ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ហ្វីលីពីន​នាំចូល​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ពី​កម្ពុជា​ឱ្យបាន​កាន់​តែច្រើន និង​ជំរុញ​ឱ្យ​ហ្វីលីពីន​វិនិយោគ​លើ​រោង​ម៉ាស៊ីន​កិនស្រូវ​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

​នា​ថ្ងៃទី ១០ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​ជួប​ជាមួយ​លោក Ferdinand Romualdez Marcos Jr. ប្រធានា​ធិបតី​ហ្វីលីពីន ក្នុង​ឱកាស​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា មេដឹកនាំ​ទាំង ២ បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការវិវត្ត​នៃ​ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ចាប់តាំង​ពី​ការបង្កើត​ទំនាក់ទំនង​ការទូត ក្នុង​រយៈពេល ៦៥ ឆ្នាំ កន្លង​មកនេះ។​

​ប្រភព​ដដែល​បន្តថា លោក ហ៊ុន សែន និង​លោក Marcos បាន​ពិភាក្សា​អំពី​វិធានការ​ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន។

​មេដឹកនាំ​ទាំង ២ បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង ២ អនុវត្ត​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​ឯកសារ​នានា​ដែល​បាន​ចុះ​ហត្ថលេខា​រួច។ មេដឹកនាំ​ទាំង ២ បាន​សម្ដែង​ការរីករាយ​ចំពោះ​ការ​កើនឡើ​ង​វិញ​នូវការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ដោយ​ចាំបាច់​ត្រូវ​ជំរុញ​ភាពជា​ដៃគូ​នៃ​វិស័យ​រដ្ឋ និង​ឯកជន ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​បន្ថែមទៀត។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ហ្វីលីពីន​នាំចូល​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ពី​កម្ពុជា​ឱ្យបាន​កាន់​តែច្រើន ជាពិសេស​បាន​ជំរុញ​ឱ្យ​ហ្វីលីពីន​វិនិយោគ​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដូចជា​ក្នុង​ដំណើរការ​រោង​ម៉ាស៊ីន​កិនស្រូវ​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បី​បំពេញត​ម្រូវការ​របស់​ប្រទេស​នេះ»៕​