ភ្នំពេញៈ ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ចូន ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​បញ្ចូល​សមតុល្យ​ ក្នុង​ស្លាកលេខ​យានយន្ត ​តាមរយៈ​ Mobile Banking ​ចំនួន ៥ ​ចាប់ពី​ថ្ងៃទី ១៤ ​វិច្ឆិកា ​២០២២ ​តទៅ ​ដើម្បី​អាចធ្វើ​ការចូល-​ចេញ ​និង​ទូទាត់​សាច់ប្រាក់​ ឬ​បញ្ចូល​សមតុល្យ​ទឹកប្រាក់ ​តាមរយៈ​កាមេរ៉ា​ចាប់​ស្លាកលេខ​ស្វ័យប្រវត្តិ​ មុនពេល​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន។

បើ​តាម​ក្រសួង​សាធារណការ ​អ្នកបើកបរ​ត្រូវធ្វើ​ដំណើរ​តាម​ច្រក ​ANPR ​នៅ​ខាងស្តាំ​ដៃ​បង្អស់​នៃ​ច្រកចូល​-ចេញ​ភ្នំពេញ​ និង​ព្រះសីហនុ ​ដោយ​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ ​ដើម្បី​បង្ក​នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ​កាត់បន្ថយ​ភាព​ស្មុគ​ស្មាញ​ ដែល​ចំណាយ​រយៈពេល​រង់ចាំ​យូរ ​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍។

ក្រសួង​បញ្ជាក់ថា​៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​នឹងធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ក្រុង​ព្រះសីហនុ ​អាច​ធ្វើ​ការចូល-​ចេញ ​និង​ការទូទាត់​សាច់ប្រាក់ ​ឬ​បញ្ចូល​សមតុល្យ​ទឹកប្រាក់​ តាមរយៈ​កាមេរ៉ា​ចាប់​ស្លាកលេខ​ស្វ័យ​ប្រវត្តិ​ ANPR ​និង​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ដៃគូ​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន»។

ការដាក់​ដំណើរការ​សាកល្បង​នេះ ​ធ្វើ​ឡើង​នៅតាម​ច្រក​ខាងស្តាំ​ដៃ​បំផុតនៃ​ស្ថានីយ​ភ្នំពេញ ​និង​ស្ថានីយ​ក្រុងព្រះសីហនុ​តែប៉ុណ្ណោះ ​ហើយ​ដើម្បី​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ប្រកបដោយ​អនុលោមភាព ​ព្រមទាំង​ធានា​សុវត្ថិភាព​ចរាចរណ៍ ​និង​សណ្តាប់ធ្នាប់​សាធារណៈ។ ក្រសួង​ប្រកាសថា ​រាល់​យានយន្ត​ ដែល​ចូលទៅ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ តម្រូវ​ឱ្យបំពេញ​នូវ​លក្ខខណ្ឌ ​ដូចជា​ត្រូវមាន​ការចុះបញ្ជី ​និង​បំពាក់​ស្លាកលេខ​សម្គាល់​ត្រឹមត្រូវ។ ត្រូវ​មាន​លតាបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(ឆៀក)​មាន​សុពលភាព ​ត្រូវមាន​លតាបត្រ​ទោចក្រយានយន្ត ​ដែល​មាន​ទំហំ​ស៊ី​ឡាំ​ចាប់ពី ​500cc​ ឬ​ប្រើប្រាស់​ថាមពល​អគ្គិសនី ​ចាប់ពី ​27kW ឡើង​ទៅ។

លោក​ ហ៊ាង ​សុធា​យុត្តិ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹង​ជញ្ជូន ​បាន​និយាយថា​ មុន​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​លោកអ្នក​អាច​បញ្ចូល​សមតុល្យ​ទៅក្នុង​ស្លាកលេខ​សម្គាល់​យានយន្ត​ជាមុន ​(Prepaid License Plate Top-Up) ​ដោយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេឡិចត្រូនិក​ តាម​កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទដៃ ​(Mobile Banking) ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ធនាគារ​ដៃគូ​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន។

លោក​ថា​៖ «គិត​ត្រឹម​ថ្ងៃ ១៤ ​វិច្ឆិកា ​ឆ្នាំ ២០២២ ​មាន​គ្រឹះស្ថាន​ដៃគូ​ចំនួន៥ ​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់នូវ​កម្មវិធី​ Mobile Banking ​ដើម្បី​បញ្ចូល​សមតុល្យ​ទឹកប្រាក់​ តាមរយៈ​ស្លាកលេខ​សម្គាល់​យានយន្ត ​តាមរយៈ​ធនាគារ​ជីបម៉ុង​(Chip Mong Bank) ​ធនាគារអេស៊ីលីដា ​(ACLEDA Bank) ​ធនាគារវឌ្ឍនៈ​អាស៊ី​ចំកាត់ ​(ABA Bank) ​ធនាគារ​វីង ​(Wing Bank) ​និង​ធនាគារ​វឌ្ឍនៈ​ (VATTANAC Bank)»។

តាម​ការប្រកាស​របស់​ក្រសួង​ រាល់​ការបញ្ចូល​សមតុល្យ​ទឹកប្រាក់ ​តាមរយៈ​ស្លាកលេខ​សម្គាល់​យានយន្ត​មុនពេល​ចូល​ប្រើ​ប្រាស់​ផ្លូវ ​(License Plate Top-Up)​គឺ​មាន​ទម្រង់​ដូចគ្នា​ទៅនឹង​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​(Mobile Top-Up) ​ហើយ​អាច​ពិនិត្យ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បញ្ចូល ​ឬ​នៅសល់ ​ដោយ​ការស្កេន ​QR Code ​នៅលើ​លតាបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ ​(ឆៀក) ​ឬ​លតាបត្រ​អនុញ្ញាត​សម្រាប់​ទោ​ចក្រ​យាន​យន្ត។

ដោយ​សារតែ​ប្រឈម​នឹង​បញ្ហា​កកស្ទះ​ នៅតាម​ច្រក​ចេញ-​ចូល ​នៃ​ផ្លូវ​ល្បឿន​លឿន ​ដែល​មាន​អ្នកប្រើប្រាស់​ ជា​មធ្យម​ប្រមាណ ១ ម៉ឺន ​ទៅ​ជិត​ ២ ម៉ឺន​គ្រឿង​ ក្នុង​ ១ ថ្ងៃ ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ​និង​ក្រសួង​សាធារណការ ​បាន​បង្កើត​ប្រព័ន្ធ ​ETC (Electronic Toll Collection) ​ដើម្បី​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ​បានឱ្យដឹង​ថា ​ប្រព័ន្ធ ​ETC​ គឺជា​ប្រព័ន្ធ​បង់ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន​ដោយ​ស្វ័យប្រវត្តិ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​គ្នា​ដោយ​ឥត​ខ្សែ ​តាមរយៈ​បំពាក់​ឧបករណ៍​ OBU ​នៅលើ​កញ្ចក់​ខាងមុខ​នៃ​រថយន្ត ​អាច​ឆ្លង​កាត់​ច្រក​បង់ប្រាក់​ដោយ​មិនចាំបាច់​ឈប់​ជា​បណ្ដោះអាសន្ន ​ដើម្បី​ទទួល​កាត​ធ្វើដំណើរ។

ក្រុមហ៊ុន​នេះ​អះអាងថា​៖ «ប្រើប្រាស់​ប្រព័ន្ធ​ ETC​ មាន​អត្ថប្រយោជន៍​ជាច្រើន​ ដូចជា ​ពេល​ឆ្លងកាត់​បញ្ជរ​បង់ប្រាក់​ដោយ​មិនចាំបាច់​រង់ចាំ។ អាច​ទទួល​ការបញ្ចុះ​តម្លៃ​បន្ថែម ​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍។ អាច​ឆ្លងកាត់​បញ្ជរ​បង់​ប្រាក់​បាន​យ៉ាង​រលូន ​និង​ងាយស្រួល ​ហើយ​ស័ក្តិសម​សម្រាប់​សង្គម​ក្នុង​យុគសម័យ ​ដែលជា​ការទូទាត់​ដោយ​ស្វ័យ​ប្រវត្តិ»។

បន្ថែម​ពីនេះ ​ក្រុមហ៊ុន​បញ្ជាក់​ទៀត​ថា ​ការប្រើប្រាស់​ប្រព័ន្ធ ​ETC ​ក៏​ចូលរួម​លុបបំបាត់​ការឈប់​រថយន្ត​ម្តង​ហើយ​ម្តង​ទៀត​នៅ​កន្លែង​បង់ប្រាក់​ ដោយ​កាត់បន្ថយ​ឧស្ម័ន​ផ្សែង ​និង​សំឡេង​រំខាន ​ដែលជា​លទ្ធផល ​នឹង​ធ្វើឱ្យ​បរិស្ថាន​នៅ​តាម​ដងផ្លូវ​នឹង​ប្រសើរ​ឡើង ​ដោយមាន​សុវត្ថិភាព​ខ្ពស់ ​ឆ្លង​បាន​ដោយ​សេរី ​ងាយស្រួល ​និង​ឆាប់​រហ័ស។

បើ​តាម​ការប្រកាស​របស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿនលឿន ​ការធ្វើ​កាត ​ETC ​គឺ​អាច​ធ្វើបាន​នៅតាម​បញ្ជរ​បង់ប្រាក់​ភ្នំពេញ ​និង​ក្រុងព្រះសីហនុ ​ដោយ​ភ្ជាប់​មកជា​មួយ​ឯកសារ​ដើម​ ដូចជា​អត្តសញ្ញាណប័ណ្ណ ​ឆៀក​ឡាន ​និង​កាតគ្រី ​ហើយ​បន្ទាប់ពី​ធ្វើ​ការដំឡើង​ឧបករណ៍ ​ETC ​និង​បញ្ចូល​សមតុល្យ​ទឹកប្រាក់​ទៅក្នុង​កាត​ ETC ​នៅលើ​យានយន្ត​រួចរាល់ ​នោះ​ប្រតិបត្តិការ​នឹង​ចាប់ផ្តើម​មាន​សុពលភាព​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​តែម្តង៕