
គ្រឿងញៀន ដែលនគរបាលរឹបអូសពីក្នុងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ វិច្ឆិកា។ រូបថត ប៉ូលិស
ភ្នំពេញៈ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស៊ើបអង្កេតករណីរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២០០ គីឡូក្រាម។ ករណីនេះផ្តើមចេញពីរថយន្ត ១ គ្រឿង ផ្ទុកកញ្ចប់គ្រឿងញៀន បើកទៅបុករថយន្ត ១ គ្រឿងទៀត កាលពីយប់ថ្ងៃទី ១៣ វិច្ឆិកា នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហើយអ្នកបើករថយន្តបង្កមានតែម្នាក់បានគេចខ្លួន។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែវិច្ឆិកាថា ករណីសំណុំរឿងគ្រឿងញៀនចំនួន ២០០ គីឡូក្រាម ដែលសមត្ថកិច្ចចម្រុះដកហូតបានពីក្នុងរថយន្ត ១ គ្រឿង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនៅសង្កាត់វាលស្បូវ ខណ្ឌមានជ័យកំពុងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស៊ើបអង្កេត។
លោកថ្លែងថា៖ «រឿងនេះសមត្ថកិច្ចជំនាញមុខតែនឹងស្រាវជ្រាវបន្តទៀត ហើយសមត្ថកិច្ចកំពុងកំណត់មុខសញ្ញា ដែលរត់ចោលរថយន្ត។ យើងធ្វើម៉េចកំណត់ឱ្យបាន និងឈានដល់ចាប់ខ្លួនតែម្តង»។
បើតាមលោក អ៊ិន សុង រថយន្ត ១ គ្រឿងនោះជាប្រភេទរថយន្តនីស្សាន់ ហើយបំពាក់ស្លាកលេខ ខ.ម តែលោកមិនដឹងថា ជាស្លាកលេខក្លែងក្លាយ ឬក៏យ៉ាងណានោះទេ។ ហេតុដូច្នេះហើយសមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវជាមុនសិន។
កំណត់ហេតុរបស់សមត្ថកិច្ច ដែលបានសាកសួរសាក្សីជុំវិញកន្លែងហេតុឱ្យដឹងថា កាលពីយប់វេលាម៉ោង ១១ កន្លះថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តម៉ាកនីស្សាន់ ១ គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 02 21415។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កំណត់ហេតុនគរបាលបន្តថា មុនហេតុការណ៍កើតឡើង គេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រុស ១ គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1235 បើកបរចេញមកពីផ្លូវលំ ក្នុងទិសដៅពីកើតទៅទិសខាងលិច។ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ១ គ្រឿងម៉ាកនីស្សាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02 2-1415 និងមានបុរសម្នាក់ជាអ្នកបើកបរ។
រថយន្ត ១ គ្រឿងនេះ បានបើកតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសគ្នានឹងរថយន្តតូយ៉ូតាព្រុស ដោយល្បឿនយ៉ាងលឿន។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច បានរេចង្កូតទៅផ្នែកខាងឆ្វេងដៃ នៃផ្លូវ ហើយបានបុករថយន្ត Toyota Prius យ៉ាងពេញទំហឹងបណ្តាលឱ្យខូចខាតផ្នែកខ្លះ។
កំណត់ហេតុបន្តថា រថយន្តបង្ក ក្រោយពីបុករថយន្តព្រុសហើយ ក៏នៅតែមិនទាន់អស់កម្លាំងល្បឿន និងបន្តបុកចំរថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ១ គ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2H-7699 បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ។ ភ្លាមៗនោះគេបានឃើញបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបង្ក បើកទ្វាររថយន្តចុះគេចខ្លួនបាត់។
កំណត់ហេតុរបស់សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការត្រួតពិនិត្យក្នុងរថយន្តបង្ក ហើយបានប្រទះឃើញឡាំងក្រដាសមានរុំស្កុតចំនួន ៦ កេស។ ពេលនោះដែរសមត្ថកិច្ច បានរាយការណ៍ទៅនគរបាលជំនាញចុះមកត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២០០ គីឡូក្រាមនៅក្នុងរថយន្ត។ បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនទាំងនោះកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
វីដេអូ៖