ភ្នំពេញៈ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​រំឭក​ឡើងវិញ​នូវ​ការអំពាវនាវ​របស់​លោក​ឱ្យមាន​ការដោះលែង​អ្នកទោស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ការបញ្ចប់​អំពើហិង្សា និង​ការវិល​ត្រឡប់​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ ដោយ​លោក​បញ្ជាក់ថា​នេះ​គឺជា​ផ្លូវ​តែមួយគត់​ដែល​ងើប​ចេញពី​វិបត្តិ​បច្ចុប្បន្ន​។

លោក​បាន​ថ្លែងថា វា​ចាំបាច់​ត្រូវ​មាន​ដំណើរការ​ប្រកប​ដោយ​បរិយាបន្ន ហើយ​ឥណ្ឌូនេស៊ី​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​ទាំងអស់​នេះ នៅពេល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​។

លោក Guterres បាន​ថ្លែង​ដូច្នេះ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការ​សហប្រជាជាតិ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​ ១២ ខែវិច្ឆិកា លោក Guterres បាន​ថ្លែងថា​៖ «​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺជា​សុបិន​ដ៏អាក្រក់​សម្រាប់​ប្រជាជន​នៃ​ប្រទេស​នេះ និង​ការគំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ទូទាំង​តំបន់​។ ការវាយប្រហារ​មកលើ​ជន​ស៊ីវិល គឺជា​រឿង​គួរឱ្យ​រន្ធត់ និង​ឈឺចាប់​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ស្តាប់​ប្រជាជន​របស់ខ្លួន ដោះលែង​អ្នកទោស​នយោបាយ និង​វិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាបន្ទាន់​។ នេះ​គឺជា​មធ្យោបាយ​តែមួយគត់​ ដើម្បី​ស្ថិរភាព និង​សន្តិភាព​»​។

លោក​ជំរុញ​ឱ្យ​អាស៊ាន​ស្វែងរក​យុទ្ធសាស្ត្រ​ដោយ​ឯកភាព​គ្នា​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ដោយ​យកចិត្ត​ទុកដាក់​លើ​តម្រូវការ និង​សេចក្តីប្រាថ្នា​របស់​ប្រជាជន​របស់​ប្រទេស​នេះ​។

លោក Guterres ក៏បាន​អំពាវនាវ​ឱ្យ​មីយ៉ាន់ម៉ា​បង្កើត​លក្ខខណ្ឌ​ សម្រាប់​ការវិលត្រឡប់​ដោយ​ស្ម័គ្រចិត្ត​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជិត​ ១​ លាន​នាក់​។

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នេះ លោក​បាន​សរសេរ​លើ Twitter ថា​៖ «​នៅឯ​អាស៊ាន ខ្ញុំ​បាន​ថ្កោលទោស​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏គួរឱ្យ​រន្ធត់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​អាជ្ញាធរ​របស់​ប្រទេស​នេះ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ និង​ចាប់ផ្តើម​ដំណើរការ​ប្រកប​ដោយ​បរិយាប័ន្ន ដើម្បី​វិល​ត្រលប់​ទៅរក​ប្រជាធិបតេយ្យ​វិញ​»​។

លោក Guterres ក៏បាន​ជំរុញ​ប្រទេស​ជា​សមាជិក​ទាំងអស់​ឱ្យ​បង្កើត​ក្របខ័ណ្ឌ​តំបន់​មួយ​ ដើម្បី​ការពារ​ជនភៀសខ្លួន​៕