សៀមរាបៈ​ អង្គការ​អា​គ្រី​ស៊ុតនឹង​រៀប​ចំ​កម្មវិធី​ប្រកួត​ស្នាដៃ​ចម្អិនម្ហូប​អង្គរ​ជា​លើក​ទី១ ក្រោម​ប្រធានបទ ទឹកដី និង​ការច្នៃប្រឌិត នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា​ នៅខេត្តសៀមរាបខាងមុខ ដែល​តម្រូវឱ្យ​អ្នកចូលរួម​ប្រកួត​ប្រើប្រាស់​កសិផល​ដែល​ដាំ និង​ផលិត​ដោយ​កសិករ​ខ្មែរ ដើម្បី​លើកកម្ពស់​ផលិតផល​កសិកម្ម​ខ្មែរ។

កម្មវិធីការបញ្ចេញ​ស្នាដៃ​ចម្អិនម្ហូប​អង្គរ គឺជា​ការប្រកួត​ម្ហូប​ដោយ​ប្រើប្រាស់​កសិផល​ដែល​ដាំ និង​ផលិត​ដោយ​កសិករ​តំបន់​ជាយក្រុង​សៀមរាប ដែល​សម្របសម្រួល​បច្ចេក​ទេស​លើ​ការដាំដុះ​ដោយ​អង្គការ​អា​គ្រី​ស៊ុត ខណៈ​កម្មវិធី​នេះ ក៏​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅដល់​ចម្ការ​កសិករ​ក្នុង​តំបន់កសិកម្ម​ដោយ​ផ្តោតលើ​ការអនុវត្ត​កសិកម្ម​ដែល​គិតគូរ​ពី​បរិស្ថាន​ទៀតផង។

តាម​សេចក្តីប្រកាស​របស់​អង្គការ​នេះបានឱ្យដឹងថា ព្រឹ​ត្ត​ការណ៍​នេះនឹង​ប្រព្រឹត្តទៅ​ថ្ងៃទី ១៧ វិច្ឆិកា ក្រោម​ប្រធានបទ ទឹកដីនិង​ការច្នៃ​ប្រ​ឌិត ហើយ​បេក្ខជន​ទាំងអស់ តម្រូវឱ្យ​រៀបចំ​ចម្អិន​មុខម្ហូប​ប្រចាំខេត្ត ១ មុខ គឺ​ទឹកគ្រឿង​សៀមរាប ដែល​តម្រូវ​ឱ្យប្រើ​បន្លែ ២ ផ្នែក គឺ​បន្លែ​ក្នុងស្រុក និង​បន្លែ​នាំ​ចូលមក​ដាំ​ថ្មី ក្នុងប្រទេស​កម្ពុជា។

សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា៖ «បេក្ខជន​ដែល​ត្រូវ​ចូលរួម​ប្រកួត នឹងត្រូវ​អ​ញ្ញើញ​តាមរយៈ​សមាគម​ចុងភៅ​កម្ពុជា ពី​តាម​បណ្តា​ភោជនីយដ្ឋាន​ក្នុង​ខេត្តសៀមរាប។បេក្ខជន​ចំនួន ៣ ស្ថាប័ននិង​ត្រូវជា ៦ រូប នឹងចូលរួម​មកពី​ភោជនីយដ្ឋាន​អង្គាដី ភោ​ជ​នីយ​ដ្ឋា​ន​មេអំបៅ និង​ភោជនីយដ្ឋាន​ក្នុងភូមិ​ព្រះ​ដាក់»។

លោក ជិ​ញ ភារៈ អនុប្រធាន​អង្គការ​អា​គ្រី​ស៊ុត​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ វិច្ឆិកា​ ថា ការរៀបចំកម្មវិធី​នេះ​ ឡើងគឺមាន​គោលបំណង​លើកកម្ពស់​ដល់​ផលិតផល​កសិកម្ម​ខ្មែរនិង​ដើម្បី​ណែនាំ​ឱ្យ​អនាគត​មេ​ចុងភៅ​ទាំងអស់​បាន​ស្គាល់ និង​ចូលរួម​ក្នុង​ការប្រើ​ផលិតផល​ក្នុងស្រុក​មក​ចម្អិន​អាហារ។

លោកបាន​បន្ថែមថា អង្គការ​អា​គ្រី​ស៊ុត ក៏​ចង់បង្ហាញ​ពី​ថ្វីដៃ​របស់​ចុងភៅ​នៅ​ខេត្តសៀមរាប ក៏ដូចជា​ផ្សព្វផ្សាយ និង​ធ្វើ​ន​វានុ​វត្ត​ន៍​នៃ​ប្រព័ន្ធ​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប ដោយ​លើក​បង្ហាញ​ពីមុខ​ម្ហូប​ប្រចាំ​ខេត្តសៀមរាប ដែលមាន​ឈ្មោះថា ទឹកគ្រឿង​សៀមរាប ​ផងដែរ។

លោកបាន​បញ្ជាក់ថា៖ «យើង​ធ្វើកម្មវិធី​ប្រកួត​អ៊ីចឹ​ង​ដើម្បី​ចង់​បង្ហាញថា នៅក្នុង​ខេត្តសៀមរាប មាន​បន្លែ​ដាំ​ដុះ​នៅក្នុង​ស្រុក​ដែរ។យើង​ចង់​លើកកម្ពស់​ឱ្យមាន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុកដោយ​បង្ហោះ​ពី​កន្លែង​គោលដៅ​ដែលមាន​ការដាំ​បន្លែ​សុវត្ថិភាព។ កន្លងទៅ​​យើង​តែង​ធ្វើការ​តាំង​ពិ​ព័រ​ណ៍នូវ​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ពី​កសិករ​យើង»។

បើតាម​លោក ជិ​ញ ភារៈ បន្លែ​ក្នុងស្រុក និង​បន្លែ​នាំចូល​ថ្មី ដែល​តម្រូវឱ្យ​ចុងភៅ​ធ្វើ​ម្ហូប​ក្នុងការ​ប្រកួត គឺ​សុទ្ធតែជា​បន្លែ​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​ប្រកបដោយ​សុវត្ថិភាព ដែលមាន​ដូចជា ​ផ្កាអង្គាដី ផ្កាស្នោ ផ្កាកំប្លោក ត្រប់ស្រួយ ល្ហុង​ខ្ចី ប្រពាយ ស្អំ ផ្ទី សណ្តែកកួរ ត្រសក់ ននោង​ ព្រលឹត និង​អូ​ក្រា​ ជាដើម។ លោកអះអាងថា ផលិត​ផលបន្លែ​សុវត្ថិភាព​ទាំងនេះគឺ​បានធ្វើ​ការដាំដុះ​ទៅតាម​រដូវនិង​មិនមាន​ប្រើប្រាស់​ថ្នាំ​គីមី​នោះទេ ហើយ​ការបរិភោគ គឺ​ប្រកបដោយ​សុវត្ថិភាព និង​មាន​រសជាតិ​ឆ្ងាញ់។

លោកបាន​បញ្ជាក់ថា៖ «បន្លែ​សុវ​ត្ថិ​ភាព​ទាំងនេះ យើង​មិនទាន់​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​បាន​គ្រប់គ្រាន់​ទេ ព្រោះ​យើង​ស្ថិតនៅក្នុង​ការធ្វើជា​លក្ខ​ណៈគ្រួសារតូចៗនិង​តាម​រដូវ​កាល។ ប៉ុន្តែ​ចំពោះ​តម្រូវការ​ទីផ្សារ​នូវ​បន្លែ​សុវត្ថិភាព​នេះ គឺមាន​តម្រូវការ​ខ្ពស់ ជាពិសេស​គឺ​ក្នុង​រដូវ​រីក​រាល​ដាលជំងឺ​កូ​វីដ ១៩ នេះ​តែម្តង»។

តាមរបៀប​វារៈ​នៃ​កម្មវិធី​ដែល​បានប្រកាស​ដោយ​អង្គកា​រអា​គ្រី​ស៊ុត​ បាន​អះអាងថា ម្ចាស់​ជយលាភី​ក្នុងការ​ប្រកួត​នេះ នឹង​ទទួលបាន​ពាន មេដាយ ព្រមទាំង​វិ​ញ្ញាប​ន​បត្រ​ផងដែរ បន្ទាប់​ពី​មានការ​វាយតម្លៃ​ពី​សមា​ជិ​ក​គណៈវិនិច្ឆ័យដែលមាន​សមាសភាព​ដូចជា​ លោក ប្រាក់ សោភ័ណ អភិបាលរង​ខេត្តសៀមរាប លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគមចុងភៅ​កម្ពុជា និង​សមាសភាព​មកពី​អង្គការ​អា​គ្រី​ស៊ុត​ចំនួន ៤ រូប៕