ភ្នំពេញៈ អាស៊ាន-ជប៉ុន ប្រកាស​ស្វាគមន៍​ផែនការ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច អាស៊ាន-ជប៉ុន ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព​ក្នុង​ឆ្នាំ២០២៣ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ប្រកប​ដោយ​ភាព​ធន់ រឹងមាំ ចីរភាព និង​នវានុវត្តន៍។

ការ​ប្រកាស​ស្វាគមន៍​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល អាស៊ាន-ជប៉ុន នាថ្ងៃ​ទី១២ ខែ​វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នកនាំពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ថ្លែង​ថា កិច្ច​ប្រជុំ​កំពូល អាស៊ាន-ជប៉ុន បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ អាស៊ាន-ជប៉ុន ដែល​បាន​នាំមក​នូវ​ភាព​ជោគជ័យ​យ៉ាង​ធំធេង និង​ត្រចះត្រចង់​លើ​គ្រប់វិស័យ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស អាស៊ាន និងជប៉ុន។

លោកថ្លែង​ក្នុង​សន្និសីទ​កាសែត នាថ្ងៃទី ១២ ខែ​វិច្ឆិកា ថា កិច្ច​ប្រជុំនេះ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ជាក់ស្ដែង នៃ​ការ​អនុវត្តការ​កែសម្រួល​ការ​អនុវត្ត​សេចក្តី​ប្រកាស​ចក្ខុវិស័យ​ស្តីពី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ អាស៊ាន-ជប៉ុន ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និងអនាគតមួយ។

លោក គង់ ភោគ ថ្លែងថា ថ្នាក់ដឹកនាំ​អាស៊ាន​បាន​កោតសរសើរ​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​ជំនួយ​លើ​វិស័យ​សុខាភិបាល​អាស៊ាន ជាពិសេស ការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ និង​បរិក្ខារ​វេជ្ជសាស្ត្រ​នានា ដែល​តាម​រយៈនេះ​បាន​ចូលរួម​ចំណែក​ទប់ស្កាត់ និង កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺឆ្លង​នៅ​ក្នុងតំបន់។

លោកបន្តថា កិច្ចប្រជុំ​ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មាសថ្មី​នៅ​ឆ្នាំ ២០២៣ ហើយ​ក៏​នឹង​រៀបចំ​កិច្ច​ប្រជុំ​រំឭក​ខួប ៥ ០ឆ្នាំ​នៃមិត្តភាព​ និង កិច្ច​សហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅ​ទីក្រុងតូក្យូ។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា៖ «ថ្នាក់​ដឹកនាំ អាស៊ាន-ជប៉ុន ក៏​បាន​ស្វាគមន៍​ផែនការ​ការងារ​ឆ្ពោះ​ទៅ​ការ​បង្កើត​ការ​រចនា​នាពេល​អនាគត និងផែនការ​សកម្មភាព​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​អាស៊ាន​ជប៉ុន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព​ក្នុង​ឆ្នាំ ២០២៣ ព្រម​ទាំង​សំណើ​ស្តីពី​គំនិតផ្តួចផ្តើម​ដឹកនាំ​ដោយ​វិស័យ​ឯកជន​ដើម្បី​បង្កើត​ចក្ខុវិស័យ សហបង្កើត​សេដ្ឋកិច្ច​ អាស៊ាន-ជប៉ុន ដែល​សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​ស្តារឡើង​វិញ​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ភាពធន់ រឹងមាំ ចីរភាព និងនវានុវត្តន៍»៕