ភ្នំពេញៈ លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​មកដល់​រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃទី​ ១២ ខែវិច្ឆិកា នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​ ១០ និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា លើក​ទី ​១៧ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃទី ​១៣ ខែវិច្ឆិកា​។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​កាលពី​ចុងខែ​តុលា​បាន​ឱ្យ​ដឹងថា លោក Joe Biden នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ីអាគ្នេយ៍ និង​តំបន់​កណ្តាល​អាស៊ាន ហើយ​នឹង​សម្លឹងមើល​ការកសាង​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស អាមេរិក​-​អាស៊ាន ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

នា​ព្រឹក ថ្ងៃទី​ ១២ ខែវិច្ឆិកា នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​សន្ទនា​ចំនួន​ ៦ ព្រមទាំង​ជួប​ជាមួយ​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida៕