ភ្នំពេញៈ លោក Masatsugu Asakawa ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់ ADB ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​បន្ត​ការរួមចំណែក​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ក្នុងការ​អភិវឌ្ឍ​។

នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក Masatsugu នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់ ADB ដោយ​លោក​ចាត់ទុក​ថា​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​មួយ​របស់​កម្ពុជា ចំពោះ​ការ​ផ្តល់​ជំនួយ និង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។

លោក​លើក​ឡើង​ពី​ជំនួយ​របស់ ADB ដែល​បាន​ផ្តល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ឆ្លើយតប​ជាបន្ទាន់​ ចំពោះ​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​ក្នុង​ការអនុវត្ត «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ តាមបែប​គន្លង​ថ្មី ២០២១-២០២៣»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យដឹង​ក្រោយ​ជំនួប​ថា លោក Masatsugu បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា និង ADB ក្នុង​រយៈពេល​ជាង ៣០ ​ឆ្នាំ មកនេះ​។

បើតាម​សេចក្ដី​ប្រកាស​ដដែល លោក Masatsugu បញ្ជាក់ថា ADB បាន​រក្សា​ការព្យាករណ៍​របស់ខ្លួន​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កម្រិត ៥,៣ ភាគរយ​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​បាន​បន្ទាប​ការព្យាករណ៍​នៅ​ឆ្នាំ ២០២៣ ពី​ក្នុង​កម្រិត ៦,៥ ភាគរយ មក​នៅត្រឹម ៦,២ ភាគរយ ដោយសារ​តែ​ការចុះ​ខ្សោយ​ជាង​មុន​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ព្រម​ទាំង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស (CPS) ថ្មី សម្រាប់​រយៈពេល ២០២៤-២០២៨ ​។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម Masatsugu Asakawa បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់ ADB ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​បន្ត​ការរួម​ចំណែក​របស់​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ក្នុង​ការ​អភិវឌ្ឍ​»​។

លោក ហ៊ុន សែន និង​លោក Masatsugu បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បម្រែបម្រួល​អាកាសធាតុ ដោយ​ក្នុង​នោះ ADB បាន​បញ្ជាក់​ជាថ្មី​នូវ​ការត្រៀមខ្លួន​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​កម្មវិធី​អាទិភាព​នានា ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ថាមពល​បៃតង​៕