ភ្នំពេញៈ កិច្ចប្រជុំអាស៊ានបានបិទបញ្ចប់ជាស្ថាពរហើយ នៅវេលារសៀល ថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី ១១ ខែវិច្ឆិកាមក បានទទួលការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីសំណាក់មេដឹកនាំនៃបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។
លោកប្រមុខអង្គការសហប្រជាជាតិ Antonio Guterres កាលពីថ្ងៃទី ១២ វិច្ឆិកា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅចំពោះមុខការបែកបាក់គ្នារបស់ពិភពលោក និងការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយជាសកលដ៏ស្រួចស្រាល់ ជាពិសេសការលេចត្រដែតឡើងនៃមហាអំណាចចិនឈមនឹងមហាអំណាចចាស់សហរដ្ឋអាមេរិក ដែលកំពុងយាយីដល់សន្តិសុខពិភពលោក។
លោក Antonio Guterres៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងខណៈពេលដែលមានការប្រកួតប្រជែងជាសកលដ៏ធ្ងន់ធ្ងរនេះ។ ការបែកបាក់កាន់តែមានភាពស៊ីជម្រៅ ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខពិភពលោក។ វោហារស័ព្ទប្រកបដោយគ្រោះថ្នាក់ គឺកំពុងបង្កើនភាពតានតឹងនុយក្លេអ៊ែរ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយក្នុងពេលបច្ចុប្បន្នកំពុងបង្កឱ្យកើតមានអសន្តិសុខពិភពលោក ដែលនាំឱ្យកើតមានជម្លោះថ្មីៗ ជារនាំងធ្វើឱ្យគេពិបាកក្នុងការបញ្ចប់វិបត្តិចាស់។ លោកថា សេដ្ឋកិច្ចពិភពលោកកំពុងរងការបែងចែកជា ២ ផ្នែក ដែលមួយផ្នែកដឹកនាំដោយមហាអំណាចចិន និងមួយផ្នែកទៀតដឹកនាំដោយមហាអំណាចសហរដ្ឋអាមេរិក។
ក្នុងការណ៍នេះ លោក Antonio Guterres ចង់ឱ្យសមាជិកអាស៊ានត្រូវរៀបចំខ្លួនឱ្យបានល្អ ជាពិសេសដើរតួជាស្ពានចម្លង នៅចំពោះមុខការបែកបាក់របស់ពិភពលោក ស្របពេលសកលលោកកំពុងជួបវិបត្តិតួយ៉ាង បណ្តាប្រទេសជាច្រើននៅលោកខាងត្បូងកំពុងរងការរាតត្បាតពីជំងឺកូវីដ-១៩ និងវិបត្តិអាកាសធាតុដែលកំពុងយាយីដល់សិទ្ធិក្នុងការទទួលបានរបបអាហារ ថាមពល ព្រមទាំងបញ្ហាហិរញ្ញវត្ថុ ដែលកាន់តែប្រឈមភាពធ្ងន់ធ្ងរដោយសារវិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានកោតសរសើរដល់អាស៊ានដែលប្តេជ្ញាយ៉ាងមោះមុតលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោកសង្កត់ធ្ងន់ថា អាស៊ានមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលដ៏រឹងមាំសម្រាប់ពិភពលោក។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាពេលនេះ ជាការថ្លឹងថ្លែងតុល្យភាពអំណាចរបស់មហាអំណាចធំៗ២របស់ពិភពលោកពោលគឺ សហរដ្ឋអាមេរិកដែលជាមហាអំណាចចាស់ និងចិនដែលកំពុងរះត្រដែតឡើង ប្រាប់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងពិភពលោកឱ្យបានដឹង ដែលមហាអំណាច ២ នេះកំពុងគំរាមកំហែងដល់សន្តិសុខពិភពលោកចំពោះមុខការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយ។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះបញ្ជាក់ថា អាស៊ាននាពេលបច្ចុប្បន្នបានក្លាយជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកនូវសណ្តាប់ធ្នាប់ពិភពលោក ដែលអាស៊ានបានរៀបចំជាវេទិកា សម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើគោលការណ៍របស់អង្គការសហប្រជាជាតិ។
លោក យង់ ពៅ៖ «មជ្ឈភាពអាស៊ានបច្ចុប្បន្ន កាន់តែមានតួនាទីសំខាន់ ជាតួអង្គសំខាន់ ក្នុងការជជែកវែកញែកពីបញ្ហាសកល និងបញ្ហាតំបន់ជាដើម។ ដូចករណីពេលនេះ យើងបានអញ្ជើញប្រទេសមហាអំណាច ប្រទេសដៃគូសន្ទនាពាក់ព័ន្ធរបស់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា ជាដើមបានមកជជែកពិភាក្សាគ្នាអំពីបញ្ហាសកល»។
លោក យង់ ពៅ បន្ថែមថា អាស៊ានគួរតែពង្រឹងបន្ថែមទៀតនូវឯកភាពរបស់ខ្លួនក្នុងរង្វង់រដ្ឋជាសមាជិក ព្រោះកន្លងមក អង្គការតំបន់មួយនេះ រងការចោទប្រកាន់ថា ជាឈ្នាន់ ឬជាឧបករណ៍នយោបាយរបស់មហាអំណាច។
លោក រីម សុខវី សហស្ថាបនិករបស់ The Thinker Cambodia ជាវេទិកាអត្ថាធិប្បាយ និងវិភាគទៅលើកិច្ចការបរទេស ថ្លែងថា ការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិដូច្នេះ ពីព្រោះលម្ហភូមិសាស្ត្រនយោបាយបច្ចុប្បន្នកំពុងមានភាពតានតឹងកាន់តែខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់សហរដ្ឋអាមេរិក និងចិន ស្របពេលអាស៊ានជាវេទិកាសំខាន់សម្រាប់បណ្តាប្រទេសមហាអំណាចមកអង្គុយជជែកចរចាគ្នាព្រោះអាស៊ានជាអង្គការដាច់ដោយឡែកមិនផ្អែកចំពោះមហាអំណាចណាមួយ។
លោកថា៖ «អាស៊ាន ជាអង្គការតំបន់ ខុសពីអង្គការតំបន់ផ្សេងទៀតដែលផ្អែកទៅលើមហាអំណាចណាមួយ វាជាអំណាចមួយរបស់អាស៊ាន ដែលជួយដោះស្រាយបញ្ហាសកលបាន»។ អ្នកវិភាគនយោបាយវ័យក្មេងរូបនេះ ថ្លែងថា អង្គការតំបន់អាស៊ាន មានអំណាចដោយសារភាពជាកណ្តាលរបស់ខ្លួន ដែលផ្តល់ជាវេទិកាសម្រាប់បណ្តាមហាអំណាចមកជួបជុំ ជជែក ចរចា រកដំណោះស្រាយទៅលើវិបត្តិជាសកល៕