ការ​យល់​ច្រឡំ​ដែល​អាច​កើត​មាន​ក្នុង​ចំណោម​អ្នក​ចូលរួម ដោយ​មាន​ជា​កម្មវិធី​សំណួរ និង​ចម្លើយ។​

​ចុះ​អ្វី​គឺជា​សកម្មភាព​សម្រាប់​ឆ្នាំនេះ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ក្នុងការ​លើក​កម្ពស់​អាហា​រូបត្ថម្ភ?

​សម្រាប់​ឆ្នាំ ២០២២ នេះ ជាមួយនឹង​ប្រធានបទ “Step Up for Breastfeeding: Educate and Support» អង្គការ​ទស្សនៈ​ពិភពលោក សង្កត់ធ្ងន់​ថា ម្តាយ​ដែល​បំបៅ​ដោះ​កូន ចាំបាច់​ត្រូវ​ផ្តល់​ការគាំទ្រ​ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ភ្លាមៗ បន្ទាប់​ពី​ការ​សម្រាល ហើយ​ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​សម្រាប់​រយៈពេល ៦ ខែ​ដំបូង​តែ ១ មុខ​គត់​និង​ត្រូវ​បន្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ជាមួយ​នឹង​អាហារ​បន្ថែម​រហូតដល់​កូន​មាន​អាយុ ២ ឆ្នាំ​ឡើងទៅ។

​នៅពេល​ម្តាយ​ត្រូវការ​ការគាំទ្រ​ពី​សមាជិកគ្រួសារ​ដើម្បី​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពី​កំណើត​រហូត​ដល់​កូន​អាយុ ២ ឆ្នាំ សមាជិក​គ្រួសារ​នីមួយៗ​ត្រូវ​ចូលរួម​ផ្តល់​ពេលវេលា​ឱ្យ​នាង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​អនុញ្ញាត​ឱ្យ​នាង​ធ្វើការ​បត់បែន​ទៅតាម​តម្រូវការ​នៃ​ការ​បំបៅកូន​តូច​ដោយ​ទឹកដោះ​របស់​នាង។

​បន្ថែម​ពីនេះ អង្គការ​ទស្សនៈ​​ពិភពលោក​បាន និង​កំពុង​អប់រំ​សមាជិក​គ្រួសារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ដែល​មាន​កូនតូចៗ​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ម្តាយ​ក្នុង​ការបន្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​។ លើស​ពីនេះ អង្គការ​ទស្សនៈ​ពិភពលោក បាន​និង​កំពុង​ផ្សព្វផ្សាយ​ការ​យល់ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដើម្បី​បង្កើន​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​សប្តាហ៍​នៃ​ការ​បំបៅ​ដោះ​កូន​ពិភពលោក​ឆ្នាំនេះ។​

​តើ​លោកស្រី​គិត​យ៉ាងណា​ចំពោះ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​នៅ​កម្ពុជា?

​ទោះបី​ជាមាន​សមិទ្ធផល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ ៩០ និង​ដើមឆ្នាំ ២០០០ ក៏ដោយ ក៏​ភាគរយ​នៃ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បៅដោះ​ម្តាយ​ទាំងស្រុង​សម្រាប់​រយៈពេល ៦ ខែ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​បាន​ថយចុះ​ពី ៧៤ ភាគរយ​ក្នុង​ឆ្នាំ ២០១០ មក​ត្រឹម ៥១ ភាគរយ​ក្នុង​ឆ្នាំ ២០២១ (CDHS 2010-2021)។​

​មាន​ភាគរយ​កើនឡើង​នៃ​គ្រួសារ​ដែល​ប្តូរ​ទៅប្រើ​ផលិត​​ផល​ជំនួស​ទឹកដោះ​ម្តាយ (BMS) ដោយសារ តែ​ភាគច្រើន​នៃ​ស្ត្រី (៨០%) នៅ ក្នុង​ប្រទេស​កម្ពុជា មាន​សកម្មភាព​សេដ្ឋកិច្ច​។​នេះ​គឺជា​អត្រា​មួយ​ខ្ពស់ បំផុត​ក្នុង​ពិភពលោក​ដែល មាន​ការងារ​ជាង ៦០០ ០០០ ក្នុង​ឧស្សាហកម្ម​កាត់ដេរ ដែល​ភាគច្រើន​ជា​ស្ត្រី​។​ដោយសារ​ម្តាយ​វ័យក្មេង​ទាំងនេះ​មិនដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មាន​ភាគរយ​កើនឡើង​នៃ​ស្ត្រី​ដែល​ចូលចិត្ត​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​ដល់​កុមារ។​

​ដូច្នេះ​តើ​យើង​ត្រូវធ្វើ​ម្តេច​ចំពោះ​បញ្ហា​នេះ​?

​យើង​ចាំបាច់​ត្រូវ​អប់រំ​ស្ត្រី​មាន​ផ្ទៃពោះ ម្តាយ​វ័យក្មេង និង​សមាជិក​គ្រួសារ​របស់​ពួកគេ​អំពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​លើស​ពីនេះ​ចាំបាច់​ត្រូវ​កសាង​សមត្ថភាព​របស់​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ជាពិសេស គឺ​គិលានុបដ្ឋាយិកា​និង​ក្រុម​គ្រូពេទ្យ​ដែលជា​អ្នក​ផ្តល់ការ​ថែទាំ​ដល់​ស្ត្រី នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល​ដើម្បី​លើក​ទឹកចិត្ត​ម្តាយ​ក្នុងការ​ផ្តល់​ទឹកដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ។​

​តើ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ទឹកដោះ​ម្តាយ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​។ វា​មាន​សុវត្ថិភាព ស្អាត និង​មាន​អង្គបដិ​ប្រាណ​ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កុមារ​ទូទៅ​ជាច្រើន​។​ទឹកដោះ​ម្ដាយ​ផ្ដល់​ថាមពល និង​អាហារូបត្ថម្ភ​ដែល​កុមារ​ត្រូវការ​សម្រាប់​ខែ​ដំបូងៗ​នៃ​ជីវិត​របស់​ពួកគេ ហើយ​វាបន្ត​ផ្ដល់​ថាមពល និង​អាហារូបត្ថម្ភ​ក្នុង​កម្រិត​ពាក់កណ្ដាល ឬ​ច្រើន​ជាង​នេះ​នៃ​តម្រូវការ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ក្នុង​ឆមាស​ទី ២ នៃ​ឆ្នាំ​ដំបូង​។​នៅ​ក្នុង​ឆ្នាំទី ២ ថាមពល និង​អាហារូបត្ថម្ភ​ពី​ទឹកដោះ​ម្ដាយ​ក៏​នៅ​មាន​ក្នុង​កម្រិត ១ ភាគ។​

​ការធ្វើ​តេស្ត​លើ​កុមារ​ដែល​ទទួល​បានកា​រ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​លើ​ការធ្វើ​តេស្ត​ភាព​វៃឆ្លាត ទំនង​ជា​មិនសូវ​ធាត់​ឬ​ធាត់ និង​មិនសូវ​ងាយ​កើត​ជំងឺ​ទឹក​នោមផ្អែម​នៅ​ពេល​ជីវិត​ចុងក្រោយ​របស់​ពួកគេ​។​ចំណែក​ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ក៏មាន​ការ​ថយចុះ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ និង​មហារីក​ស្បូន​ផងដែរ​។​ដោយ​គិតពី​អត្ថប្រយោជន៍​ទាំង​ម្តាយ​និង​កូន​វាជា​រឿង​សំខាន់​ក្នុងការ​គាំទ្រ​ម្តាយ​ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ។​

​តើ​អ្វី​ជា​អនុសាសន៍​ឬ​សំណូម​ពរ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ដើម្បី​លើកកម្ពស់​ការ​បំបៅ​ដោះ​កូន​នៅ​កម្ពុជា?

​ដើម្បី​បង្កើន​កុមារ​ដែលមាន​សុខភាព​ល្អ និង​មាន​អាហា​រូប​ត្ថ​ម្ភ​ល្អ យើង​ត្រូវការ​ការប្តេជ្ញា​ចិត្ត​របស់​អ្នក​គ្រប់គ្នា​បន្ថែមទៀត​។ ចាំបាច់​ត្រូវ​បង្កើន​ការ យល់ដឹង​អំពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ម្តាយ និង​សមាជិក គ្រួសារ​។​យើង​សង្ឃឹមថា ពួកគេ​គួរតែ​ត្រូវ​បាន​ការពារ​ពី​ការផ្សាយ​ពាណិជ្ជកម្ម និង​ការអះអាង​មិន​ពិត​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ទឹកដោះ​គោ​សម្រាប់​ទារក ស្រប​តាម​អនុក្រឹត្យ​លេខ ១៣៣ ដែល​ដាក់​កម្រិត​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ដែល​មាន​នៅលើ​ទីផ្សារ​សម្រាប់​កុមារ​អាយុ​ក្រោម ២ ឆ្នាំ។

​យើង​សង្ឃឹមថា មានការ​ទទួល​​ខុសត្រូវ​រួមគ្នា​ដែល​ចាប់ផ្តើម​ពី​ម្តាយ សមាជិក​គ្រួសារ មិត្តភក្តិ សាច់ញាតិ និយោជក អ្នកបង្កើត​គោល​នយោបាយ និង​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​និង​លើក​កម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា៕