ភ្នំពេញៈ កូរ៉េខាងត្បូង​គ្រោង​បង្កើត​សួន​ដាំ​ដើមឈើ​អាស៊ាន​មួយ​នៅ​ខេត្តសៀមរាប នៅ​ដើម ឆ្នាំ​ ២០២៣ ដើម្បី​ជា​និមិត្តរូប​នៃ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​តភ្ជាប់​រវាង​អាស៊ាន​កូរ៉េខាងត្បូង និង​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ ពាណិជ្ជ​កម្ម និង​ទេសចរ​ពី​កូរ៉េខាងត្បូង និង​ប្រទេស​ជា​សមាជិក​អាស៊ាន មក​កម្ពុជា​។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស្ស បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​ថា នៅពេលនេះ ក្រុមការងារ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​កំពុង​ចុះ​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​ជំនាញការ​នៃ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ពិនិត្យមើល​ទីតាំង​បង្កើត​សួន​ដាំ​ឈើ​អាស៊ាន​មួយ ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

តាម​គម្រោង សួន​ដាំ​ដើមឈើ​អាស៊ាន​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ស្ថាបនា​ឡើង​នៅ​ដើមឆ្នាំ​ ២០២៣ លើ​ផ្ទៃដី​សរុប ៣,៥ ហិកតា ក្នុង​តំបន់​ព្រៃ​ចម្ការ​គ្រញូង​។ គម្រោង​នេះ គឺជា​និមិត្តរូប​នៃ​ការជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ការតភ្ជាប់​រវាង​អាស៊ាន​កូរ៉េខាងត្បូង និង​ដើម្បី​ទាក់​ទាញ​លំហូរ​វិនិយោគ ពាណិជ្ជ​កម្ម និង​ទេសចរ​ពី​កូរ៉េខាងត្បូង និង​ប្រទេស​ជា​សមាជិក​អាស៊ាន មក​កម្ពុជា​។

ព្រៃ​ចម្ការ​ឈើ​គ្រញូង គឺជា​តំបន់​ការពារ និង​អភិរក្ស​ពូជ​ឈើ​គ្រញូង​ធម្មជាតិ​ដ៏ធំ​បំផុត​មួយ​នៅ​កម្ពុជា ដែលមាន​ផ្ទៃដី​សរុប ១ ៨៨៨ ​ហិកតា លាត​សន្ធឹង​ចាប់ពី​ឃុំ​ឃុន​រាម​នៃ​ស្រុក​បន្ទាយស្រី រហូតដល់​ឃុំ​កន្ទួត​នៃ​ស្រុក​ស្វាយលើ ខេត្តសៀមរាប និង​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃ​ឈើ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ លោក ម៉ុង ​ប៊ុនលីម នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។

លោក ​ប៊ុនលឹម បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា កាល​ពីពេល​ថ្មីៗ​នេះ ភាគី​កូរ៉េខាងត្បូង បាន​បញ្ជូន​ក្រុម​ជំនាញការ​ ១ ​ក្រុម​ចុះមក​សិក្សា​ទីតាំង​ចម្ការ​ឈើ​គ្រញូង​ធម្មជាតិ និង​បាន​សម្រេច​ជ្រើស​យក​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ត្រពាំងថ្ម ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី លើ​ផ្ទៃដី​ទំហំ​ទទឹង​ ៥០ ​ម៉ែត្រ​ និង​បណ្ដោយ​ ៧០០ ​ម៉ែត្រ សម្រាប់​បង្កើត​សួន​ដាំ​ឈើ​អាស៊ាន​។

លោក​ថ្លែងថា​៖ «​បើតាម​ការបញ្ជាក់​ពី​ក្រុម​ជំនាញការ​កូរ៉េខាងត្បូង ការ​បង្កើត​សួន​ដាំ​ឈើ​អាស៊ាន​គឺ​ដើម្បី​រំឭក​នូវ​អនុស្សាវរីយ៍ និង​ចំណងទាក់ទង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​អាស៊ាន​ និង​កូរ៉េខាងត្បូង ជាពិសេស​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កូរ៉េ​ខាងត្បូង និង​កម្ពុជា​»៕