ភ្នំពេញៈ ​តំណាង​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល តំណាង​អង្គការក្រៅរដ្ឋាភិបាល​ពាក់​ព័ន្ធ​មួយចំនួន និង​តំណាង​ក្នុង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​បុគ្គល ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បានបញ្ជាក់​ពី​ភាព​កាន់​តែមាន​ភាពចាស់ទុំ ដែល​ធានាបាន​នូវ​ភាពសុខដុមរមនា និង​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ នៅ​កម្ពុជា​។ យោងតាម​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បញ្ចាក់​នៅក្នុង​សិក្ខាសាលា​។

សិក្ខាសាលា​នេះ មានការ​ចូលរួម​ដោយផ្ទាល់ និង​តាមរយៈ​អន​ឡាញ មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​, អង្គការ ILO, ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​, សមាគម​និយោជក​, សហភាព​សហជីព​, សហព័ន្ធ​សហជីព​, សភាពាណិជ្ជកម្ម​កម្ពុជា​, និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នានា​ប្រចាំ​នៅ​កម្ពុជា​។

លោក អុិត សំហេង បាន​ថ្លែងថា ៖ «​ក្រោម​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយនេះ ​ត្រូវបាន​ទទួលស្គាល់ថា​ កាន់​តែមាន​ភាពចាស់ទុំ ដែល​ធានាបាន​នូវ​ភាពសុខដុមរមនា និង​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​»​។

លោក អុិត សំហេង បាន​ថ្លែងថា អត្រា​សះជា​នៅក្នុង​ការដោះស្រាយ​វិវាទ​ការងារ​ដោយ​មន្ត្រី​ផ្សះផ្សា​វិវាទ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានការ​កើន​ឡើងជា​លំដាប់ ដែល​កត្តា​នេះ​សរ​បញ្ជាក់​ឱ្យឃើញ​អំពី​ប្រសិទ្ធភាព​និង​សមត្ថភាព​របស់​មន្ត្រី​ផ្សះផ្សា​វិវាទ​និង​ភាពចាស់ទុំ​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

លោក​បាន​បញ្ជាក់ថា ៖«​វិវាទ​ការងារ​រួម​ដែល​ដោះស្រាយ​មិន​សះជា​ដោយ​មន្ត្រី​ផ្សះផ្សា​វិវាទ​នៃ​ក្រសួង​ការងារ​ត្រូវបាន​បញ្ជូនទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដើម្បី​ដោះស្រាយ​។ ជាមួយគ្នានេះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ស្ថាប័ន​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​បាន​ដោះស្រាយ​សះជា​ក្នុង​អត្រា ៧០% ​នូវ​វិវាទ​ការងារ​រួម​ដែល​ក្រសួង​បាន​បញ្ជូនទៅ​»​។

យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានឱ្យដឹងថា នីតិវិធី​ក្នុងការ​ដោះស្រាយ​វិវាទ​បុគ្គល​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល រួមមាន ប្រភេទ​វិវាទ​បុគ្គល​, ចំនួន​អាជ្ញាកណ្តាល​, សិទ្ធិ​តំណាង​របស់​ភាគី​វិវាទ​, រយៈពេល​នៃ​ការដោះស្រាយ​, ប្រភេទ​សេចក្តី​បង្គាប់​, និង​បន្ទុក​ភ័ស្តុតាង​។

យោងតាម​របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ខែតុលា បានឱ្យដឹងថា ក្រសួង​បាន​ដោះស្រាយ​វិវាទ​បុគ្គល និង​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅតាម​រោងចក្រ សហគ្រាស ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់ ខណៈ​ការធ្វើ​កូដកម្ម​មានការ​ថយចុះ​មក​នៅត្រឹម ០,១ ភាគរយ​។

​របាយការណ៍​ដដែល​បាន​បន្តថា ករណី​វិវាទ​បុគ្គល​ដែល​ត្រូវបាន​ដោះស្រាយ​សះជា​នៅ​កម្រិត​ក្រសួង​កើន​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ​នៅ​ឆ្នាំ ២០១៨ មាន ៥៧ ករណី​, ២០១៩ មាន ៣០ ករណី​, ២០២០ មាន ៤១ ករណី​, ២០២១ មាន ៦០ ករណី និង​ឆ្នាំ ២០២២ ដោះស្រាយបាន ៦២ករណី​។

ក្រសួង​បាន​បញ្ជាក់ថា ៖«​អត្រា​សះជា​នៃ​វិវាទ​បុគ្គល​នៅ​កម្រិត​ក្រសួង បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ និង​ភាពប្រសើរឡើង​នៃ​សមត្ថភាព​របស់​មន្ត្រី​ផ្សះផ្សា​»​។​

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​នា​សន្និសីទ​សារព័ត៌មាន កាលពីដើម​ខែតុលា​ថា​៖ «​សម្រាប់​ដោះស្រាយ​វិវាទ​រួម​ឃើញថា ការ​សះជា​នៅ​កម្រិត​របស់​សហគ្រាស និង​ក្រសួង​មានការ​កើនឡើង ដូចជា​នៅ​ឆ្នាំ ២០២២ ​នេះ កម្រិត​សះជា​នៅ​ក្រសួង​ឡើងដល់ ៦០ ភាគរយ ​នៃ​វិវាទ​ការងារ​រួម ហើយ​នៅ​ជាង ៣០ ភាគរយ​ ក៏មាន​ការ​សះជា​នៅ​កម្រិត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​»៕