ភ្នំពេញៈ មន្ត្រីជំនាញកសិកម្ម បានជំរុញឱ្យកសិករពន្លឿនការដាំដុះស្រូវស្ដារឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ជនបទ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា នៅពេលនេះ ប្រជាកសិករភាគច្រើនកំពុងមមាញឹកក្នុងការដាំដុះស្រូវស្ដារឡើងវិញ ក្រោយពីទឹកដែលបានជន់លិច បង្កការខូចខាតស្រូវរបស់ពួកគាត់កាលពីមុន បានស្រកនិងឈានទៅរកការគោករីងជាបន្តបន្ទាប់។
លោកបានបន្តថា គិតត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រជាកសិករនៅខេត្តក្រចេះ បានដាំដុះស្រូវស្ដារឡើងវិញបាន ១០០ ភាគរយ លើផ្ទៃដីដែលខូចខាតដោយទឹកជំនន់នាពេលកន្លងទៅថ្មីៗនេះចំនួន ២ ៧៨៤ ហិកតាដោយប្រើប្រាស់គ្រាប់ពូជអស់ជាង ២៨១ តោន។ ខណៈកសិករនៅខេត្តត្បូងឃ្មុំ ដាំដុះស្ដារឡើងវិញបាន៩៣ភាគរយនៃផ្ទៃដីដំណាំស្រូវ ដែលខូចខាតសរុប ៣ ១២៥ ហិកតា។ ចំណែកនៅខេត្តកំពង់ធំ ប្រជាកសិករទើបតែដាំដុះស្រូវស្ដារឡើងវិញបាន ៧២ ភាគរយ នៃផ្ទៃដីខូចខាតដោយគ្រោះទឹកជំនន់សរុបជាង ១ ម៉ឺនហិកតា ខណៈនៅខេត្តពោធិ៍សាត់ កសិករទើបតែដាំដុះស្រូវស្ដារឡើងវិញបាន ១ ១០៥ ហិកតា ស្មើនឹង ១៦ ភាគរយ នៃផ្ទៃដីខូចខាតសរុប ៩ ៣២១ ហិកតា។
លោកបានបញ្ជាក់ថា៖ «សកម្មភាពដ៏មមាញឹករបស់ប្រជាកសិករយើងនាពេលនេះ បង្ហាញថា ពួកគាត់បានប្រឹងប្រែង ដើម្បីស្ដារនិងពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់គាត់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ជនបទ»។
ទោះជាបែបណាក៏ដោយ មកទល់ពេលនេះកសិករមួយចំនួន ហាក់ដូចជានៅមិនទាន់រវាសរវៃក្នុងការត្រៀមខ្លួនដាំដុះស្រូវស្ដារឡើងវិញនៅឡើយទេ ដោយយកលេសថា ដីស្រែរបស់ពួកគេនៅមានទឹកដក់ជ្រៅនៅឡើយ ដែលជាហេតុមិនអាចឱ្យពួកគេចល័តគោយន្ត ឬ ត្រាក់ទ័រចូលទៅភ្ជួររាស់បាន។
ប្រជាកសិករ នៅសង្កាត់អូរកន្ទក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក ហាស់ សាលីន អាយុ ៤៥ ឆ្នាំ បាននិយាយថា៖ «ខ្ញុំនឹងចាប់ផ្ដើមដាំដុះស្រូវស្ដារឡើងវិញនៅចុងខែវិច្ឆិកានេះ ព្រោះនៅពេលនេះដីស្រែរបស់ខ្ញុំ នៅមានទឹកដក់ត្រឹមជង្គង់នៅឡើយ ដូច្នេះឥឡូវនេះ ខ្ញុំមិនអាចចល័តគោយន្តចូលទៅភ្ជួររាស់បានទេ»។
ប៉ុន្តែលោក គង់ គា បានណែនាំថា ដីស្រែដែលនៅមានទឹកដក់នៅឡើយនោះ កសិករអាចប្រើម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចេញពីក្នុងដីស្រែ ហើយភ្ជួររាស់សម្លាប់ស្មៅឱ្យអស់ជាមុន មុនពេលធ្វើការសាបព្រោះគ្រាប់ពូជស្រូវ។ ការរង់ចាំរហូតទឹកស្រកអស់ពីក្នុងដីស្រែ ទើបចាប់ផ្ដើមភ្ជួររាស់ ដាំដុះស្ដារឡើងវិញនោះ គឺជាការខាតបង់ឱកាសក្នុងការបង្កបង្កើនផលស្រូវកាន់តែច្រើន ពិសេសការបង្កបង្កើនផលស្រូវរដូវប្រាំង នៅឆ្នាំក្រោយនេះ ។
លោកថ្លែងថា៖ «បើយើងពន្យារពេលដាំដុះស្រូវស្ដារឡើងវិញនាពេលនេះ យើងបាត់បង់ឱកាសកាន់តែច្រើន ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង។ ប៉ុន្តែបើយើងចាប់ផ្ដើមពីពេលនេះ នោះយើងនឹងអាចប្រមូលផលស្រូវនៅក្នុងអំឡុងពាក់កណ្ដាលខែកុម្ភៈ ហើយអាចបន្តធ្វើស្រូវប្រាំងដែលអាចទទួលផលនៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំ ២០២៣ ដោយមិនបារម្ភពីកង្វះខាតទឹកស្រោចស្រពនោះឡើយ»។
បើតាមលោក គង់ គា កសិករ ដែលបានដាំដុះស្រូវស្ដារឡើងវិញរួចហើយ គប្បីចុះពិនិត្យថែទាំស្រូវឱ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណារក្សាទឹក បោចសម្អាតស្មៅ និងកម្ចាត់សត្វល្អិតចង្រៃ កុំឱ្យមកយាយីដំណាំស្រូវ។ នៅពេលស្រូវលូតលាស់បែកគុម្ព ត្រូវបន្តចុះថែទាំដាក់ទឹក ដាក់ជីទៅតាមការណែនាំរបស់មន្ត្រីជំនាញ ចៀសវាងការប្រើប្រាស់ជីច្រើនហួសប្រមាណ ដែលនាំឱ្យបង់ខាតថ្លៃដើមកាន់តែខ្ពស់។
ដោយឡែក លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងរដូវវស្សាកន្លងមកនេះ ជំនន់ទឹកភ្លៀងបានបង្កការខូចខាតដំណាំស្រូវអស់ ១៨៧ ហិកតា និងខូចខាតដំណាំសាកវប្បកម្ម រួមទាំងដំណាំកសិឧស្សាហកម្មសរុប ៣៣៤ ហិកតា ប៉ុន្តែដោយសារខេត្តស្ទឹងត្រែង គឺជាតំបន់ខ្ពង់រាប ការដាំដុះស្រូវស្ដារឡើងវិញ គឺមិនអាចធ្វើទៅបានទេ ដោយសារប្រព័ន្ធធារាសាស្ត្រសម្រាប់បញ្ជូនទឹកទៅផ្គត់ផ្គង់ការស្រោចស្រពនៅមានកម្រិតនៅឡើយ។
លោកថ្លែងថា៖ «យោងតាមស្ថានភាពជាក់ស្ដែង កសិករយើងនៅក្នុងខេត្តស្ទឹងត្រែង គឺភាគច្រើនមានតម្រូវការគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ដែលអាចដាំដុះក្នុងរយៈពេលខ្លី និងជាស្បៀងបម្រុងខ្លះ ព្រោះពួកគាត់មិនអាចធ្វើការដាំដុះស្រូវស្ដារឡើងវិញបានទេ ព្រោះគ្មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព»៕
វីដេអូ៖