ភ្នំពេញៈ អាស៊ាន និង​ចិន​បញ្ជាក់​ជាថ្មី​ថា បណ្តា​ប្រទេស​-​អាស៊ាន និង​ចិន គឺជា​ប្រទេស​ចូលរួម​យ៉ាងសកម្ម និង​ដ៏​សំខាន់​ចំពោះ​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ និង​ពិភពលោក ដោយ​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ឱ្យ​ពង្រឹង​សន្តិសុខ​ស្បៀង​។​

​សេចក្តីថ្លែងការណ៍​រួម ដែល​ធ្វើឡើងបន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន នា​ថ្ងៃទី​ ១១ វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ជាក់ថា ភាគី​ទាំង ​២ ទទួលស្គាល់ថា សន្តិសុខ​ស្បៀង គឺជា​សិទ្ធិ​ជា​មូលដ្ឋាន មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​សន្តិសុខ​ជាតិ និង​ការធានា​ជា​យុទ្ធសាស្ត្រ​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​ពិភពលោក​។​

​ភាគី​ទាំង ​២ ​បាន​រំឭក​ឡើងវិញ​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​របស់​ចិន គំនិត​ផ្តួចផ្តើម​សហ​​ប្រតិបត្តិការ​លើ​សន្តិសុខ​ស្បៀង​​សកល ក្របខ័ណ្ឌ​ការស្តារ​ឡើង​​វិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន ដើម្បី រំឭក​ខួប​លើក​ទី​៣០ នៃ​ទំនាក់​​ទំនង​កិច្ចសន្ទនា​អាស៊ាន​-​ចិន​។​

​អាស៊ាន និង​ចិន បាន​កត់​សម្គាល់​ឃើញថា ការប្រែប្រួល​អាកាសធាតុ ជំងឺ​កូ​វីដ​ ១៩ ជម្លោះភូមិសាស្ត្រ​នយោបាយ និង​ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ បាន​បង្កបញ្ហា​ប្រឈម​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​អភិបាល​កិច្ច​សកល នៃ​សន្តិសុខ​ស្បៀង ហើយ​ថា​វិបត្តិ​ស្បៀងអាហារ​ត្រូវបាន​រំពឹង និង​អូសបន្លាយ និង​រីក​រាលដាល​កាន់តែខ្លាំង​ឡើង​។​

​សេចក្តីថ្លែងការណ៍​រួម​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាននា​ថ្ងៃទី ​១៤ ខែវិច្ឆិកា បញ្ជាក់ថា​៖ «​យើង​សូមបញ្ជាក់​សាជាថ្មី​ថា បណ្តា​ប្រ​ទេស​អាស៊ាន និង​ចិន គឺជា​ប្រទេស​ចូលរួម​យ៉ាងសកម្ម និង​ជា​ប្រទេស​រួមចំណែក​ដ៏​សំខាន់​ចំពោះ​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ និង​ពិភពលោក និង​មាន​ឆន្ទៈ​ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​គោល​​នយោបាយ​ជាមួយគ្នា​»​។​

​ភាគី​ទាំង ​២ បាន​ប្តេជ្ញា​ខិតខំ​ធានា​សន្តិសុខ​ស្បៀង សម្រាប់​ប្រជាជន ជាង ​២ ​ពាន់​លាន​នាក់ នៅក្នុង​តំបន់ ធានា​ស្ថិរភាព​ទីផ្សារ​ស្បៀង ក្នុង​តំបន់ និង​ធ្វើជា​គំរូ​សម្រាប់​អភិបាលកិច្ច សន្តិសុខ​ស្បៀង​សកល​។​

​សេចក្តីថ្លែងការណ៍​រួម​ដដែល​បាន​បញ្ជាក់ថា​៖ «​យើង​សូម​​អំពាវនាវ​ដល់​សហគម​ន៍​​អន្តរជាតិ ឱ្យ​ពង្រឹង​សន្តិសុខ​​ស្បៀង​ជា​មូលដ្ឋាន​។ យើង​បាន​ព្រមព្រៀងគ្នា​ចាត់​វិធាន​​ការជាក់ស្តែង​ដោយ​អនុលោម​តាម​សសរស្តម្ភ​ទាំង ​៤ នៃ​សន្តិសុខ​ស្បៀង ដែល​រួមមាន ការ​អាច​រកបាន ការទទួលបាន ការប្រើប្រាស់ និង​ស្ថិរភាព​នៃ​ស្បៀងអាហារ​»​។​

​អាស៊ាន​-​ចិន ប្តេជ្ញាលើក​​កម្ពស់​ផលិតភាព​ស្បៀង​-​អាហារ ដោយ​ពង្រឹង​ការផ្លាស់​​ប្តូរ​គោលនយោបាយ និង​ការរៀនសូត្រ ពីគ្នា​ទៅវិញទៅ​​មក នវានុវត្តន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ព្រមទាំង​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា ដើម្បី​បង្កើននូវ​ផលិតភាព​នៃ​ស្រូវ ពោត សណ្ដែក និង​ដំណាំ​សំខាន់ៗ​ផ្សេងទៀត និង​ធានា​នូវ​ភាព​​អាច​រកបាន​ស្បៀង ដោយ​​ពង្រីក​ការផ្គត់ផ្គង់​ប្រកបដោយ​​ប្រសិទ្ធភាព​នៃ​ស្បៀងអាហារ​ចម្រុះ​។ ​ភាគី​ទាំង ​២ បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​​អាស៊ាន និង​ចិន ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល​ថ្នាក់ជាតិ រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន អង្គការ​ក្នុង​តំបន់ និង​ទីភ្នាក់ងារ​អង្គការ​សហ​​ប្រជាជាតិ​។​

​លោក​ លី កេ​ឈាង នាយក​​រដ្ឋមន្ត្រី​ចិន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧ នៅ​ទីក្រុង​ភ្នំពេញ​ថា នាពេល​​បច្ចុប្បន្ន បញ្ហា​ក្នុង​ពិភពលោក និង​តំបន់​មាន​លក្ខណៈ​ស្មុគ​ស្មាញ​។ ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក នៅតែមាន​ភាពយឺតយ៉ាវ​។ ស្ថានភាព​​សន្តិសុខ​ពិភពលោក នៅ​មិនទាន់មាន​ស្ថិរភាព​។ ហានិភ័យ និង​បញ្ហា​ប្រឈម​នៃ​ថាមពល ស្បៀងអាហារ និង​ហិរញ្ញវត្ថុ នៅតែ​បន្ត​កើនឡើង​។

​លោក​ថ្លែងថា​៖ «​ដើម្បី​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិ​​សុខ និង​ថាមពល ប្រទេស​ចិន ​ជឿជាក់ថា វា​ជា​រឿង​ចាំបាច់​ក្នុង​ការបន្ត​ការប្រើប្រាស់​កាបូន​ទាប​ប្រកបដោយ​តុល្យភាព និង​ភាព​​ត្រឹមត្រូវ ធានា​ការផ្គត់ផ្គង់​ថា​ម​ពល ដែល​អាច​ទទួលបាន និង​មាន​សុវត្ថិភាព ដើម្បី​បំពេញ​តម្រូវ​​ការផលិត​កម្ម និង​ជីវភាព​រស់នៅ និង​ធានា​សុវត្ថិភាព​នៃ​ថាមពល និង​សន្តិសុខ​ស្បៀង​»​។​

​លោក​ ថុង ម៉េង​ដា​វិត អ្នក​​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​-​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធ​​សាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​​អាស៊ី (AVI) ថ្លែងថា ស្ថិតក្នុង​បរិបទ​សន្តិសុខ​អន្តរជាតិ ដែលមាន​សភាព​ស្រួចស្រាល់ អាស៊ាន និង​ចិន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សន្តិ​សុខ​តំបន់ ជាពិសេស​សន្តិសុខ​ស្បៀងអាហារ និង​ថាមពល​។

​លោក​ថ្លែងថា​៖ «​ចិន និង​អាស៊ាន គឺជា​ទីផ្សារ​ពិភពលោក​ដ៏​ធំ ដែលមាន​ប្រជាជន​ជាង ​២ ​ពាន់​លាន​នាក់ ដែល​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​លើក​​កម្ពស់​ប្រយោជន៍​រួម និង​ស្ថិរ​​ភាព​តំបន់​។ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ពិតជា​មាន​មោទនភាព និង​អរគុណ​មិត្ត​ចិន​ដែល​បាន​គាំទ្រ​កម្ពុជា​កន្លងមក ហើយ​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​កម្ពុជា និង​អាស៊ាន​ក្នុងការ​​កសាង​សហគមន៍​វាសនា​តែ​ ១​ ផងដែរ​»៕