ភ្នំពេញៈ កម្ពុជា​-​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស​ជីវចម្រុះ ការ​គ្រប់គ្រង​សត្វ​ព្រៃឈើ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​នៅក្នុង​ប្រទេស​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ដោយ​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោកស្រី ទេស្ប៉ានី យុប្រាហ្គឺដ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។ ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ ២​ ទៅលើ​បញ្ហា​មួយចំនួន​រួមមាន ជំរុញ​ការអភិរក្ស​ជីវចម្រុះ​ដោយ​ផ្តោតលើ​ការអភិរក្ស និង​ស្តារ​សត្វ​ខ្លាធំ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ទេសភាព​សំខាន់ៗ រួមមាន​ជួរ​ភ្នំក្រវាញ និង​ខ្ពង់រាប​ភាគ​ខាងកើត​កុំឱ្យ​ផុត​ពូជ ផ្តល់​ពូជ​សត្វ​ខ្លាធំ​ពី​ប្រទេស​ឥណ្ឌា និង​ជំរុញ​កិច្ចសហប្រតិបត្តិ​ការការពារ​សត្វ​ខ្លាធំ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​បាន​ជោគជ័យ​។

បន្ថែម​ពីនេះ​គឺ​ត្រូវ​ចែករំលែក និង​ផ្លាស់ប្តូរ​ជំនាញ និង​សមត្ថភាព​ក្នុង​គោលដៅ​ជំរុញ​ការអភិរក្ស​សត្វ​ខ្លាធំ​ក្នុង​ប្រទេស​ទាំង​ ២ និង​ជំរុញ​ការអភិរក្ស​សត្វព្រៃ​ ដោយ​ចែករំលែក​បទពិសោធន៍​ល្អៗ​នៃ​ការអនុវត្ត​បច្ចេកវិទ្យា ការរកចំណូល​ចិញ្ចឹម​ជីវិត​សម្រាប់​សហគមន៍ រស់នៅក្នុង​ដែនជម្រក​សត្វព្រៃ និង​ការគ្រប់គ្រង​ជីវចម្រុះ​ប្រកប​ដោយ​និរន្តរភាព​។ ប្រទេស​ទាំង​ ២ ​នឹង​គាំទ្រ​ឱ្យមាន​ការវិវឌ្ឍ​ទៅមុខ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ និង​គោរព​ទស្សន:​គា្ន​ទៅវិញ​ទៅមក​។

សត្វខ្លាធំនៅភ្នំតាម៉ៅ នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែងថា កម្ពុជា​បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​កាលពី​ឆ្នាំ ​២០១០ ស្តីពី​ការអភិរក្ស និង​បង្កើន​ចំនួន​សត្វ​ខ្លាធំ​នៅក្នុង​ព្រៃ​ឱ្យបាន​ចំនួន​ទ្វេដង​នៅ​ឆ្នាំ​ ២០២២ និង​បានរៀបចំ​ផែនការ​សកម្មភាព​របស់​ខ្លួន​ស្ដីពី​សត្វ​ខ្លាធំ (​ឆ្នាំ​ ២០១៥-២០២៤)​។

លោក​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ ហើយ​ការគាំទ្រ​ផ្នែក​នយោបាយ​លើ​កម្មវិធី​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ជា​ប្រទេស​ទី​ ១ ​នៅ​តំបន់​អាស៊ាន​ធ្វើការ​នាំយក​សត្វ​ខ្លាធំ​ចូល​ព្រៃ​ធម្មជាតិ​វិញ​»​។ បើតាម លោក ភក្ត្រា បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ដែលមាន​សត្វ​ខ្លាធំ ជាពិសេស​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​មាន​ចំនួន​សត្វ​ខ្លាធំ​ច្រើន​ជាងគេ​បំផុត​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការអនុវត្ត​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​។

លោក​បន្ថែមថា អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​បរិស្ថាន ព្រៃឈើ និង​ប្រែប្រួល​អាកាសធាតុ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអភិរក្ស​ជីវចម្រុះ​ការគ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វា ដែល​អនុវត្ត​ជំហាន​ដំបូង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​បន្ទាប់មក​អនុវត្ត​នៅ​តំបន់​អភិរក្ស​កែវ​សីមា​។

លោក​ថ្លែងថា​៖ «​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៃ​ការបង្កើន​ទំនាក់​ទំនង និង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​-​ឥណ្ឌា ជាពិសេស​រវាង​ក្រសួង​បរិស្ថាន​- កម្ពុជា និង​ក្រសួង​បរិស្ថាន ព្រៃឈើ និង​ប្រែប្រួល​អាកាសធាតុ​ឥណ្ឌា​ក្នុង​វិស័យ​បរិស្ថាន និង​អភិរក្ស​ធនធាន​ធម្មជាតិ​»៕