ភ្នំពេញៈ ​កុមារា​អាយុ​ ១៤ ​ឆ្នាំមាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​ ដែល​បាន​ជួបស្ត្រី​ទី១ ​កូរ៉េខាងត្បូង​លោកស្រី Kim Keon-hee អាច​នឹង​បន្តដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ក្នុងពេល​ឆាប់ៗ ប្រសិនបើ​ស្ថានភាព​ជំងឺ​របស់​កុមារ​អាចធ្វើ​ដំណើរ​បាន បន្ទាប់ពី​លោកស្រី Kim Keon-hee ប្រកាស​ធានា​រាល់​ការ​ចំណាយ​ និង​ការព្យាបាល​ទាំងស្រុង​។

កុមារ អោក រដ្ឋា គឺជា​ក្មេង​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំង​ ១២​ នាក់​ (​ស្លាប់​ ២ ​នាក់​) ដែល​បាន​ជួប​លោកស្រី Kim Keon-hee កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ក្នុង​អំឡុងពេល​លោកស្រី​អម​ដំណើរ​លោក​ប្រធានាធិបតី Yoon Suk-yeol ជា​ស្វាមី​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា​។ ឪពុក​របស់​រដ្ឋា បាន​ស្លាប់ តាំងពី​មុនពេល​រូបគេ​កើតមក​ម្ល៉ះ​។

ក្នុងពេល​ជួប​ជាមួយ​កុមារ​កម្ពុជា​រូបនេះ​ដល់ផ្ទះ​ដោយផ្ទាល់ ដោយសារ​ស្ថានភាព​កុមារ​មិន​អំណោយផល លោកស្រី Kim Keon-hee បាន​ថ្លែង​លើក​ទឹក​ចិត្ត និង​បាន​ធានា​អះអាង​ស្វែងរក​ក្រុម​គ្រូពេទ្យ​ដើម្បី​បញ្ជូន​កុមារ​រូប​នេះ​ទៅ​បន្ត​ព្យាបាល​ជំងឺ​នៅ​កូរ៉េ​។

ដកស្រង់​សម្តី​ផ្ទាល់​ដោយសារ​ព័ត៌មាន​កូរ៉េ​ឈ្មោះ​ Yonhap News លោកស្រី Kim បាន​បញ្ជាក់ថា​៖ «​អ្នក​ប្រាកដ​ជា​អាច​យកឈ្នះ​វា​បាន​មែន​ទេ​? ឆាប់​ជាសះស្បើយ ហើយ​ចាំ​ជួបគ្នា​នៅ​កូរ៉េខាងត្បូង​។ ប្រាកដជា​មានសង្ឃឹម​។​សូមកុំ​បោះបង់​ទោះ​ក្នុង​កាលៈទេសៈ​ណាមួយ​ក៏ដោយ ត្រូវតែ​បន្តទៅ​មុខជា​និច្ច​»​។

កុមារា អោក រដ្ឋា វ័យ​ ១៤ ឆ្នាំ គឺ​កំពុងមាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត និង​ធ្លាប់​ទទួល​ការវះកាត់​លើក​ទី​១​ បាន​ជោគជ័យ​នៅ​មន្ទីរ​ពេទ្យ​Hebron Medical Center កាលពី​ឆ្នាំ​ ២០១៨ ហើយ​ដោយ​សារ​តែ​ស្ថានភាព​ខ្វះខាត ព្រោះ​សាច់ញាតិ មិនបាន​បន្ត​នាំមក​ព្យាបាល​តាម​ការកំណត់ ក៏បាន​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​របស់​កុមារា​រូបនេះ​ធ្ងន់ធ្ងរ និង​ត្រូវការ​ការ​វះ​កាត់​លើក​ទី​២ ជាបន្ទាន់​។

លោក អោក ណារ៉ា ជា​បង​ប្រុស​បង្កើត​របស់​រដ្ឋា​ដែល​កំពុងមាន​ជំងឺ​ប្រចាំកាយ​ដែរនោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​បង្ហាញ​ក្តី​ត្រេកអរ​ចំពោះ​ការជួយ​ព្យាបាល​ជំងឺ​ប្អូនប្រុស​ពៅ​របស់ខ្លួន​ពី​សំណាក់​ស្ត្រី​ទី​១​របស់​ប្រទេស​កូរ៉េខាងត្បូង​។

ដោយ​រៀបរាប់​ពី​ស្ថានភាព​គ្រួសារ​ដែល​កំពុង​ស្នាក់នៅ​បន្ទប់​ជួល​តូច​ ១ នៅ​ភ្នំពេញ​ និង​មាន​សមាជិក​ ៧ ​នាក់ លោក ណា​រ៉ា ថ្លែងថា​៖ «​ប្អូន​ខ្ញុំ គាត់​ចង់​ចូលរៀន​ណាស់​។ ប៉ុន្តែ​អាការ​គាត់​មិន​អាចឱ្យ​គាត់​ទៅ​សាលា​បានទេ​។ គាត់​ធ្លាប់បាន​ទៅ​សាលា​បាន​ ១ ​ខែ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ធ្វើ​​ឱ្យ​គាត់​មិនអាច​ទៅរៀន​បាន​»​។

លោក ណារ៉ា រំពឹងថា​៖ «​ការជួយ​របស់គាត់​ [​លោកស្រី Kim Keon-hee]​ នឹង​ជួយ​ឱ្យ​ប្អូន​ខ្ញុំ​បានជា​សះស្បើយ​ ១០០ ​ភាគ​រយ​។ អ្វីដែល​លោកជំទាវ​គាត់​បាន​និយាយ​មកកាន់​ពួក​ខ្ញុំ នឹង​អាច​បញ្ជូនទៅ​ឆាប់ៗ​នេះ គឺ​ខ្ញុំ​មានការ​ត្រេកអរ​ខ្លាំងណាស់​។ រដ្ឋា បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​កើតមក​ ហើយ​ស្ថានភាព​គាត់​គឺ​ពិបាក​។ ខ្ញុំ​ចង់​បន្ត​ព្យាបាល​គាត់​ណាស់ តែ​កន្លងមក ខ្ញុំ​គ្មាន​លទ្ធភាព​ទេ ណាមួយ​ម្តាយ​ចាស់ជរា​វង្វេង ក៏​នៅ​ហ្នឹង ហើយ​ខ្ញុំ​ពេលនេះ​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ ការរស់នៅ​ប្រចាំថ្ងៃ​គឺជា​បន្ទុក​របស់​ប្រពន្ធ​ខ្ញុំ​ទាំងអស់​»​។

មន្ទីរពេទ្យ Hebron Medical Center ស្ថិតក្នុង​រាជធានី​ភ្នំពេញ ហើយ​ជា​មន្ទីរពេទ្យ​ដែល​បង្កើត​ដោយ​វេជ្ជបណ្ឌិត​កូរ៉េខាងត្បូង​ឈ្មោះ Kim Woo-jung កាលពី​ឆ្នាំ​ ២០០៧ ​។ មន្ទីរពេទ្យ​នេះ​បានផ្តល់​ការព្យាបាល និង​ប្រឹក្សា​ដល់​អ្នក​ជំងឺ​ជាច្រើន​ ម៉ឺន​នាក់ ក្នុង​ ១ ​ឆ្នាំៗ ដោយ​ការ​ព្យាបាល និង​ការផ្តល់​ថ្នាំ​មួយចំនួន​រយៈពេល​ ៧ ​ថ្ងៃ គឺ​មិន​គិត​ប្រាក់​នោះទេ​៕