​ភ្នំពេញៈ ប្រមុខ​ដឹកនាំ​អាស៊ាន​ទទូច​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​របស់​មី​យ៉ាន់​ម៉ា​ទាំងអស់​បន្ធូរបន្ថយ​ភាព​តានតឹង ដោយ​អះអាងថា​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា នៅតែ​ធ្ងន់ធ្ងរ​ជាមួយនឹង​ការកើនឡើង​នៃ​អំពើហិង្សា​។​

​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ពិចារណា​ថា ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​នៅតែមាន​ភាពផុយស្រួយ​ជាមួយនឹង​ការកើនឡើង​នៃ​អំពើហិង្សា ដែលជា​កង្វល់​ចម្បង​ប៉ះពាល់​មិន​ត្រឹមតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​ទេ ថែមទាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​ផងដែរ​នោះ​។​

​សេចក្តីសម្រេច​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ បញ្ជាក់ថា អាស៊ាន​ប្តេជ្ញាចិត្ត​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​យូរអង្វែង​សម្រាប់​វិបត្តិ​បច្ចុប្បន្ន​។

​សេចក្តីសម្រេច​នេះ​លើកឡើងថា ជាមួយនឹង​ភាពជឿនលឿន​តិចតួច ដែល​សម្រេចបាន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ (​កង់​សង់​ស៊ី​ស​) ៥​ ចំណុច​របស់​អាស៊ាន កងទ័ព​ជាតិ​មី​យ៉ាន់​ម៉ា​មាន​តួនាទី​ក្នុងការ​អនុវត្តតាម​កា​រ​ប្តេជ្ញាចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន​។​

​សេចក្តីសម្រេច​នេះ​បន្តថា​៖ «​ទទូច​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ធូរបន្ថយ​ភាព​តានតឹង និង​អត់ធ្មត់​ជា​អតិបរមា ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​កាន់​អាវុធ គួរតែ​ទទួលខុសត្រូវ​ដោយ​តម្លាភាព និង​ត្រូវបាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា ដោយ​កត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា គឺជា​កម្លាំងយោធា​ដ៏​ធំ​បំផុត​តែមួយគត់​នៅក្នុង​មី​យ៉ាន់​ម៉ា​»​។

​ប្រមុខ​ដឹកនាំ​អាស៊ាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា ឱ្យ​សម្របសម្រួល​ដល់​ការងារ​របស់​អគ្គលេខា​ធិ​ការ​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ និង​គ្រោះមហន្តរាយ (​មជ្ឈមណ្ឌល AHA) ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​នៅ​មី​យ៉ាន់​ម៉ា ដល់​ប្រជាជន​ទាំងអស់ ដែល​កំពុង​ខ្វះខាត ដោយ​មិនមាន​ការរើសអើង​។​

​ប្រមុខ​ដឹកនាំ​អាស៊ាន​បន្ត​លើកឡើងថា អគ្គលេខាធិការ​អាស៊ាន និង​មជ្ឈមណ្ឌល AHA គួរតែ​ត្រូវ​បានផ្តល់​សិទ្ធិអំណាច ដោយ​ទទួលបាន​ស្វ័យភាព​សមស្រប ដើម្បី​សម្របសម្រួល​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា​។

​ប្រមុខ​ដឹកនាំ​អាស៊ាន​អះអាងថា អាស៊ាន​នឹង​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ និង​ដៃគូ​ខាងក្រៅ​របស់ខ្លួន ឱ្យជួយ​គាំទ្រ​ខ្លួន​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​តំបន់​មួយ​នេះ​ក្នុងការ​អនុវត្ត​កង់​សង់​ស៊ី​ស​៥​ចំណុច​នេះ ដោយ​អាស៊ាន​ត្រូវ​ពិចារណា​រិះរក​វិធីសាស្ត្រ​ផ្សេងទៀត​ដែល​អាច​គាំទ្រ​ដល់​ការអនុវត្ត​កង់​សង់​ស៊ី​ស​នេះ​៕​