នៅ​ខេត្តសៀមរាប លោក លី កេ​ឈាង នាយករដ្ឋមន្ដ្រី​ចិន និង​លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា បាន​អញ្ជើញ​ជា​អធិបតី នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​គម្រោង​ជួសជុល​ប្រាសាទ​តាកែវ​។ ពិធី​នេះ រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នៅ​ខាងមុខ​ប្រាង្គ​ប្រាសាទ​តាកែវ​តែម្ដង បន្ទាប់ពី​ប្រាសាទ​នេះ​បញ្ចប់​ការ​ជួសជុល​ក្រោម​គម្រោង​សហ​ប្រតិបត្តិការ​អន្ដរជាតិ​រវាង​កម្ពុជា​និង​ចិន។​

​គម្រោង​ជួសជុល​ប្រាសាទតាកែវ ដែល​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១១ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៨ ត្រូវបាន​អនុវត្ត​ដោយ​ក្រុម​ការងារ​នៃ​រដ្ឋាភិបាល​ចិន​សម្រាប់​ការអភិរក្ស​អង្គរ ហៅ​កាត់​ថា CSA។

​នៅក្នុង​ពិធី​នា​ថ្ងៃទី ១០ ខែវិច្ឆិកា លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា បាន​គូស​បញ្ជាក់​ឱ្យដឹង​ថា ជំនួយ​របស់​ចិន​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​មាន​តាំងពី​ឆ្នាំ ១៩៩៣ មកម្ល៉េះ​។ ជាក់ស្ដែង ក្រៅ​តែពី​គម្រោង​ជួសជុល​ប្រាសាទ​តាកែវ ប្រទេស​ចិន​ក៏​កំពុង​តែបន្ត​ជួសជុល​ប្រាសាទ​ដទៃទៀត​ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។

បើតាមលោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​បន្ថែមថា ប្រទេស​ចិន តាមរយៈ​គោលនយោបាយ​និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​នានា នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​អភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌ ឱ្យបាន​កាន់តែ​ខ្លាំងក្លា ដូចដែល​ភាគី​ចិន កំពុង​បន្តធ្វើ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​ការគាំទ្រ​ភាពជា​ដៃគូ​អាស៊ាន​-​ចិន ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​តាំង​ពីដើម​រៀងមក។

​ដោយឡែក លោក លី កេ​ឈាង នាយករដ្ឋមន្ត្រី​ចិន ថ្លែងថា កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-​ចិន មាន​អាយុកាល​ជាង ១ ពាន់​ឆ្នាំ​មកហើយ តាមរយៈ​កំណត់ហេតុ និង​សៀវភៅ​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​បាន​កត់ត្រា​អំពី​រឿងរ៉ាវ​នៃ​អារ្យធម៌​ប្រទេស​ទាំងពីរ​។ និង​ថា គម្រោង​ជួសជុល​ប្រាសាទ​តាកែវ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​យូណេស្កូ ដែល​បាន​ជួយ​កម្ពុជា​ក្នុងការ​អភិរក្ស​មរតក​វប្បធម៌​របស់ខ្លួន។

​លោកនាយក​រដ្ឋមន្ត្រី​ចិន មាន​សុទិដ្ឋិនិយម​ថា គម្រោង​ជួសជុល​ប្រាសាទ​តាកែវ​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា ក៏ដូចជា​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ និង​ការ​ផ្លាស់ប្ដូរ​នៃ​អារ្យធម៌​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភពលោក​។

លោក លី កេឈាង អះអាង​ថា ចិន​គាំទ្រ និង​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុងការ​អភិរក្ស​ប្រាសាទ និង​ជួយ​ជំរុញ​ផ្ដាស់​ប្ដូរ​សេដ្ឋកិច្ច និង​វប្បធម៌ ដើម្បី​ជំរុញ​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន ហើយ​លោក​សង្ឃឹម​ទៀតថា កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-​ចិន នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឱ្យ​ប្រជាជន​ខ្មែរ​និង​ប្រជាជន​ចិន អាច​ស្វែងយល់​ពី​អារ្យធម៌​គ្នា​ថែម​មួយ​កម្រិត​ទៀត៕​