ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០ (G20) នៅឥណ្ឌូនេស៊ី និង​កិច្ចសន្ទនា​ក្រៅ​ផ្លូវការ​របស់​មេដឹកនាំ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ រយៈពេល ៤ថ្ងៃ ពី​ថ្ងៃទី​១៥-១៨ ខែ​វិច្ឆិកា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ការបរទេស។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នាថ្ងៃ​ទី១២ ខែ​វិច្ឆិកា ថា លោក ហ៊ុន សែន នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល G20 ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅ​កោះ​បាលី ក្រោម​មូលបទ​នៃ​ភាព​ជា​ប្រធាន G20 របស់ ឥណ្ឌូនេស៊ី «ស្តារ​ឡើងវិញ​ទាំងអស់​គ្នា ស្តារ​ឡើងវិញកាន់​តែ​រឹងមាំ»។

លោក​នឹង​ថ្លែង​បទអន្តរាគមន៍​ក្នុង​សម័យ​ប្រជុំទី១ ស្តីពី​សន្តិសុខស្បៀង និង​ថាមពល និង​សម័យ​ប្រជុំ​ទី២ ស្តីពី​បញ្ហា​សុខភាព ដែល​នឹងសង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ពហុភាគីនិយម និង​កិច្ចសហការ​គ្នា​ឆ្ពោះ​ទៅ​រក​គោលដៅ នៃ​ការ​ស្តារ​ឡើងវិញ​ប្រកប​ដោយ​ចីរភាព​ក្រោយ​ជំងឺ​រាតត្បាត។

ប្រភព​ដដែល​បញ្ជាក់ថា លោក ហ៊ុន សែន នឹង​ចូលរួម​កម្មវិ​ធីអាហារ​ពេល​ល្ងាច​ក្រៅ​ផ្លូវការ ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ហើយ​ក៏​រំពឹងថា នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈប្រតិភូ​មួយ​ចំនួនផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ការ​ចូលរួម​របស់​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ឆ្នាំ​នេះ បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់ អាស៊ាន ក្នុងនិម្មាបនកម្ម​តំបន់ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ក្នុង​ការ​បន្ស៊ី និង​បញ្ចូល​គ្នា​រវាង​អាទិភាព​សំខាន់ៗ របស់​អាស៊ាន​ជាមួយ​នឹងអាទិភាព​នានា​របស់​វេទិកា​តំបន់ និង​អន្តរជាតិ​ផ្សេង​ទៀត ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

លោក ហ៊ុន សែន ក្នុងឋានៈ​ជា​ភ្ញៀវ​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល APEC នឹង​ចូលរួម​ក្នុង «កិច្ច​សន្ទនា​ក្រៅ​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយ​ភ្ញៀវ» នៅថ្ងៃ​ទី១៨ ខែ​វិច្ឆិកា នៅ​ទីក្រុងបាងកក។

ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ លោក​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចសន្ទនា​ក្រៅផ្លូវការ​នេះ ដោយ​ផ្តោត​លើ​ការ​រីកចម្រើនប្រកប​ដោយចីរភាព។ លោកក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សម័យ​ប្រជុំទី​២ ស្តីពី «ការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាពរវាង APEC និង​ដៃគូ​ពាណិជ្ជកម្ម»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា បទអន្តរាគមន៍​របស់​លោក ហ៊ុន សែន នឹង​រួម​ចំណែក​ដល់​កិច្ច​ពិភាក្សា​ស្តីពី​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង APEC និង​ដៃគូ​ខាងក្រៅ​របស់​ខ្លួន ស្រប​តាម​មូលបទ APEC ឆ្នាំ២០២២ «ការ​បើកចំហ ការតភ្ជាប់ និង​តុល្យភាព»។

លោក ហ៊ុន សែន រួម​ជាមួយ​ថ្នាក់​ដឹកនាំ APEC ផ្សេងទៀត នឹង​ចូលគាល់​ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះ​វ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និង​សម្ដេច​ព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅ​ក្នុង​ព្រះបរមរាជវាំង។

លោកក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ លោក Macron នៅថ្ងៃទី១៨ ខែវិច្ឆិកា ផងដែរ៕