ការ​ផ្សព្វផ្សាយ​​យ៉ាងទូលំទូលាយ​​របស់បណ្តាញ​​ព័ត៌មាន​ទាំង​​ក្នុងស្រុក​​ និង​​ទីភ្នាក់ងារ​ព័ត៌មាន​របស់​​កូរ៉េ​ខាងត្បូង​ បាន​ធ្វើឱ្យ​​ព័ត៌មាន​​ស្តីពី​​ការ​បំពេញទស្សនកិច្ច​របស់​ស្ត្រី​ទី ១ ​របស់កូរ៉េខាងត្បូង​ Kim Keon-hee ទៅកាន់​​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​​ពិភាក្សា​​អំពី​​វិធី​ផ្តល់​​ការព្យាបាល​ដល់​កុមារ​កម្ពុជា​ ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត បាន​ជ្រូតជ្រាប​ដល់​ប្រជាជន​កូរ៉េ​​។ នេះ​បើ​យោង​តាមទីភ្នាក់ងារ​ព័ត៌មានកូរ៉េ​ខាងត្បូង Yonhap​​។

​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap បានដកស្រង់​សម្ដី​ប្រធានមន្ទីរពេទ្យ​លោក Lee Young-don ឱ្យ​ដឹងថា៖«ដោយសារ​មាន​ការផ្សព្វផ្សាយ​ពី​ជំនួប​រវាង​លោក​ជំទាវទី ១ ​របស់​កូរ៉េ និង​កុមារ​ដែល​មានជំងឺបេះដូង​ មាន​ជន​ជាតិកូរ៉េ​ជាច្រើន​ចង់ជួយ ក្នុងនោះ​មាន​ជន​ជាតិកូរ៉េ​មួយ​រូបចង់ជួយ​ជាថវិកា​លើការ​ព្យាបាល​ និង​ចំណាយ​ផ្សេងៗ​សម្រាប់​នាំ​កុមារ​ទៅ​ព្យាបាល​មែន​ទែន»។

ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃចន្ទថា ស្ត្រីទី ១ Kim Keon-hee បាន​មកទៅ​​​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​វិធី​ផ្តល់​ការព្យាបាល​ដល់​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត។

​​លោក​ស្រី Kim Keon-hee បាន​ត្រឡប់​ទៅ​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ ​Hebron ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​គ្រូពេទ្យ​កុមារ​កូរ៉េខាងត្បូង​ ហើយ​នៅតែ​ដំណើរការ​យ៉ាង​ទូលំទូលាយ​ដោយ​​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​កូរ៉េខាងត្បូង​​កាល​ពី​​ថ្ងៃ​អាទិត្យ​ ២​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី​ និង​ប៉ុន្មាន​ម៉ោង​មុន​ពេលចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ជើង​ទី២នៃ​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​តំបន់​ជាមួយ​ប្រធានាធិបតី Yoon Suk-yeol ។ ​នេះ​បើ​តាមទីភ្នាក់ងារ​ព័ត៌មានកូរ៉េ​ខាងត្បូងដដែល​។

ការចុះ​ទៅ​សួរសុខទុក្ខ​ជា​​លើក​ទី ២ ​ធ្វើ​ឡើងបន្ទាប់​ពី​​ លោក​ស្រី បាន​ទៅ​លេងផ្ទះ​កុមារ​កម្ពុជា​ ​ឈ្មោះ​ រដ្ឋា អាយុ ១៤ ឆ្នាំ ដែល​បាន​ទទួល​ការវះ​កាត់​បេះដូង​នៅមន្ទីរពេទ្យ​ ហើយ​ដឹងថា គ្រួសារ​​មាន​​​លទ្ធភាព​​តិចតួច​ក្នុង​ការចំណាយ​លើ​ការវះកាត់​លើក​ទី២ ដោយសារ​ឪពុក​បាន​ស្លាប់​មុន​​រដ្ឋា​កើត​ទៅទៀត​​។ ​ពេល​កើត​​មក ​​ម្តាយ​​មិន​​មាន​​សុខភាព​​ល្អ​ ទុក​គាត់​​​​ឱ្យ​​​បងស្រីដែល​ធ្វើ​ការ​​​ជា​​​អ្នក​​បោស​​សម្អាត​​ជាអ្នក​មើល​ថែ៕