ភ្នំពេញៈ កម្ពុជា និង​ចិន ឯកភាព​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង និង​កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​ចិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​វាសនា​រួម​មេគង្គ​-​ឡានឆាង និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ចិន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក លី កេឈាង នាយករដ្ឋមន្ត្រី​ចិន​នៅ​រយៈពេល​ ៤ ​ថ្ងៃ​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​រួម​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសម្រប​សម្រួល និង​កិច្ចសហប្រតិបត្តិការ​លើ​ក្របខ័ណ្ឌ​ពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង និង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-​ចិន រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​វាសនា​រួម​មេគង្គ​-​ឡានឆាង និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ចិន​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដែលមាន​អត្ថន័យ ខ្លឹមសារ និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​»​។

ចិន​បាន​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពាក់ព័ន្ធ និង​បាន​កោតសរសើរ​កម្ពុជា​ថា បាន​ដើរតួនាទី​ដ៏សកម្ម ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ស្ថិរភាព​យូរអង្វែង​នៅក្នុង​តំបន់ ខណៈ​កម្ពុជា​បាន​អរគុណ​ចិន​ក្នុង​ការធ្វើ​ជា​ដៃគូ​ដ៏រឹងមាំ​របស់​កម្ពុជា និង​ការគាំទ្រ​ឥត​ងាករេ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

ភាគី​ទាំង​ ២ ​ជឿជាក់​ថា ដោយសារ​កិច្ចប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​ចិន ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​បាន​រក្សា​នូវ​ស្ថិរភាព​ជារួម​។ ភាគី​ទាំង​ ២ ​បាន​បញ្ជាក់ថា «​សេចក្តី​ប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​» បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​។

ភាគី​ទាំង ​២ ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​ជាក់ស្តែង និង​ឈាន​ទៅ​សម្រេច​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឱ្យបាន​ឆាប់ ដោយ​ឈរលើ​មូលដ្ឋាន​ឯកច្ឆន្ទ​ទៅវិញ​ទៅមក ដើម្បី​កសាង​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​៕