ភ្នំពេញៈ លោក លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន​បញ្ជាក់​ថា គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ (UN ESCAP) នឹង​ជួយ​គាំទ្រ​អាជ្ញាធរមីន​ក្នុង​ការ​រៀបចំ​គោល​នយោបាយជាតិ​សកម្មភាព​មីន និងរៀបចំ​វេទិកាជាតិ​អន្តរជាតិ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​នា​ពេល​ខាង​មុខ​នេះ។

នាថ្ងៃទី១២ ខែ​វិច្ឆិកា លោក លី ធុជ បាន​ជួប​ជាមួយ​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន UN ESCAP ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UN ESCAP នៅ​សណ្ឋាគារ​សុខា។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​អាជ្ញាធរមីន លោក លី ធុជ ថ្លែងថា៖ «UN ESCAP នឹង​ជួយ​គាំទ្រ និង​សហការ​ជាមួយ​អាជ្ញាធរ​មីន ក្នុង​ការរៀបចំ​គោលនយោបាយជាតិ​សកម្មភាព​មីន និង​រៀបចំ​វេទិកា​ជាតិ​អន្តរជាតិ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​នាពេល​ខាង​មុខនេះ»។

លោកបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការ​សកម្មភាព​មីន នឹង​ត្រូវ​បាន​លើកឡើង និង​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​អង្គសន្និបាត​នៅ​ឆ្នាំ​ក្រោយ របស់ UN ESCAP ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ។

លោក លី ធុជ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ដ៏ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UNESCAP និង​បានថ្លែង​អំណរគុណ UNESCAP ចំពោះ​ការ​គាំទ្រ​លើ​ការងារ​បច្ចេកទេស ដល់​សកម្មភាពមីន​នៅកម្ពុជា៕