ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់ អូស្ត្រាលី ឱ្យ​បន្ត​ផ្តល់​ជំនួយ​លើ​ការ​បោស​សម្អាត​មីន ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវគោលដៅ «កម្ពុជា​គ្មានមីន ត្រឹម​ឆ្នាំ ២០២៥»។

នាថ្ងៃទី១២ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​ជួបទ្វេភាគី​ជាមួយ​លោក Anthony Albanese នា​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ក្រោយ​ជំនួបថា មេដឹកនាំ​ទាំង ២ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង ២ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ក្នុង​វិស័យ ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការរុករក​រ៉ែមាស។

មេដឹកនាំទាំង ២ បាន​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ ខណៈ​លោក ហ៊ុន សែន បាន​សរសើ​រអូស្ត្រាលី​ដែល​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន​ប្រមាណ​ជិត ៣​លាន​ដូស និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗទៀត​ដល់​កម្ពុជា​យ៉ាង​ទាន់​ពេលវេលា។

លោក ហ៊ុន សែន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ អូស្ត្រាលី ក្នុង​ការ​រួមចំណែក​ដល់​ការ​កសាង​សន្តិភាព និង​ការ​បន្ត​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅ​កម្ពុជា តាម​រយៈការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​លើ​វិស័យ​ផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋា​រចនាសម្ព័ន្ធ ការ​បោសសម្អាត​មីន និង​សុខាភិបាល។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «សម្តេចតេជោ​បាន​ស្នើ​ដល់​អូស្ត្រាលី ឱ្យ​បន្ត​ផ្តល់​ជំនួយ​លើ​ការ​បោស​សម្អាត​មីន ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ កម្ពុជា​គ្មានមីន ត្រឹម​ឆ្នាំ ២០២៥»។

មេដឹកនាំ​ទាំង ២ បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រាយ​រវាង អាស៊ាន-អូស្ត្រាលី ខណៈ​លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់ អូស្រ្ដាលី ដែល​បាន​គាំទ្រ​ភាព​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២២ របស់​កម្ពុជា។

នាថ្ងៃទី១២ ខែវិច្ឆិកា នេះដែរ លោក ហ៊ុន សែន បាន​ដឹកនាំ​កិច្ច​កំពូល​អាស៊ាន អូស្ត្រាលី លើកទី​២ ជាមួយ​លោក Anthony Albanese ដែល​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ ដោយ​លោក ហ៊ុន សែន បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម ថា ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ «ដ៏រឹងមាំ» រវាង អាស៊ាន-អូស្ត្រាលី នឹង​បន្ត​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ទៀត​ដល់​ប្រជាជន​ទាំង ២។

លោកក៏​បាន​វាយ​តម្លៃ​ខ្ពស់ ដែល​ប្រទេស អូស្ត្រាលី តែងតែ​បង្ហាញ​ការ​គាំទ្រ​ឥតងាករេ មក​លើ​មជ្ឈភាព​អាស៊ាន តាម​រយៈការ​ចូលរួម​យ៉ាងសកម្ម និង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។

លោក ហ៊ុន សែន បាន​កោត​សរសើរ​នូវ​ល្បឿន និង​សមិទ្ធផល​ដែល​ភាគី​ទាំង ២ អាស៊ាន-អូស្ត្រាលី សម្រេច​បាន​រួមគ្នា ក្នុង​រយៈពេល​ដ៏ខ្លី តាម​រយៈ​គំនិត​ផ្តួចផ្តើម​យ៉ាងច្រើន ជាពិសេស គំនិត​ផ្តួចផ្តើម អូស្ត្រាលី ដើម្បី​អនាគត​អាស៊ាន ដែល​នឹង​ផ្តល់​ការ​គាំទ្រ​អន្តរវិស័យ ដល់​ការអនុវត្ត​ទស្សនវិស័យ​អាស៊ាន ស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែល​តម្រូវការ​ជាក់ស្តែង​របស់​ប្រទេសអាស៊ាន។

លោក​បាន​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់ អូស្តា្រលី ក្នុង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​សមាហរណកម្ម​តំបន់ ការ​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ តាម​រយៈការ​ដាក់ចេញ​នូវ​កម្មវិធី អូស្ត្រាលី​សម្រាប់​អាស៊ាន ស្តីពីសេដ្ឋកិច្ច និង​ការ​តភ្ជាប់ និង​កម្មវិធី​គាំទ្រ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «សមិទ្ធផល​ដ៏​ត្រចេះត្រចង់​នេះ បញ្ជាក់ពី​ការ​ប្តេជ្ញាចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ក្នុង​ការ​ពង្រឹងទំនាក់ទំនង​កិច្ចសន្ទនា ឱ្យ​កាន់តែ​ស៊ីជម្រៅ»៕