​ភ្នំពេញៈ លោក Zhang Ming អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ (SCO) បង្ហាញ​ពី​ក្តីសង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយជា​អ្នកសង្កេតការណ៍​នៃ​អង្គការ​នេះ ខណៈ​កម្ពុជា​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​របស់​អង្គការ​នេះ​អស់​រយៈពេល​ ៧ ​ឆ្នាំ​មកហើយ​។

នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក Zhang ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​លោក Zhang ចំពោះ​ការសម្រប​សម្រួល​របស់​លោក​ក្នុង​ការគាំទ្រ​ការដាក់​បេក្ខភាព​របស់​កម្ពុជា​ជា​អ្នកសង្កេតការណ៍​នៃ SCO និង​បានបញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការទទួល​យក​អនុសាសន៍​របស់ SCO និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្រោយ​ជំនួប​ថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​អំពី​ការដាក់​បេក្ខភាព​កម្ពុជា​ ដើម្បី​ក្លាយជា​អ្នកសង្កេតការណ៍​នៃ​អង្គការ SCO បន្ទាប់ពី​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​របស់​អង្គការ​នេះ​ក្នុង​ឆ្នាំ​ ២០១៥ ​។

លោក ហ៊ុន សែន ថ្លែង​ថា ចាប់តាំងពី​បានក្លាយ​ជា​ដៃគូ​សន្ទនា​របស់ SCO ក្នុង​ឆ្នាំ ២០១៥ កម្ពុជា​បានរួម​ចំណែក​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង SCO ហើយ​ថា កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​អង្គការ​នានា​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​ការរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្ដម​អគ្គលេខាធិការ​បាន​កោតសរសើរ​កម្ពុជា​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​រវាង​អាស៊ាន និង​ SCO និង​បាន​លើកឡើង​ពី​ដំណើរការ​ផ្ទៃក្នុង​របស់ SCO ក្នុង​ការដំឡើង​ឋានៈ​ពី​ដៃគូ​សន្ទនា​ទៅជា​អ្នកសង្កេតការណ៍​របស់ SCO និង​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​កម្ពុជា​នឹង​ក្លាយ​ជា​អ្នកសង្កេតការណ៍​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​»​។

ប្រភព​ដដែល​បន្តថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា និង​ធ្វើការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង SCO»៕