ភ្នំពេញៈ ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​ប្រទេស​ទីម័រ​ខាងកើត​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​ ១១ ប៉ុន្តែ​មិនទាន់​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នោះទេ ក្រោយពី​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ ៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។

សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បញ្ជាក់ថា ការឯកភាព​នេះ​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ពិចារណា​លើ​លទ្ធផល​នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សសរស្តម្ភ​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ជាគោលការណ៍ ទីម័រ​ឡេស្តេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​ ១១»​។

ទីម័រ​ខាងកើត​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍ និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់​រួមបញ្ចូល​ទាំង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

ប្រមុខ​ដឹកនាំ​អាស៊ាន​ឯកភាព​គ្នា «​បង្កើត​ជា​ផែនទី​បង្ហាញផ្លូវ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត្យ សម្រាប់​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​ទីម័រឡេស្តេ រួមទាំង​ផ្អែកលើ​សមិទ្ធផល​សំខាន់​នានា ដែល​កំណត់​ដោយ​របាយ​ការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​ទាំង ​៣ ​សសរស្តម្ភ​របស់​អាស៊ាន​»​។

ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ក្នុង​ការបង្កើត​ផែនទី​បង្ហាញផ្លូវ​នេះ ហើយ​ត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​អនុម័ត ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤២ ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​ខាងក្រៅ​ត្រូវ​ផ្តល់​ការគាំទ្រ​ដោយ​ពេញលេញ​ចំពោះ​ទីម័រ​ខាងកើត ក្នុង​ការឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​បាន​កំណត់​ទាំងនោះ តាមរយៈ​ការកសាង​សមត្ថភាព និង​ផ្តល់​ការគាំទ្រ​ចាំបាច់​នានា​ផ្សេងទៀត សម្រាប់​ការចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​របស់​ទីម័រឡេស្តេ​៕