ភ្នំពេញៈ លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Fumio Kishida បាន​បង្ហាញ​ចេតនា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ក្រោមក្របខ័ណ្ឌ​អាស៊ាន​បូក ៣ ដើម្បី​រក្សា និង​ពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សេរី និង​បើក​ចំហ​ដោយ​ផ្អែក​លើ​នីតិរដ្ឋ មិនប្រើប្រាស់​កម្លាំង​នៅក្នុង​តំបន់។

លោក Kishida ថ្លែង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក៣ ដែល​មាន​ប្រទេស ចិន ជប៉ុន និង កូរ៉េខាងត្បូង នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ជប៉ុន បាន​ឱ្យដឹង​ថា លោក Kishida បញ្ជាក់​ថា ប្រទេស ជប៉ុន សម្តែង​ការ​ខកចិត្តយ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស មីយ៉ាន់ម៉ា ហើយ​ជប៉ុន នឹង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជាឯកច្ឆន្ទ (កុងសង់ស៊ីស) ៥ ចំណុច​របស់​អាស៊ាន។

លោក​បាន​បង្ហាញ​ពី​ចេតនា​របស់​ប្រទេស ជប៉ុន ក្នុង​ការ​លើក​កម្ពស់​ជា​លំដាប់​នូវ​គំនិត​ផ្តួចផ្តើម​នានា ទាំង​ក្នុង​វិស័យ​ថ្មីៗ ដូចជា សេដ្ឋកិច្ច​ឌីជីថល និង​កសិកម្ម​ដែល​ធន់ ដោយ​ផ្អែក​លើ​ផែនការ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​បូក​៣ ថ្មី ដែល​ចាប់​ផ្តើម​នៅឆ្នាំក្រោយ។

លោក Kishida បាន​បញ្ជាក់​ថា ជប៉ុន គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ហើយ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់លាក់​ស្រប​តាម​វិស័យ​អាទិភាព​ទាំង ៤ របស់ AOIP ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក ៣ ផងដែរ ដែល​រួមមាន កិច្ចសហប្រតិបត្តិការ​ដែនសមុទ្រ ការ​តភ្ជាប់ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា៖ «នាយក​រដ្ឋមន្ត្រី Kishida បាន​ថ្លែង​ថា យើង​ត្រូវតែ​រួមដៃ​គ្នា​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះ​មជ្ឈភាព និង​ឯកភាព​របស់​អាស៊ាន។ ការ​ឈ្លានពាន​របស់​ រុស្ស៊ី ទៅ​លើ អ៊ុយក្រែន និង​ការ​កាត់យក​ទឹកដី​ អ៊ុយក្រែន បញ្ចូល​ទៅ​ប្រទេស រុស្ស៊ី ដោយ​ខុសច្បាប់ រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី អ៊ុយក្រែន និង​បំពាន​ច្បាប់​អន្តរជាតិ រួមទាំង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ»។

លោក Kishida បាន​បន្ត​ថា ប្រទេស កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​ដែល​មាន​ប្រេកង់​ខ្ពស់​ខ្លាំង​ចាប់​តាំង​ពី​ខែ​មុន រួមទាំងការ​បាញ់​រំលង​លើ​ទឹកដី​ជប៉ុន​ផងដែរ។ ការ​បាញ់​មីស៊ីល​ទាំងនេះ​ ជា​បញ្ហា​ប្រឈម​យ៉ាង​ពិតប្រាកដ និង​ធ្ងន់ធ្ងរ ចំពោះ​សហគមន៍​អន្តរជាតិ ហើយ​មិន​អាច​អត់​ឱនឱ្យ​បាន​ឡើយ៕