ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​-​អ៊ុយ​ក្រែ​ន បាន​មើល​ឃើញ​ពី​កំណើន​នៃ​ទំនាក់​ទំនង​ជា​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ក្រោយ​ពី​មាន​ជំនួប​កម្រិត​ខ្ពស់​សំខាន់ៗ​នាពេល​ថ្មីៗ​នេះ។​

នា​ថ្ងៃទី ១០ ខែវិច្ឆិកា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ជួប​ជាមួយ​លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ក្នុង​ឱកាស​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើកទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុ​ជា​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​ឯកឧត្ដម​រដ្ឋមន្ត្រី​ទាំង ២ បាន​កត់សម្គាល់​អំពី​កំណើន​នៃ​ទំនាក់ទំនង​ជា​មិត្តភាព​កម្ពុជា​-​អ៊ុយក្រែន ដែល​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ជំនួប​កម្រិត​ខ្ពស់​សំខាន់ៗ​នាពេល​ថ្មីៗ​នេះ ការ​ឯកភាព​គ្នា​លើ​ការ​តែងតាំង​និង​ផ្លាស់ប្តូរ​ឯកអគ្គ​រាជ​/​រដ្ឋទូត​ទៅវិញ​ទៅមក​ក្នុង​ពេល​ឆាប់ៗ និង​ការ​ព្រមព្រៀង​ក្នុងការ​បង្កើត​ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស​ទាំង ២ »។​

​លោក ប្រាក់ សុខុន បាន​អបអរសាទរ​អ៊ុយ​ក្រែ​ន ដែល​បាន​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) នា​ថ្ងៃទី ១០ ខែ​វិច្ឆិកា ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ។​

​លោក​លើកឡើងថា ជំនួប​តាម​ទូរស័ព្ទ​នាពេល​ថ្មីៗ​នេះ​រវាង​លោកនាយក​រដ្ឋ​មន្ត្រ ហ៊ុន សែន និង​លោក វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានា​ធិបតី​អ៊ុយក្រែន កាលពី​ថ្ងៃទី ១ ខែ​វិច្ឆិកា គឺ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា។​

​លោក ប្រាក់ សុខុន បានបញ្ជាក់​ជាថ្មី​នូវ​ជំហរ​ជាគោលការណ៍​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​សង្ឃឹម​ថា ដំណោះស្រាយ​ដោយ​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ នឹង​អាច​កើតមាន​ក្នុង​ពេល​ឆាប់ៗ ដើម្បី​អ៊ុក្រែន​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព និង​ការអភិវឌ្ឍ។

​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​ក៏បាន​បញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា​ក្នុងការ​បណ្តុះ​បណ្តាល​អ្នក​ដោះមីន​អ៊ុយក្រែន ដោយ​សហការ​ជាមួយ​ប្រទេស​ជប៉ុន​ផងដែរ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លោក ឌី​មី​ត្រូ គូលេបា បាន​អបអរ​សាទរ​លោក ប្រាក់ សុខុន ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ជូនពរ​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ។

​ប្រភព​ដដែល​បន្តថា លោក ឌី​មី​ត្រូ គូ​លេ​បា បាន​អរគុណ​កម្ពុជា​ចំពោះ​ការ​ប្រកាន់​យក​ជំហរ​ប្រកប​ដោយ​គោលការណ៍​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ភាព​សប្បុរស​ក្នុងការ​ជួយ​អ្នក​ដោះមីន​របស់​អ៊ុយក្រែន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដែល​អាច​ធ្វើឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​សន្ធិសញ្ញា TAC៕​