ភ្នំពេញៈ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បានដាក់​សំណើ ​៥ ​ចំណុច​ទៅកាន់​អាស៊ាន ដើម្បី​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​-​ចិន ដោយ​ក្នុងនោះ​ចិន​សន្យា​ផ្តល់​ទឹកប្រាក់ ១,៥ ​ប៊ីលាន​ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​ ៣ ​ឆ្នាំ​។

ការដាក់​សំណើ​ទាំង​ ៥ ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​ ២៥ នា​ថ្ងៃទី ​១១ ខែវិច្ឆិកា ដោយ​មាន​វត្តមាន​លោក លី កេឈាង នាយករដ្ឋមន្ត្រី​ចិន នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​កិច្ចប្រជុំ​។

សំណើ​ទី​ ១ ​គឺ​ការកសាង​ផ្ទះ​ដែល​ប្រកប​ដោយ​សន្តិភាព​ជាមួយ​គ្នា ខណៈ​ដែល​ចិន​ត្រៀម​ជាស្រេច​ក្នុង​ការ​ធ្វើឱ្យ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ការពារជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ក្នុងការ​ចុះហត្ថលេខា​លើ​ពិធីសារ​ចំពោះ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។

សំណើ​ទី​ ២ កសាង​ផ្ទះមួយ​ដែល​មាន​សន្តិសុខ​ជាមួយ​គ្នា ជាមួយ​ការប្តេជ្ញាចិត្ត​របស់​ចិន ដើម្បី​គាំទ្រ​ចំពោះ​របាំង​ការពារ​សុខភាព​អាស៊ាន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។

ចំពោះ​សំណើ​ទី​ ៣ ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​កសាង​ផ្ទះ​ដែលមាន​វិបុលភាព​ជាមួយ​គ្នា ខណៈ​ចិន​នឹង​ផ្តល់​គម្រោង​វិនិយោគ​ សម្រាប់​ការអភិវឌ្ឍ​ក្នុង​ទំហំ​ទឹកប្រាក់ ១,៥ ​ប៊ីលាន​ដុល្លារ​អាមេរិក​ សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ និង​ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​ទាញយក​ផលប្រយោជន៍​ពេញលេញ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP ) និង​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​ដែល​បាន​កែសម្រួល​រួច និង​ក្នុង​ការបង្កើន​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​»​។

សំណើ​ទី ​៤​ គឺ​ការកសាង​ផ្ទះ​ដ៏​ស្រស់ស្អាត​មួយ​ជាមួយ​គ្នា ដោយ​ផ្តោត​កិច្ចសហប្រតិបត្តិការ​កាន់តែ​ធំ​ទូលាយ​លើ​ការអភិវឌ្ឍ​បៃតង និង​សេដ្ឋកិច្ច​ពណ៌​ខៀវ នៅក្នុង​ចំណោម​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​។

ចំពោះ​សំណើ​ចុងក្រោយ​គេ​គឺ​ការកសាង​ផ្ទះមួយ​ប្រកប​ដោយ​មេត្រីភាព​ជាមួយគ្នា តាមរយៈ​ការលើក​កម្ពស់​វិស័យ​ទេសចរណ៍ ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​ក្នុង​ចំណោម​យុវជន និង​ថ្នាក់ដឹកនាំ​វ័យក្មេង​។

លោក ហ៊ុន សែន បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ខណៈ​លោក លី កេឈាង គឺជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

កិច្ចប្រជុំ​នេះ​មាន​ការយាង​ចូលរួម​ពី ព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ និង​មាន​ការចូលរួម​ពី លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក ប្រាយុធ ចានអូចា នាយករដ្ឋមន្ត្រី​ថៃ​។

ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​លោក ផាម មីងជិញ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតី​ហ្វីលីពិន លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភា​ម៉ាឡេស៊ី តំណាង​ឱ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob និង​មាន​ការចូលរួម​ពី​លោក លឹម ចុកហ៊យ អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។

លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​រយៈពេល​ ៧ ​ទសវត្សរ៍​កន្លងទៅនេះ ចិន​បាន​ជ្រោង​ប្រជាជន​ចិន​រាប់រយ​លាន​នាក់​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ និង​ប្រែក្លាយ​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏ធំ​ទី​ ២ ​នៅក្នុង​សកលលោក ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ផ្ទៃក្នុង​រឹងមាំ​។

លោក​បន្តថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ចិន​ក៏បាន​រួមវិភាគទាន​យ៉ាងសំខាន់​ក្នុង​ការ​លើកកម្ពស់​វិបុលភាព​រួម​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។ ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ការជួយ​គ្នា និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក កិច្ចសហប្រតិបត្តិការ​អាស៊ាន​- ចិន​បាន​រីកចម្រើន​ជា​លំដាប់​ជាមួយ​នឹង​លទ្ធផល​ជា​ផ្លែផ្កា និង​ភាពជោគជ័យ​ដ៏​រឹងមាំ​នៅក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍​កន្លងទៅ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ចសហការ​អាស៊ាន​-​ចិន​ដែល​បាននិង​កំពុង​បើក​ទំព័រ​ថ្មី​មួយ​នៃ​ព្រឹតិ្តការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ចសហប្រតិបត្តិការ​របស់​យើង​ឱ្យ​កាន់តែ​មាន​សក្ដានុពល​ប្រកប​ដោយ​ថាមវន្ត​បន្ថែមទៀត​ ខណៈ​ដែល​អាស៊ាន​កំពុង​ខិតខំ​កសាង​សហគមន៍​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​»៕