ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាស៊ាន​-​អាស៊ាន​បូក នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាស៊ាន​លើក​ទី​៩ ចាប់ពី​ថ្ងៃទី​ ២១​ ដល់​ថ្ងៃទី​ ២៣ ខែវិច្ឆិកា នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​ពិភាក្សា​ការងារ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិក្នុង​តំបន់ និង​សកលលោក​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា បានឱ្យដឹងថា​៖ «​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នឹង​ផ្តោតជាសំខាន់​លើ​ការផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ ប្រកបដោយ​ភាព​សុខដុម​»​។​

លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​ជា​អធិបតី​ដើម្បី​ថ្លែង​សន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៩ ហើយនឹង​ជួប​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក និង​អគ្គលេខាធិការ​អាស៊ាន​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ក៏​នឹង​ស្ដាប់​របាយការណ៍​នៃ​ការអភិវឌ្ឍន៍​ថ្មីៗ​នៅក្នុង​អាស៊ាន ការផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ និង​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ក្នុង​តំបន់​»​។​

លោក ​ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​នឹង​ផ្ទេរតំណែង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជូនទៅ​លោក ប្រា​បូ​វូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​ប្ដូរ​វេន នៅ​ឆ្នាំ​ ២០២៣​។​

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន ចុះ​ត្រួតពិនិត្យ​កម្លាំង​ដើម្បី​ពង្រឹង​កិច្ចការពារ​សន្តិសុខ​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​ខេត្តសៀមរាប​។​នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍ ​អេង ហ៊ី ដែល​បាន​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី ​១៥ ​ខែ​វិ​ច្ឆ​កា​។

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី លើ​ឡើង​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទៅដល់​ខេត្តសៀមរាប​តាំងពី​ថ្ងៃទី​ ១៤​ ខែ​វិ​ច្ឆ​កា ​ដើម្បី​ត្រួតពិនិត្យ​លើ​ការងារ​ចាំបាច់​ជាច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សន្តិសុខសម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​។​

លោក អេង ហ៊ី​៖ «​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្តសៀមរាប ដើម្បី​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​ប្រជុំ​នានា នាពេលខាងមុខ​»​។​

លោក​បន្តថា​៖ «​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ត្រួតពិនិត្យ​ជាក់ស្តែង​ក្នុង​សណ្ឋាគារ​ដែល​ភ្ញៀវ​ស្នាក់នៅ ទីកន្លែង​ប្រជុំ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប តម្រាយ​ផ្លូវ និង​រៀបចំ​គោលដៅ​ឈរជើង​ការពា​ផ្ទាល់ ការពារ​ដោយ​ប្រយោល កម្លាំង​អន្តរាគមន៍ ពេទ្យ រថយន្ត​អគ្គីភ័យ រថពាសដែក រថយន្ត​នាំ​ក្បួន ម៉ូតូ គ្រឿង​បំពាក់ យុទ្ធោបករណ៍ កាំ​ម៉ា​រ៉ា​សុវត្ថិភាព កន្លែង​ស្នាក់នៅរ​បស់ទ័ព ការដាំ​ស្ល បន្ទប់​អនាម័យ​»​។​

ទោះជា​យ៉ាងណាក្ដី​អ្នកសារព័ត៌មាន​មិនទាន់​អាច​ស្វែងរក​ព័ត៌មាន​ពី​ចំនួន​កងកម្លាំង​ដែល​អាជ្ញាធរ​កម្ពុជា​គ្រោង​ដាក់ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​កិច្ច​ប្រជុំបាន​នៅឡើយ​៕