ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកគ្មានបំណងនឹងធ្វើជាប្រធានអាស៊ានលើកទី៤ នៅ ១០ ឆ្នាំក្រោយនោះឡើយ បន្ទាប់ពីលោកបានបំពេញតួនាទីជាប្រធានអាស៊ានចំនួន ៣លើករូច ដែលលើកចុងក្រោយក្នុងឆ្នាំ ២០២២ នេះ ព្រោះលក្ខខណ្ឌជរាភាព។ ការណ៍នេះ ត្រួវបានអ្នកតាមដាននយោបាយយល់ថា គណបក្សកាន់អំណាចបានរៀបចំសមាសភាពមេដឹកនាំថ្មីរួចទៅហើយ។
នៅចំពោះមុខអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ លោក ហ៊ុន សែន ថ្លែងថា៖« ខ្ញុំនឹងមិនឈានឆ្ពោះទៅរកការធ្វើប្រធានអាស៊ានលើកទី៤ ទេ ព្រោះវាល្មមដល់អាស៊ានលើកទី៤ ខ្ញុំត្រូវអាយុ ៨០ ហើយ ដូច្នេះវាល្មមគ្រប់គ្រាន់ហើយ ៣ ដងនេះ»។
លោកបានលើកឡើងថា កិច្ចការកាន់តួនាទីជាប្រធានអាស៊ានគឺជាការលំបាក ដែលទាមទារឲ្យមានរដ្ឋមន្ត្រីការបរទេសវៃឆ្លាត ជំនួយការពូកែ ព្រមទាំងបណ្តាមន្ត្រីដែលមានសមត្ថភាពនិងមានភាពអត់ធ្មត់ខ្ពស់។ លោកបន្ថែមថា បើសិនជាគ្មានការចូលរួមចំណែកពីឧត្តមមន្ត្រី និងមន្ត្រីពាក់ព័ន្ធពេញលេញនោះទេ កម្ពុជាពិតជាមិនអាចកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ នេះបានជោគជ័យឡើយ។
ជុំវិញបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ មិនមែនជារឿងត្រូវភ្ញាក់ផ្អើលឡើយ ខណៈថ្នាក់ដឹកនាំគណបក្សកាន់អំណាចធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីការរៀបចំអ្នកបន្តវេនក្នុងជួរថ្នាក់ដឹកនាំរួចទៅហើយ។
លោក ហេង គឹមហុង បញ្ជាក់ថា៖ «ការលើកឡើងនេះ វាបង្ហាញកាន់តែច្បាស់ថា នៅពេលវេលាដ៏ខ្លីខាងមុខ ខ្ញុំក៏មិនដឹងពេលណាដែរ គណបក្សប្រជាជនកម្ពុជានឹងធ្វើការផ្លាស់ប្តូរបេក្ខភាពនាយករដ្ឋមន្ត្រី ឬផ្លាស់ប្តូរនាយករដ្ឋមន្ត្រីតាមកូតារបស់គណបក្សប្រជាជនកម្ពុជាតែម្តង។ ខ្ញុំយល់ថា បេក្ខភាពនេះ គ្មាននរណាក្រៅពីលោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានតែងតាំងជាអ្នកបន្តវេន»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះថ្លែងថា វាត្រូវដល់ពេលដែលកម្ពុជាគិតគូរផ្តល់លទ្ធភាពដល់យុវជនអាចចូលរួមចំណែកក្នុងការសម្រេចចិត្តថ្នាក់ជាតិ និងថ្នាក់តំបន់ហើយ ខណៈកន្លងមកនិងពេលបច្ចុប្បន្ន ការចូលរួមពីសំណាក់យុវជននៅមានកម្រិតក្នុងប្រទេសកម្ពុជាបើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានខ្លួនឯង។
លោក ហេង គឹមហុង បន្ថែមថា ដើម្បីឲ្យការត្រៀមខ្លួនចូលរួមចំណែករបស់យុវជនបន្តវេនជំនាន់ក្រោយនៅកិច្ចការតំបន់ និងពិភពលោក តួយ៉ាងភារកិច្ចជាប្រធានអាស៊ានលើកទី៤ នា ១០ ឆ្នាំក្រោយ លោកចង់ឃើញមានការបង្ហាញផ្លូវពីសំណាក់យុវចាស់ដែលមានបទពិសោធ ជាទីប្រឹក្សា ផ្តល់យោបល់ ដល់អ្នកបន្តវេនឲ្យការកាន់ភារកិច្ចទាំងនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងពីសមិទ្ធផលដែលសម្រេចបានពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានចំនួន ៣លើកកន្លងមក ដែលលោកថា កម្ពុជាបានបញ្ជ្រាបគោលគំនិតនិងទស្សនៈខ្លួនទៅក្នុងអង្គការតំបន់ដែលសម្រេចចេញជាឯកសាររាប់រយ ជាពិសេសកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដើរនាទីសំខាន់ក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន ដែលល្អក់កករជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង។
លោក គិន ភា ថ្លែងដោយរៀបរាប់ពីសមិទ្ធផលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបានចាប់តាំងឆ្នាំ ១៩៩៩ សម្រាប់ផ្តល់ឲ្យកម្ពុជាក្នុងក្របខណ្ឌអាស៊ាន៖ «លោក (ហ៊ុន សែន) បានបើកទ្វារការទូតសំខាន់ឲ្យកម្ពុជា នាំមកនូវមោទនភាពជាតិ ដែលជាច្រកការទូតកាន់តែទូលំទូលាយសម្រាប់កម្ពុជា។ នាំមកនូវការអភិវឌ្ឍប្រទេសក្នុងយន្តការអាស៊ាន សម្រាប់ការពង្រីកដៃគូពាណិជ្ជកម្មដែលបានដឹកនាំការវិនិយោគរបស់កម្ពុជាទៅក្នុងតំបន់និងពិភពលោក។ មួយវិញទៀត តាមរយៈយន្តការអាស៊ាននេះក៏ជាខែលសន្តិសុខការពារសំខាន់ដល់កម្ពុជាផងដែរ»។
លោកប គិន ភា បន្ថែមថា មរតកនយោបាយសំខាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គការអាស៊ានគឺការនាំមកនូវដំណើរសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ដែលផ្លាស់ស្ថានភាពកម្ពុជាដែលធ្លាប់ត្រូវបានគេផាត់ចោលឲ្យនៅឯកា កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ទៅជាប្រទេសមួយដែលមានឋានៈស្មើមុខស្មើមាត់ជាមួយកិច្ចការតំបន់និងអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា អន្តរជាតិចាប់ផ្តើមស្គាល់កម្ពុជាក្នុងកេរ្តិ៍ឈ្មោះល្អ កម្ពុជាបានចូលរូមចំណែកក្នុងកិច្ចការតំបន់និងពិភពលោក ខុសពីគេធ្លាប់ស្គាល់កម្ពុជាជាវាលពិឃាត ដោយចម្ការមីន ដោយភាពអត់ឃ្លាន និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច៕