ភ្នំពេញៈ បច្ចុប្បន្ន ចំបើង និង​ជញ្ជ្រាំង​ស្រូវ​បាន​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាកសិករ​ខ្មែរ ដែល​និយម​ដាំដុះ​ដំណាំ​ស្រូវ ព្រោះ​ក្រោយពី​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ​នោះ ចំបើង និង​ជញ្ជ្រាំង​ស្រូវ ក្នុង​ដីស្រែ​ ១ ​ហិកតា អាច​ផ្ដល់​ប្រាក់ចំណូល​យ៉ាងតិច ​៧០ ​ម៉ឺន​រៀល​។

តាំងពី​បុរាណកាល​មក​កសិករ​ខ្មែរ​បាន​ចាត់ទុក​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ជា​កាកសំណល់​សំរាម ដែល​មាន​ប្រយោជន៍​ត្រឹមតែ​អាច​យក​មក​លាយ​ជាមួយ​ស្មៅ​ស្រស់ៗ សម្រាប់​ដាក់ឱ្យ​សត្វ​គោ​-​ក្របី​របស់​ពួកគេ​ស៊ី ក្នុង​រដូវ​ទឹកជំនន់ ឬ​រដូវ​រាំងស្ងួត​ប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ភាគច្រើន​ត្រូវបាន​គេ​ទុកចោល​ ឬ​ដុតចោល​នៅលើ​ដីស្រែ​ដ៏ធំ​ល្វឹងល្វើយ ក្រោយពី​ច្រូតកាត់​ប្រមូលផល​ស្រូវ​រួច​។ ការដុត​ចំបើង និង​ជញ្ជ្រាំង​ស្រូវ មិន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ដីស្រែ​ប៉ុណ្ណោះ​ទេ ជារឿយៗ​បាន​បង្ក​ជា​គ្រោះ​អគ្គិភ័យ ភ្លើង​ឆេះ​ព្រៃ ឆេះ​ផ្ទះសំបែង ខូចខាត​ទ្រព្យសម្បត្តិ និង​ស្លាប់​ជីវិត​មនុស្ស​ថែម​ទៀតផង​។

សម្រាប់​កសិករ​ខ្មែរ​នាពេល​បច្ចុប្បន្ន​បាន​ចាត់ទុក​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ជា​ប្រភព​ធនធាន​ដ៏សំខាន់ និង​មាន​ប្រយោជន៍​យ៉ាងច្រើន​ក្រាស់ក្រៃ​សម្រាប់​ពួកគេ​។ ប្រជាកសិករ​នៅ​ភូមិ​សំរោង​ខាងត្បូង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក ឈាវ ហុង អាយុ​ ៦៥ ​ឆ្នាំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រៅពី​ទុក​សម្រាប់​ធ្វើជា​ចំណីអាហារ​របស់​សត្វ​គោ​-​ក្របី ចំបើង និង​ជញ្ជ្រាំង​ស្រូវ​អាច​យក​ទៅ​បណ្ដុះ​ធ្វើជា​ផ្សិតចំបើង សម្រាប់​ធ្វើជា​ម្ហូបអាហារ ឬ​កែច្នៃ​ធ្វើជា​ជីកំប៉ុស​សម្រាប់​ដាក់​ដីស្រែ ដើម្បី​បង្កើន​ជីជាតិ​ដី និង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ថ្លៃ​ទិញ​ជីគីមី​កសិកម្ម ឬ​យក​ទៅ​លាយ​ដីឥដ្ឋ​សម្រាប់​ធ្វើជា​ជញ្ជាំង​ខ្ទម​ចាំ​ស្រែ​ចម្ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព មិន​ចាញ់​ជញ្ជាំង​ស្លឹក​នោះទេ​។ មិនតែប៉ុណ្ណោះ គេ​អាច​យក​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ទៅ​ក្រាល​ទ្រាប់​ផ្លែឈើ ពងមាន់ ពងទា កុំឱ្យ​ប៉ះទង្គិច​គ្នា រង​ការខូចខាត​បាន​ផងដែរ​។

លោក​ ហុង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស​នៃ​សហគមន៍​កសិកម្ម​សំរោង​មានជ័យ បាន​និយាយថា​៖ «​ឥឡូវនេះ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ក៏មាន​ទីផ្សារ​ដែរ ក្រោយពី​ច្រូត​កាត់​ប្រមូលផល​ស្រូវ​រួច កសិករ​យើង​ក៏​អាច​លក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​បាន​ក្នុង​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ៧០ ​ម៉ឺន​រៀល​ទៅ​ ១​ លាន​រៀល​ក្នុង​ផ្ទៃដី ១ ​ហិកតា​។ ប៉ុន្តែ​បើសិន​ជា​យើង យក​វា​មក​កែច្នៃ​បណ្ដុះ​ផ្សិតចំបើង​លក់​វិញ​នោះ យើង​អាច​រកប្រាក់​ចំណូល​ពី​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​បាន​ច្រើនជាង​នេះ​ទ្វេដង​»​។

ដោយមាន​បច្ចេកទេស​ក្នុង​ការបណ្ដុះ​ផ្សិតចំបើង​ជាង​ ៤០ ​ឆ្នាំ លោក​ ហុង ​បាន​ប្រាប់​ឱ្យដឹងថា កាលពី​មុន ក្រោយពី​ច្រូតកាត់​ប្រមូលផល​ស្រូវ​រួច លោក និង​ក្រុមគ្រួសារ​តែងតែ​នាំគ្នា​ប្រមូល​យក​ចំបើង​ពី​ក្នុង​ស្រែ ទៅ​ទុកដាក់​នៅក្នុង​រោង​ស្តុក​ចំបើង ដើម្បី​ទុកឱ្យ​គោ​ស៊ី​ផង និង​កែច្នៃ​បណ្ដុះ​ជា​ផ្សិតចំបើង​លក់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផង​។ ចំណែក​ជញ្ជ្រាំង​ស្រូវ​វិញ គឺ​លោក​ប្រើ​ត្រាក់ទ័រ​ភ្ជួរ​កប់​លុប​នៅក្នុង​ដីស្រែ​វិញ ដើម្បី​ឱ្យ​ពុកផុយ​ជួយ​បង្កើន​ជីជាតិ​ដី ដែល​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ថ្លៃ​ជីគីមី​កសិកម្ម​បាន​ប្រមាណ​ ៦០ ​ភាគរយ​។

ប៉ុន្តែ​ចាប់​តាំងពី​ ៤ ​ឆ្នាំមុន បន្ទាប់ពី​លោក​បាន​ទិញ​ម៉ាស៊ីន​មូរ​ចំបើង​ ១ ​គ្រឿង​រួចមក ជញ្ជ្រាំង​ស្រូវ​របស់​លោក​ឈប់​ភ្ជួរ​កប់​លុប​ទៀតហើយ គឺ​លោក​ប្រើ​គ្រឿងចក្រ​មូរ​ទុកដាក់​ជាមួយ​ចំបើង ដើម្បី​ផលិត​ផ្សិតចំបើង​លក់ និង​សម្រាប់​ឱ្យ​សត្វ​គោ​ចំនួន​ ៤៥ ​ក្បាល​ស៊ី​។ បើតាម​លោក​ ហុង ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ដែល​ពុកផុយ​រលួយ ក្រោយពី​បណ្ដុះ​ផ្សិត​​រួច គឺអាច​យកមក​លាយ​ផ្សំគ្នា​ជាមួយ​លាមក​គោ និង​អាចម៍​មាន់ ផលិត​ចេញ​ជា​ជីកំប៉ុស​បាន​ចំនួន​ជាង​ ២០០ ​តោន​ក្នុង ​១ ​ឆ្នាំៗ​សម្រាប់​លក់​ទៅឱ្យ​កសិករ​ដាំ​ទុរេន​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​បាត់ដំបង ដែល​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​ដុល្លារ​បន្ថែមទៀត​ក្នុង​ ១​ ឆ្នាំៗ​។

ចំណែក​អ្នកស្រី ឡុក ពិសី ប្រជាកសិករ​នៅ​ភូមិ​ពោធិ៍ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កាលពី​មុន​គ្រួសារ​អ្នកស្រី និង អ្នកភូមិ​ពោធិ៍​មិន​ចាប់អារម្មណ៍​ក្នុង​ការលក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​នោះទេ​។ អ្នកភូមិ​តែងតែ​ទុក​ជញ្ជ្រាំង​ស្រូវ​ចោល​នៅក្នុង​ដីស្រែ ដើម្បី​រក្សា​សំណើម​ក្នុង​ដីស្រែ​ងាយស្រួល​ឱ្យ​ស្មៅ​ដុះ​សម្រាប់​ជា​ចំណី​របស់​សត្វ​គោ​-​ក្របី ព្រោះ​អ្នកភូមិ​និយម​លែង សត្វ​គោ​-​ក្របី ឱ្យ​ដើរ​ស៊ី​ស្មៅ​នៅតាម​វាលស្រែ​ដែល​ច្រូតកាត់​រួច​។ ដល់ពេល​រដូវ​បង្កបង្កើនផល​ស្រូវ​មកដល់​អ្នកភូមិ​តែងតែ​នាំគ្នា ដុត​គល់​ជញ្ជ្រាំង​ស្រូវ​ចោល​ ដើម្បី​សម្លាប់​ស្មៅ​ឱ្យអស់ រួច​ទើប​ភ្ជួររាស់​ដាស់​ដីស្រែ ដាំ​ស្រូវ​ជាថ្មី​ឡើងវិញ​។

អ្នកស្រី​បាន​និយាយថា​៖ «​ប៉ុន្តែ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ មាន​ឈ្មួញ​មួយ​ចំនួន​មក​ម៉ៅ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ពី​ពួកយើង​ក្រោយពី​ច្រូតកាត់​ប្រមូលផល​ស្រូវ​រួច ដោយ​ឱ្យ​តម្លៃ​ប្រមាណ​ពី​ ៥០-៨០​ ម៉ឺន​រៀល​ក្នុង​ដីស្រែ ១ ​ហិកតា​។ អ៊ីចឹង​ទេ​យើង​ក៏​លក់​វា​ខ្លះ យើង​ទុក​ខ្លះ​ឱ្យ​គោ​ស៊ី​»​។

អ្នកស្រី​ពិសី​បាន​បន្តថា អ្នកស្រី​មាន​ដីស្រែ​ ៣,៥ ​ហិកតា ហើយ​អ្នកស្រី​ធ្វើស្រែ​ក្នុង​ ១​ ឆ្នាំ​បាន​ ២ ​ដង ប៉ុន្តែ​អ្នកស្រី​លក់​ចំបើង និង​ជញ្ជ្រាំង​ទៅឱ្យ​ឈ្មួញ​ដែល​ចុះមក​ប្រមូល​ទិញ​តែ​ ២​ ហិកតា​ប៉ុណ្ណោះ​ក្នុង​ ១ ​រដូវ ដោយ​ទុក​ ១,៥ ​ហិកតា​សម្រាប់​ឱ្យ​សត្វ​គោ​ស៊ី​។

បើតាម​អ្នកស្រី ពិសី ក្នុង​ ១ ​ឆ្នាំ​អ្នកស្រី​លក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​បាន​ប្រមាណ​ពី​ ២ ​លាន ​-២,៦​ លាន​រៀល​។ ប៉ុន្តែ​អ្នកភូមិ​ពោធិ៍​មួយចំនួន​ទៀត ដែល​ធ្វើស្រែ​បាន​ ៣ ​ដង​ក្នុង​ ១ ​ឆ្នាំ ពួកគេ​លក់បាន​ច្រើនជាង​នេះ​។

ស្រដៀង​គ្នា​នេះដែរ ប្រជាកសិករ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក ឌុន រី អាយុ​ ៤៥ ​ឆ្នាំ បាន​និយាយថា ដោយសារ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​មាន​ទីផ្សារ កសិករ​ក៏មាន​ចិត្ត​អរសប្បាយ​ជាង​មុន ព្រោះ​អាច​រក​ចំណូល​បន្ថែម​ពី​ការលក់​វា​ទៅឱ្យ​ឈ្មួញ​។

លោក រី បាន​និយាយ​ថា​៖ «​កាលពីមុន យើង​ធ្វើស្រែ យើង​លក់​តែ​ស្រូវ​ក៏​ពិបាក​ដែរ ដោយសារ​ខ្វះ​ទីផ្សារ ឥឡូវ​យើង​លក់​ទាំង​ស្រូវ លក់​ទាំង​ចំបើង និង​ជញ្ជ្រាំង​ស្រូវ ហើយ​លក់​បាន​ថ្លៃ​ថែមទៀត​»​។ បើតាម​លោក រី ការលក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ គឺ​មិន​ពិបាក​លក់​ទេ គេ​អាច​លក់​ម៉ៅ​ទៅ​ឱ្យ​ឈ្មួញ ដែលមាន​ម៉ាស៊ីន​មូរ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ក្នុងតម្លៃ​ ៥០​ ម៉ឺន​រៀល​ក្នុង ​១​ ហិកតា ក៏បាន ឬ​ជួល​អ្នកមាន​ម៉ាស៊ីន​មូរ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​នោះ មក​មូរ​ជា​ដុំៗ រួច​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ដោយ​ខ្លួនឯង​ផ្ទាល់​ក៏បាន គឺ​មិន​ខ្វះ​អ្នក​ចាំ​ប្រមូល​ទិញ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​យើង​ជួល​គេ​មូរ គេ​គិតថ្លៃ​ក្នុង​ ១ ​ដុំ ទម្ងន់​ ១០​ គីឡូក្រាម ថ្លៃ​ ១ ៥០០ ​រៀល ហើយ​ក្នុង​ ១ ​ហិកតា គេ​មូរ​បាន​ជាង​ពី​ ២០០​ ដុំ​។ ប៉ុន្តែ​ពេល​យើង​ដឹក​វា​ទៅ​លក់​នៅ​ព្រំប្រទល់​វៀតណាម យើង​លក់បាន​ក្នុងតម្លៃ​ពី​ ៥ ០០០ ​រៀល​ទៅ​ ៦ ០០០​ រៀល​ក្នុង​ ១ ​ដុំ​។ អ៊ីចឹង​បើ​យើង​កាត់​ចំណាយ​ទៅលើ​ថ្លៃ​មូរ និង​ថ្លៃឈ្នួល​ផ្សេងៗ​ទៀត ដូចជា​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃ​កម្លាំង​ពលកម្ម យើង​អាច​រកចំណូល​បាន​ពី​ការលក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​បាន​ចន្លោះ​ពី ៧០ ​ម៉ឺន​រៀល ទៅ​ ៩០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ហិកតា​»​។

បើទោះ​ជា​យ៉ាង​ដូច្នេះ​ក្ដី កសិករ​ជំនាញ​ម្នាក់​នៅ​ស្រុក​ឧត្តង្គ ខេត្ត​កំពង់ស្ពឺ គឺ​លោក​ ស៊ឹម សារុំ បាន​និយាយថា ការលក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ គឺជា​រឿង​ត្រេកអរ​មួយ​របស់​កសិករ ព្រោះ​វា​អាច​ជួយ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ពី​ការលក់​ស្រូវ អង្ករ​។ ប៉ុន្តែ​និនា្នការ​នេះ គឺ​មិនល្អ​ប្រសើរ​ឡើយ​សម្រាប់​គុណភាព​ដីស្រែ​នៅពេល​អនាគត​។ លោក​បាន​លើកឡើង​ពី​សារប្រយោជន៍​នៃ​ចំបើង​ និង​ជញ្ជ្រាំង​ស្រូវ​នេះ​ថា​៖ «​ចំបើង​ និង​ជញ្ជ្រាំង​ស្រូវ រួមទាំង​អង្កាម គឺជា​ជីធម្មជាតិ​ដ៏ល្អ​បំផុត ក្នុង​ការជួយ​បង្កើន​ជីជាតិ​ដី និង​សំណើម​បាន​យូរ​អង្វែង ធ្វើឱ្យ​ដំណាំ​គ្រប់​ប្រភេទ ពិសេស​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​»​។

លោក​បាន​ពន្យល់ថា​៖ «​ប្រសិន​បើ​យើង កាប់​ចិញ្ច្រាំ​ចំបើង និង​ជញ្ជ្រាំង​ស្រូវ​ឱ្យ​តូចៗ ហើយ​យក​វា​ដាក់​នៅក្នុង​ដីស្រែ​ឱ្យ​បាន​ ១​ តោន​ក្នុង​ដីស្រែ ១ ​ហិកតា​ក្នុង​ ១ ​រដូវ ហើយ​ភ្ជួរ​ដី​លុប​កប់​វា និង​បញ្ចូល​ទឹក​ចោល ១ ​សប្ដាហ៍​ ដើម្បី​ឱ្យ​ផុយរលួយ​ក្លាយជា​ជី​កំប៉ុ​​នោះ យើង​នឹង​ចំណេញ​ប្រាក់​យ៉ាងតិច​ ២​ លាន​រៀល​ក្នុង​ ១​ ឆ្នាំ​ពី​ការចំណាយ​ទៅលើ​ការទិញ​ជីគីមី​កសិកម្ម​មក​ដាក់​ស្រែ​របស់​យើង​នោះ​»​។

បើតាម​លោក សារុំ កសិករ​គួរ​គិត​អំពី​អនាគត​ដីស្រែ​របស់ខ្លួន កុំ​ចេះតែ​ពី​លក់​ចំបើង និង​ជញ្ជ្រាំង​ស្រូវ គួរតែ​ប្រើប្រាស់​ឬ កែច្នៃ​វា​ជា​ប្រយោជន៍​ឱ្យ​បាន​ច្រើនជាង​នេះ ព្រោះ​បច្ចុប្បន្ន​មាន​គ្រឿងចក្រ​ទំនើប ដែល​អាច​មូរ​ចំបើង ជញ្ជ្រាំង​ស្រូវ​ងាយស្រួល​ទុកដាក់​មិន​ពិបាក​ដឹកជញ្ជូន​ដូច​មុន​ទៀតឡើយ​៕