ព្រះសីហនុៈ ក្រសួង​សង្គម​កិច្ច អ​តីត​យុទ្ធ​ជន និង​យុវនីតិ​សម្ប​ទា សហ​ការ​ជា​មួយ​អង្គ​ការ​ដៃគូបាន​ប្រកាស​បើក​យុទ្ធនា​ការ “​គ្រួសារ​រឹងមាំ​” នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ឈាន​ដល់​ការ​លុប​បំបាត់​រាល់​ទម្រ​ង់​អំពើ​ហិង្សា​លើ​កុមារ ​។​ ​

​យុទ្ធ​នាការ “​គ្រួសារ​រឹងមាំ​” ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ថ្ងៃទី​ ១៥​ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ​មាន​ការ​ចូល​រួម​ពីលោក​ស្រី ខៀវ បូរី រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អនុ-​ប្រធាន​អចិ​ន្រៃ្ត​យ៍​នៃ​គណៈ​កម្មការ​ដឹកនាំ​ការ​អនុវត្ត​ផែនការ​សកម្ម​ភាព​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ លោក មីន កុម្ភៈ អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ និង​មន្ត្រី​អង្គ​ការ​ដៃគូ​ជាច្រើន​រូប​ទៀត​។

យុទ្ធ​នាការ​នេះ ​ជាការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​វិជ្ជមាន​មួយ​ផ្សេង​ទៀត​ ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​កម្ពុជា​ដើម្បីបញ្ចប់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​កុមារ​។​

​លោក​ស្រី​ ខៀវ បូរី រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្ប​ទាបានថ្លៃង​ថា យុទ្ធ​នា​ការ​ «គ្រួសារ​រឹងមាំ» ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការយល់​ដឹង​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ ​និង​ទប់​ស្កាត់​ការ​បំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដោយ​មិន​ចាំ​បាច់​។​

​លោកស្រី​ថា​៖​ «​យុទ្ធនា​ការ​នេះ មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង និង​បង្ការ​ទប់​ស្កាត់​ និង​ឆ្លើយ​តប​លើ​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​កុមារ​ឱ្យបាន​គ្រប់​រូបភាព​ ដោយ​មាន​ការចូល​រួម​សហ​ការ និង​ឧបត្ថម្ភ

ពី​អង្គការ​ដៃគូ​ មាន​ដូច​ជា អង្គការ​យូ​នី​សេហ្វ​ និង​ USAID»​។​

​លោក ភី ណូ ប្រធាន​នាយក​ដ្ឋាន​សុខុមាល​ភាព​កុមារ​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ឱ្យដឹ​ងថា កន្លង​មក​ យុទ្ធនា​ការ គ្រួសារ​រឹងមាំ ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​តាម​បណ្តា​ខេត្ត​មួយ

ចំនួន ដើម្បី​បង្ការ​ទប់​ស្កាត់ និង​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ ​។

​លោក​ថា​៖ ​​«​យើង​មិន​មែន​ធ្វើ​តែ​នៅ​ខេត្ត​ព្រះសីហនុ​ទេ យើង​អនុវត្ត​ជាច្រើន​ខេត្ត​រួចមក​ហើយ និង​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ហូរ​ហែ​មក​ដែរ​»​។​

​លោក​បាន​បញ្ជាក់ថា​ យុទ្ធនា​ការ​នេះ ក៏​បាន​និង​កំពុង​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​បន្ត​នៅតាម​បណ្តា​រាជ​ធានី​-​ខេត្ត​គោល​ដៅ​ចំនួន​ ៦ ​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល បាត់​ដំបង ​ខេត្ត​សៀមរា​ប ខេត្តរតន​គិរី និង​ខេត្ត​ព្រះសី​ហនុ ព្រម​ទាំង​នឹង​បន្ត​ទៅខេត្ត​មួយ​ចំនួន​ទៀត​ជា​បន្ត​បន្ទាប់​។​

​តាមសេចក្តី​ប្រកាស​ព័ត៌​មានរបស់អង្គការ​យូ​នី​សេ​ហ្វបានឱ្យដឹងថា យុទ្ធនា​ការគ្រួសារ​រឹង​មាំ មាន​គោល​បំណង​ដោះ​ស្រាយ​នូវ​បញ្ហា​សង្គម និ​ង​វប្បធម៌ ​ដែល​ធ្វើឱ្យ​មាន​អំពើហិង្សាលើ​កុមារ​ និង​ធ្វើឱ្យ​មាន​ជំនឿថា មណ្ឌល​ថែទាំ​ជាទី​កន្លែង​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​កុមារ​។​

​អង្គការ​យូ​នី​សេ​ហ្វ ឱ្យ​ដឹង​ថា អំពើ​ហិង្សា​គឺជា​កង្វល់​ដ៏​ធំ​មួយ​ ដែល​មាន​កុមារ​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស ធ្លា​ប់​ទទួល​រង​អំពើ​ហិង្សា​យ៉ាង​ហោច​ណា​ស់ក៏មាន​មួយ​ទម្រង់​ផង​ដែរ​ មុនពេល​ពួកគេ​អាយុ ​១៨ ​ឆ្នាំ​។

យូ​នី​សេ​ហ្វបន្តថា ​«​អំពើ​ហិង្សា​លើ​កុមារ​អាច​ជះឥទ្ធិ​ពល​អវិជ្ជ​មាន​យូរអង្វែង​ដល់​សុខុមាល​ភាព​កុមារ​ក្នុង​ទិដ្ឋភាព​ផ្សេងៗទាក់ទង​នឹង​អាកប្ប​កិរិយា ផ្លូវចិត្ត និ​ង​រាង​កាយ​នៅ​ក្នុង​វ័យ​ជំទង់និង​នៅ​ពេល​ពេញវ័យ​»​។​

​លោក​ស្រី គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ នាយិ​កា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ធ្លាប់បាន​ថ្លែង​ថា​៖ “​យើង​ត្រូវធ្វើ​យុទ្ធ​នាការ​នេះ​ឱ្យ​ទៅដល់​ប្រជា​ពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ គ្រប់​សាលា​រៀន គ្រប់​សហ​គមន៍ គ្រប់​បណ្តាញ​ផ្សព្វ​ផ្សាយ ​ព័ត៌មាន​។ អំពើ​ហិង្សា​ប៉ះពាល់​​គ្រប់​គ្នា យុទ្ធនាការ​នេះ​ជា​ឱកាស​ដើម្បីកៀរគរ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ឱ្យ​និយាយថា​ទេចំពោះ​អំពើ​ហិង្សា និង​ថែរក្សា​បរិស្ថាន​ឱ្យមាន​សុវត្ថិ​ភាព និង​សុខ​ភាព​ល្អ​សម្រាប់​កូនៗ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​”​។​

​រាជរដ្ឋាភិ​បាល​កម្ពុជាបាន​ខិតខំ​ប្រឹង​ប្រែង​ប្តេជ្ញា​ចិត្ត​យ៉ាងខ្លាំង​ក្លា​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​តាមរយៈ​ការប្រកាស​ចូល​ជា​សមាជិក​ទី​២៦ នៃ​ប្រទេស​ជា​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ ដែលជា​ផ្នែក​មួយ​នៃ​ចលនាសកល​ដែល​កំពុង​បន្ត​អនុវត្ត ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​កាលពី​ចុងឆ្នាំ​ ២០១៩​។ ក្នុងនោះ​កម្ពុជា​បាន​ពង្រឹង​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារដែល​ក្នុងនោះ​យុទ្ធនាការ“​គ្រួសារ​រឹងមាំ​” គឺជា​សកម្មភាព​អាទិភាព​ចម្បង​មួយ​។​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បានប្រកាស​បើក​យុទ្ធនាការ “​គ្រួសារ​រឹងមាំ​” ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ និង​ការ​បំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់​នៅ​កម្ពុជានៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​លើកដំបូង​៕