ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba លើក​ឡើង​ថា អ៊ុយក្រែន សន្យា​នឹង​ប្រើប្រាស់​ឱកាស​នៃ​ការ​កសាងទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ អាស៊ាន ដើម្បី​លើក​កម្ពស់​កិច្ចការ​នយោបាយ ការ​ធ្វើ​ពាណិជ្ជកម្ម និង​សន្តិសុខស្បៀង។

លោក Dmytro បាន​មក​កាន់​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ដើម្បី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ក្នុង​អំឡុងកិច្ច​ប្រជុំ​កំពូលអាស៊ាន ខណៈ​ អ៊ុយក្រែន ជឿជាក់ថា ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន គឺជា​អាទិភាពមួយ​ក្នុង​ចំណោម​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​អ៊ុយក្រែន។

នៅថ្ងៃដំបូង​នៃ​វត្តមាន​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ លោកត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មាន​ជំនួបទ្វេ​ភាគី​ផងដែរ បន្ទាប់ពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន ជាមួយ​ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ១ ខែវិច្ឆិកា។

បន្ទាប់មក​ដល់​កម្ពុជា​បាន ១ថ្ងៃ លោក​បាន​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​ចូល​ជា​សមាជិក TAC នេះ ខណៈ​ជា​កិច្ច​ព្រមព្រៀង​សម្រាប់ប្រទេស​មួយ​ដើម្បី​ក្លាយ​ជា​ដៃគូ​របស់​អាស៊ាន គឺ​ទាមទារ​ឱ្យ​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​សមាជិកអាស៊ាន។

លោក Dmytro ថ្លែងថា៖ «យើង​ពិត​ជា​រីករាយ​ដែល​ការ​ចុះហត្ថលេខា​ចូល TAC នេះ ស្ថិតក្នុង អំឡុងពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ការ​ចុះ​ហត្ថលេខា​នេះ​បាន​ក្លាយ​ជា​ការ​ពិត និង​មាន​ការ​ឯកភាពគ្នា​សម្រាប់​យើង ហើយ​ការឯកភាពនេះ​ត្រូវ​បាន​ធានា។ យើង​ចាត់ទុកការ​ចុះ​ហត្ថលេខា TAC ជា​សារ​គាំទ្រ និង​ជា​សារគាំទ្រ​ផ្នែក​នយោបាយ​ពី​បណ្តា​ប្រទេស​អាស៊ាន ចំពោះ​អ៊ុយក្រែន»។

ក្នុងសន្និសីទ​កាសែត​នាថ្ងៃទី១២ ខែ​វិច្ឆិកា លោក​ថ្លែង​ថា បញ្ហា​ចំពោះ​អ៊ុយក្រែន ចូលរួម​ជាមួយ TAC បាន​ស្ថិតនៅ​ក្នុង​របៀបវារៈ​ជាច្រើន​ឆ្នាំមកហើយ។ ប៉ុន្តែ​ទី​បំផុតវា​បាន​សម្រេច​ហើយ ហើយ​វា​បាន​នាំ​ទំនាក់ទំនង​របស់ អ៊ុយក្រែន ជាមួយ​ប្រទេស​អាស៊ាន​ទៅ​កាន់​កម្រិត​ថ្មី​មួយ។

លោក Dmytro ថ្លែងថា៖ «យើង​នឹង​ស្វែង​រក និង​ប្រើប្រាស់​រាល់​ឱកាស​នៃ​ការ​កសាង​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​វិស័យ​នយោបាយ ពាណិជ្ជកម្ម អាជីវកម្ម និង​សន្តិសុខស្បៀង។ ទាំងនេះ គឺជា​អាទិភាព​ទាំងអស់​សម្រាប់​ទាំង​យើង និង​ប្រទេស​អាស៊ាន»។

លោកថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន ក៏​ជា​ឱកាស​មួយ ដើម្បី​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​អាស៊ាន​ផងដែរ។

លោក Dmytro ថ្លែងថា៖ «យើង​ឃើញ​សហសេវិក​ជជែក​គ្នា ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ជំហរ និង​ការ​យល់ឃើញ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ អ៊ុយក្រែន ការ​ស្វែងរក​ចំណុច​រួម ការ​កំណត់​ចំណុច​នៃ​ផល​ប្រយោជន៍​ទៅវិញទៅមក។ ដូច្នេះ កិច្ចការ​ការទូត​តាម​ប្រពៃណី និងសាមញ្ញា​កំពុង​កើតមានឡើង»៕