ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សន្តិភាព និង​ការ​គ្មាន​ជំងឺ​រាតត្បាត​កូ​វីដ ១៩ បានធ្វើឱ្យ​មេដឹកនាំ​នៃ​ប្រទេស​ដទៃ​មាន​ទំនុកចិត្ត​ក្នុង​ការចូល​​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រយៈពេល​ ៤ ​ថ្ងៃ​។​

​ការ​ថ្លែង​អះអាង​បែបនេះ បាន​ធ្វើឡើង​ក្នុងពេល​លោក​ធ្វើ​ស​ន្និ​​សីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​លទ្ធផល​ជុំវិញ​កិច្ចប្រជុំ​កំពូល​​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដោយ​​មានការ​ចូលរួម​ពី​បណ្ដាញ​អ្នក​​សារព័ត៌មាន​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាង​ ៥០​ ស្ថាប័ន កាល​​ពី​រសៀល​ថ្ងៃទី​ ១៣ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព​។​

​លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែង​​ថា​៖ «​ជាក់ស្តែង​វា​នៅ​កន្លែង​ណា​ទើប​គេ​មក ​(​ចូលរួម​កិច្ចប្រជុំ​អា​​ស៊ាន​)​។ ​ទី​១ ត្រូវ​ធានា​សន្តិភាព​ឱ្យបាន ដោយ​មិនត្រូវ​ឱ្យមាន​អំពើ​ភេរវកម្ម សង្គ្រាម​នោះទេ​។ សុខសន្តិភាព គឺជា​កត្តា​ចម្បង​ក្នុង​ការធានា​ឱ្យបាន​ច្បាស់លាស់​សម្រាប់​មេដឹកនាំ​»​។

​លោក​បាន​បន្តថា សន្តិភាព គ្មាន​សង្គ្រាម ហើយ​សន្តិភាព​ដែល​គ្មាន​ភេរវកម្ម និង​ការបាញ់​​ប្រហារ​ គឺជា​កត្តា​សំខាន់​ណាស់​សម្រាប់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិ​​បាល​នៃ​ប្រទេស​នានា​ដែល​មកដល់​កម្ពុជា ខណៈ​ការ​ទទួលខុស​​ត្រូវ​ខ្ពស់​របស់​កម្ពុជា ដោយ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ពេញលេញ​​ជាមួយនឹង​កង​អង្គរក្ស​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ចំណុច​ទី​២ គឺ​យើង​គ្រប់គ្រង​បាន​កូ​វីដ ​១៩​។ ​ការគ្រប់គ្រង​បាន​កូ​វីដ ធ្វើ​ឱ្យគេ​មិន​ភ័យខ្លាច ជា​​មួយ​នឹង​ការមកដល់ ហើយ​ឆ្លង​ជំងឺ​កូ​វីដ​ពី​កម្ពុជា​។ ចំណុច​នេះ ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ប្រទេស​នានា​ហ៊ាន​មកកាន់​កម្ពុជា​។​ បើ​​សិន​ជា​កម្ពុជា ពោរពេញ​ដោយ​ហិង្សា​ឬក៏​អ្វីដែល​កើតមាន​ភាព​​ជ្រួលច្របល់ ហើយ​ថែម​ពីលើ​នោះ​កូ​វីដ​ញាំញី ក៏​ជា​មូលហេតុ​ដែល​ធ្វើឱ្យមាន​ការភ័យខ្លាច មិនមាន​ការជួបជុំ​នៅ​ទីក្រុង​​ភ្នំពេញ​ដែរ​»​។

​ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​អរគុណ​ដល់​មេដឹកនាំ​អាស៊ាន​ទាំងអស់ និង​ប្រទេស​ជា​ដៃគូ អង្គការ​អន្តរជាតិ​នានា ដែល​បាន​អញ្ជើញ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា ខណៈ​កិច្ចប្រជុំ​បញ្ចប់​ទៅដោយ​ជោគជ័យ​។​

​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​រយៈពេល​ ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៣ វិច្ឆិកា ដោយមាន​ថ្នាក់ដឹកនាំ​ជាង ​៣០ ​ប្រទេស និង​ស្ថាប័ន​ចូលរួម ក្នុងនោះ​ក៏មាន​ប្រធានាធិបតី​អាមេរិក លោក​ ចូ បៃ​ដិ​ន និង​នាយករដ្ឋមន្ត្រី​ចិន​លោក លី កេ​ឈាង​ ផងដែរ​។​

​លោក ប៉ា ច័ន្ទ​រឿន ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាបាន​ថ្លែងថា ការចូលរួម​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​ក្នុងពេល​​នេះ​ គឺជា​ការផ្តល់​ការជឿ​ទុក​​ចិត្ត​មកកាន់​កម្ពុជា ទាំង​សមត្ថ​​ភាព និង​លទ្ធភាព ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ ជាពិសេស​គឺ​ការ​ការ​ពារ​សន្តិសុខ សុវត្ថិភាព​របស់​​កម្ពុជា ដែល​អាច​ធ្វើបាន​។​

​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បានលើកឡើង​ពីថ្ងៃ​ទី ​១៣ វិច្ឆិកា​ថា នៅ​ ១០ ឬ​ ១១​ ឆ្នាំ​ទៀត នោះ​កម្ពុជានឹង​ដល់​វេន​ធ្វើជា​ប្រធាន​អាស៊ាន​ជាថ្មីទៀត ហើយ​ដល់​ពេលនោះ​កម្ពុជា នឹង​អាច​យកចំណេញ និង​រក​ប្រយោជន៍​ឱ្យ​ខ្មែរ និង​តំបន់​បាន​កាន់តែច្រើន​។ ជាមួយគ្នា​នោះ លោក​រំពឹងថា ក្នុងពេលនោះ មេដឹកនាំ​កម្ពុជា ក៏​នឹង​បាន​ទៅជា​មេដឹកនាំ​តំបន់​ ១​ រូប​នឹង​គេ បើសិនជា​អនុវត្តបាន​គោល​​ការណ៍​សំខាន់​មួយចំនួន​។​

​លោក​ថា​៖ «​មេដឹកនាំ​កម្ពុជា​​មាន​វប្បធម៌​ខ្ពស់ មានឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ គោរព​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព និង​រដ្ឋធម្មនុញ្ញ ប្រកាន់​គោ​លន​យោ​​បាយ​អព្យាក្រឹត​ឱ្យ​ច្បាស់​។ ​កម្ពុជា​​មាន​មន្ត្រី​ទូត​ចំណានៗ​ក្នុង​កិច្ច​ការទូត​។​មានគុណ​សម្បត្តិ​ជា​សុភាពបុរស ស្គាល់​វប្បធម៌ និង​គោលនយោបាយ​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ និង​ចេះ​ភាសាប្រទេស​ទាំងនោះ​»​។​

​បន្ថែម​ពីនេះ ក្នុងពេលនោះ លោក​ ឡៅ ម៉ុងហៃ ក៏​សម្លឹង​ឃើញ​ដែរ​ថា កម្ពុជា​នឹង​អាច​លើកកម្ពស់​និង​ផ្សព្វផ្សាយ​វប្បធម៌​របស់ខ្លួន​ឱ្យបាន​ខ្ទរខ្ទារ​ក្នុង​ពិភពលោក​ផងដែរ បើ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឱ្យចំ​ថ្ងៃបុណ្យ​អុំទូក អកអំបុក ហើយ​រៀបចំ​ការប្រណាំង​ទូកង ដោយមាន​ទូកង មកពី​គ្រប់​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​ចូលរួម​ជូន​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទស្សនា​កម្សាន្ត​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​៕