ភ្នំពេញៈ អ្នកជំនាញ ​បង្ហាញ​ការព្រួយ​បារម្ភ​ពីស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ពិភពលោក ​ដោយ​សារ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ នៅ​មិន​ទាន់​បាន​យល់ដឹង​ពី​របប​អាហារ​ត្រឹមត្រូវ ​និង​មិនចាប់​អារម្មណ៍​អំពី​គ្រោះ​ថា្នក់​នៃ​ជំងឺ​នេះ។​ ទន្ទឹម​គ្នា​នេះ ​អ្នកជំនាញ ​ក៏បារម្ភ​ពី​ជំងឺ​នេះ ​ដែល​កំពុង​គំរាម​កំហែង​កាន់តែ​ខ្លាំង​ដល់​សុខភាព ​និង​សេដ្ឋកិច្ច​កម្ពុជា​ថែម​ទៀត។

ការលើក​ឡើងនេះ ​គឺ​ធ្វើឡើង​ស្របពេល​ដែល​ពិភពលោក ​កំពុង​រួមគ្នា​ប្រារព្ធ​ទិវា​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក​ ១៤ វិច្ឆិកា។ ​លោក​ ហ៊ូ ក្រើន ​នាយក​អង្គការ​ហេឡេន ​ខេល័រអន្តរជាតិ ​ប្រចាំ​កម្ពុជា​ (Helen Keller)​ បានលើកឡើង​ថា ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឡើង​តាម​រយៈ​ការមាន​របប​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ​ធាត់​លើស​ទម្ងន់ ​និង​ការមិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្ម​ជា​ដើម។

លោក​ប្រាប់ថា​៖ «បើ​តាម​របាយការណ៍​អាហារូបត្ថម្ភ​សកល​ឆ្នាំ ២០២០ ​ក៏បាន​បញ្ជាក់​ដែរថា​ នៅ​កម្ពុជា​មាន​កុមារ​អាយុ​ចាប់​ពី​ ៥​ ដល់​ ១៩ ឆ្នាំ ​ប្រមាណ​ជាង​ ១ ភាគ ៨ ​មាន​បញ្ហា​ឡើង​ទម្ងន់ ​និង​ជំងឺ​ធាត់។ ​និន្នាការ​នេះ ​គឺ​នៅតែ​បន្ត​កើនឡើង​ជាលំដាប់​ ខណៈ​ចំនួន​ ២ ​ភាគ ៣ ​នៃ​ការស្លាប់​នៅ​កម្ពុជា ​គឺ​បណ្តាល​មកពី​ជំងឺ​[មិនឆ្លង] ​ហើយ​ភាគច្រើន​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការបរិភោគ​ចំណី​អាហារ​មិន​ប្រុង​ប្រយ័ត្ន»។​​

សម្រាប់​ឆ្នាំ​២០១០​ អង្គការ ​១ ​នេះ​ បាន​រក​ឃើញ​ថា​ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​សរុប​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ចំនួន​ ៥,២​ ភាគ​រយ​ និង​នៅ​ឆ្នាំ​ ២០១៩ ​តួលេខ​បាន​ឡើង​ដល់​ ៦,៤​ ភាគរយ​។ ដូច​គ្នា​ដែរ ​ក្នុង​ចំណោម​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​អស់ ​មាន​រហូត​ដល់​ ៦២ ​ភាគ​រយ​ មិន​ដឹង​ថា ​ខ្លួន​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។ ​

ទាក់ទង​នឹង​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​នេះ ​លោកស្រី​ ឱ ​វណ្ណឌីន​ រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ ​ក្រសួង​សុខាភិបាល ​ក៏បាន​បង្ហាញ​ពី​ក្តីបារម្ភ​ផងដែរ ​ដោយ​លោកស្រី​លើកឡើង​ថា ​បញ្ហា​ជំងឺ​មិនឆ្លង ​ពិសេស​ជំងឺ​ទឹកនោម​ផ្អែម ​មិន​ត្រឹមតែ​ធ្វើឱ្យ​ជួប​ផល​វិបាក​សុខភាព​ប៉ុណ្ណោះ​ទេ ​បញ្ហា​នេះ​ក៏​កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​និរន្តរភាព​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។ ​

លោកស្រី​បាន​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ផ្ទាល់ខ្លួន ​ពិសេស​លើ​របប​អាហារ​ប្រចាំថ្ងៃ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​បង្កឱ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម ​និង​ជំងឺ​មិន​ឆ្លង​ផ្សេងៗ​ទៀត។​

លោកស្រី​ ឱ វណ្ណឌីន ​បញ្ជាក់ថា​៖ «បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ​ដោយ​ត្រូវ​ប្រកាន់​ទម្លាប់​ពិសា​អា​ហារ​ល្អ ​ដោយ​កុំពិសា​ប្រៃ​ពេក ​ផ្អែមពេក ​ខ្លាញ់​ពេក ​និង​ធ្វើលំហាត់​ប្រាណ ​ជាប្រចាំ ​គឺជា​មធ្យោ​បាយ​ដ៏​ល្អ ​សម្រាប់​ការចូល​រួម​ការពារ​ជំងឺ​ទឹកនោម​ផ្អែម ​ជំងឺ​លើស​សម្ពាធឈាម ​និង​ជំងឺ​មិនឆ្លង​ផ្សេងៗ​ទៀត​ជាដើម»។ ​

មនុស្ស​ប្រហែល​ ៤២២​ លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​មាន​ជំងឺ​ទឹកនោម​ផ្អែម ​ភាគច្រើន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម ​ហើយ​មនុស្ស​ចំនួន​ ១,៥​ លាន​នាក់​ត្រូវបាន​បញ្ជាក់ថា ​បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​ជា​រៀង​រាល់​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការផ្សព្វផ្សាយ​របស់ ​World Life Expectancy។

បើ​យោង​តាម​ការវាយតម្លៃ​របស់សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ​ ឱ្យដឹងដែរ​ថា ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​ សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ​ បាន​រក​ឃើញ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ២២​ នាក់​ស្លាប់ ​ក្នុង​ ១ ​ថ្ងៃ​ គិត​ក្នុង​ឆ្នាំ​ ២០១៩។​

សហព័ន្ធ​ដដែល​បញ្ជាក់ថា​៖ «បើ​និយាយ​ដល់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ស្ថាប័ន​អន្តរជាតិ​នេះ ​បាន​រក​ឃើញ​ថា​ អ្នកជំងឺ​ម្នាក់​ចំណាយ​ប្រហែល​ ២៣៨ ​ដុល្លារ​ក្នុង ​១ ​ឆ្នាំ ​ឬ​បើ​និយាយ​ពី​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ ​ជា​សរុប​ក្នុង​ឆ្នាំ ២០១៩ ​មាន​ប្រហែល​ ១០២​ លាន​ដុល្លារ​អាមេរិក»។

ស្ថាប័ន​មួយ​នេះ ​បាន​ប៉ាន់​ប្រមាណ​ដែរ​ថា​ ក្នុង​ឆ្នាំ​​ ២០៣០ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា ​អាច​ឡើង​ដល់​ ១៤៥,៩​ លាន​ដុល្លារ​អាមេរិក​ផងដែរ។

នៅ​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃទី​ ២២ ​ខែមិថុនា ​ឆ្នាំ​ ២០២២ ​អត្រា​ស្លាប់​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​កើន​ដល់ ​៨ ៣២៥ ​នាក់ ​ខណៈ​អត្រា​អ្នក​កើត​ជំងឺ​នេះ​បាន​កើន​ដល់​ជិត​ ៥០ ​ម៉ឺន​នាក់។

សូម​បញ្ជាក់ថា ​ទិវា​ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក ​ត្រូវបាន​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ ​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​និង​អង្គការ​សហប្រជាជាតិ ​ប្រារព្ធ​ជារៀងរាល់​ឆ្នាំ ​ដើម្បី​សម្តែង​ក្តីបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​សុខភាព ​និង​ការគំរាម​កំហែង​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នេះ៕