ភ្នំពេញៈ មេ​ដឹកនាំ​កម្ពុជា ​និង​ជប៉ុន ​បានឯកភាព​គ្នា​ធ្វើឱ្យ​ទំនាក់​ទំនង​ទ្វេភាគី ​ពី​«ដៃគូយុទ្ធសាស្ត្រ» ឡើង​ទៅជា​ «ភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។ ការប្តេជ្ញា​ចិត្ត​នេះ​ ធ្វើឡើង​ក្នុង​ជំនួប​ រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន សែន ​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ គីស៊ីដា ​ហ្វូមិអុ ​កាលពី​ថ្ងៃទី ១២ ​ខែវិច្ឆិកា ​ឆ្នាំ ២០២២។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​កម្ពុជា ​និង​ជប៉ុន​ ពិភាក្សា​គ្នា​ត្រង់ទៅ​ត្រង់មក ​ដោយ​ភាគី​ទាំង ២ ​ទទួល​ស្គាល់​ថា ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង២ ​ឈាន​ដល់​កម្រិត​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ លោក​បន្តថា​ រូប​លោក​ជាអ្នក​ផ្ដួចផ្ដើម​ស្នើ​បង្កើន​កម្រិត​ទំនាក់​ទំនង​នេះ។

លោក​ ហ៊ុន សែន ​ថ្លែងថា​៖«កាលពី​ដើមឆ្នាំ​ពេល​នាយករដ្ឋមន្ត្រី​ជប៉ុន​មក​កម្ពុជា ​ខ្ញុំ​បានស្នើ​លើកកម្ពស់​ទំនាក់​ទំនង​ពី​ដៃគូ​យុទ្ធសាស្ត្រ ​ទៅជា ​«ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។ ថ្ងៃនេះ​ឯកឧត្តម​គីស៊ីដា ​បានប្រាប់​ថា ​ជប៉ុន​យល់ព្រម​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​នេះ​ នៅ​ឆ្នាំក្រោយ ​និង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​នេះ»។

លោក​ ហ៊ុន សែន ​បញ្ជាក់ថា​៖ «ពិតជា​កិត្តិយស ​និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ ដែលចង់​មាន​មិត្តភក្តិ​ល្អ​នៅ​ក្នុង​តំបន់»។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន ​បានផ្សាយ​ថា ​នាយករដ្ឋមន្រ្តី​ទាំង ២ ​បានបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង ២ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ហើយ​ក៏បាន​ឯកភាព​គ្នា​ធ្វើឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​ឡើង​ទៅ​ជា «ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី៧០​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នា​ឆ្នាំ​ក្រោយ ។

ប្រភព​ដដែល​បន្តថា ​ប្រទេស​ទាំង ២ ​ក៏​យល់ព្រម​នឹង​យក​ឱកាស​នេះ​ ដើម្បី​ជំរុញ​ឱ្យ​កិច្ចសហ​ប្រតិបត្តិការ​ទេ្វភាគី​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត។

ប្រទេស​កម្ពុជា ​និង​ជប៉ុន ​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា​តាំងពី​ឆ្នាំ ១៩៥៣ ​មក។ ខួប​ទី៧០ ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ពេល​នោះ ​ក៏ជា​ពេលវេលា​ចាប់ផ្ដើម​ «ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»​ រវាង​ប្រទេស​ទាំង ២ ​ដែរ។

អ្នក​តាមដាន​បញ្ហា​នយោបាយ​អន្តរជាតិ ​ធ្លាប់បាន​លើកឡើង​ថា ​ការបង្កើន​ទំនាក់​ទំនង​ឱ្យដល់​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​នឹង​នាំឱ្យ​មាន​ប្រយោជន៍​ទាំង​សង​ខាង។

«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នេះ​ជាកិច្ចព្រម​ព្រៀង​ដ៏​ហ្មត់ចត់​ លម្អិត​ ដែល​ភាគី​ហត្ថលេខី​នីមួយៗ​ឯកភាព​គ្នា​ចែង​ពី​កាតព្វកិច្ច​របស់​ពួកគេ​ទៅវិញ​ទៅ​មក។ កាលពី​ឆ្នាំ ២០១០ ​ប្រទេស​កម្ពុជា ​និង​ចិន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ​ដែរ។ បន្ទាប់ពី​បង្កើន​ទំនាក់​ទំនង​រួច ​ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង២​ក៏កើន​ឡើង ​ការគាំទ្រ​គ្នា​លើ​នយោបាយ​អន្តរជាតិ​ក៏​កាន់តែ​ពង្រឹង។

អ្នក​វិភាគ​គោល​នយោបាយ ​លោក​ រ៉ូ វណ្ណៈ ​ធ្លាប់​ប្រាប់​អ្នកកាសែត​ថា ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ​នាំ​ឱ្យ​កម្ពុជា​ចំណេញ​ការទូត​អន្តរជាតិ ​ចំណេញ​ទាំង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​ខណៈ​បំណង​ធំ​របស់​ជប៉ុន ​ទំនង​ជាចង់​ប្រជែង​ឥទ្ធិពល ​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​តំបន់៕