សៀមរាបៈ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី (NGO2) និង​អង្គការ​ដៃគូ​ឈ្មោះ Ocean Recovery Alliance នឹង​ចាប់ផ្តើម​គាំទ្រ​សហគមន៍​សង្កាត់​ចុង​ឃ្នៀ​ស​ឱ្យ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​កាកសំណល់ និង​ប្រមូលយក​ប្លា​ស្ទិ​ក​ពីក្នុងបឹងទន្លេសាប​​រយៈពេល ៣ ឆ្នាំ (Waste Management and Harvest Plastic Program) ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ។

ការប្រកាស​អនុវត្ត​គម្រោង​នេះ បាន​ធ្វើឡើង​ស្របពេល​អាជ្ញាធរ​ខេត្តសៀមរាប អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ នឹង​រួមគ្នា​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតី២៣ វិច្ឆិកា ក្រោម​ប្រធានបទ «មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង» នៅ​ថ្ងៃ​ទិ២៣ វិច្ឆិកា​ខាងមុខ ខណៈ​ថ្ងៃទី ២៤ វិច្ឆិកា នឹង​រួមគ្នា​ប្រារព្ធ​ទិវា​សម្អាត​អនាម័យ​បរិស្ថាន ដែល​ធ្វើឡើង​នៅក្នុង​សហគមន៍​ចុង​ឃ្នៀ​ស។

តាម​លិខិត​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដាក់ជូន​រដ្ឋបាលខេត្ត​សៀមរាប ចុះ​ថ្ងៃទី ១៥ វិច្ឆិកា បានឱ្យដឹងថា តាម​គម្រោងទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​សួនច្បារ​ជាប់មាត់​ស្ទឹង​ជិត​ព្រះរាជដំណាក់ និង​ការ​ប្រារព្ធ​​ទិវា​សម្អាត​បរិស្ថាន នឹងធ្វើ​ឡើង​នៅ​សហគមន៍​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប។

លោក ឃឹ​ន សុ​គុណ​វិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាននិយាយថា មន្ទីរ​បរិស្ថាន​ខេត្ត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប នឹង​រៀបចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ២៣ វិច្ឆិកា ក្រោម​ប្រធានបទ «មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង» និង​ទិវា​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​គោលបំណង​ធានាបាន​នូវ​គុណភាព​បរិស្ថាន សោ​ភណភាព​​​ទី​ប្រជុំជន និង​សុខភាព​សាធារណៈ។

លោកបាន​បញ្ជា​ក់ថា៖ «តាមរយៈ​ការ​បំផុស​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំ​​ដាប់​ថ្នាក់ សិស្ស និស្សិត​គ្រប់​ភូមិ​សិក្សា ឱ្យចូល​រួម​ធ្វើ​អនាម័យ​កែលម្អ​សោ​ភណភាព​នៅតាម​ភូមិឋាន និង​ទីប្រជុំជន។ ក្នុងន័យនេះ គឺ​ដើម្បីឱ្យ​ទិវា​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ប្រសើរ»។

លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការគាំទ្រ​សហគមន៍​សង្កាត់​ចុង​ឃ្នៀ​ស ក្នុងការ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​កាកសំណល់ និង​ប្រមូលយក​ប្លា​ស្ទិ​ក នឹង​ចាប់ផ្តើមពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ ដែល​មាន​រយៈពេល៣ឆ្នាំ។ គម្រោង​នេះ គឺ​នឹងត្រូវ​បានប្រកាស​ស្របពេល​ថ្ងៃ​ប្រារព្ធ​ទិវា​ទាំង២នោះ ដោយមាន​ការសហការ​រវាង​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី (NGO2) និង​អង្គការ​ដៃគូ​ឈ្មោះ Ocean Recovery Alliance ។

លោកបាន​បញ្ជាក់ថា៖ «នៅក្នុង​កម្មវិធី​ដែល​យើង​​ប្រមូលផ្តុំ​គ្នា​​ប្រមាណ ៥០០ នាក់ គឺមាន​ប្រមាណ ៣០០ នាក់ ដែលជា​សហគមន៍​ចុង​ឃ្នៀ​ស​ខ្លួនឯង ក្នុងការ​ចែវទូក មាន​កន្ត្រង ដើម្បី​ដួស​ស្រង់​យក​សំរាម​ចាស់​ដែល​អណ្តែត​នៅលើ​ទឹក​ឱ្យអស់។ ចំណែក ១ ក្រុម​ទៀត​ប្រមាណ ២០០ នាក់ នឹង​ចុះ​តាម​ខ្នង​ផ្ទះ ដើម្បី​អប់រំ​កុំឱ្យ​បោះចោល​សំរាម​ក្នុង​ទឹក និង​ចេះ​ពី​របៀប​ញែក​សំរាម​សេរី​រា​ង្គ និង​សំរាម​ប្លា​ស្ទិ​ក»។

កាលពី​រដូវវស្សា​កន្លងទៅនេះ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិលបាន​ដឹកនាំ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ចុង​ឃ្នៀ​ស ឱ្យចូល​រួម​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន និង​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​ក្នុង​តំបន់​របស់ខ្លួន​សរុប​បាន​ជាង ១០០ តោន។

លោក ស៊ា​ង សុផល បាន​មើលឃើញថា សហគមន៍​ចុង​ឃ្នៀ​ស គឺមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ដឹកនាំ ក្នុងការ​ចូលរួម​សម្អាត​បរិស្ថាន និង​ការ​វេច​ខ្ចប់​ទុកដាក់​សំរាម ដែល​លោកអះអាងថា អង្គ​ការ​មូល​និធិ​ទំពាំង​ស្នង​ប្ញ​ស្សី នឹង​បន្ត​គាំ​ត្រ​បន្ថែម​ទៀត ដល់​សកម្ម​ភាព​នានា​របស់​ពួកគេ។

លោកបញ្ជាក់ថា៖ «អ៊ីចឹ​ង​ខ្ញុំ​នឹង​ជំរុញ​បន្ថែម ក្នុងការ​បង្រៀន​គ្រូ​បង្គោល និង​ធ្វើជា​សិក្ខាសាលា​ក្នុង​ការចុះ​អប់រំ​ប្រជា​ពលរ​ដ្ខ ព្រមទាំង​បង្កើត​យន្តការ​សាមញ្ញងាយៗដោយផ្ទាល់​ដល់​សហគម​ន៍​ខ្លួនឯង​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជួបប្រទះ​នៅក្នុង​សហគមន៍​នេះ។ អ្នក​នៅក្នុង​ទឹក យើង​ធ្វើ​សកម្មភាព​ផ្សេង​ទៅ ចំណែក​អ្នក​នៅលើ​ទឹក​យើង​ធ្វើ​សកម្មភាព​ងាយៗ​អ៊ីចឹ​ង​ទៅ»។

លោក ស៊ា​ង សុផល បង្ហាញ​ក្តី​រំពឹងថា នៅពេល​សហគមន៍​នេះ ដាក់​អនុវត្ត​គម្រោង​គាំទ្រ​គ្រប់គ្រង​កាកសំណល់ និង​ប្រមូ​ល​យក​ប្លា​ស្ទិ​កនេះ​ដល់​ប្រជា​សហគមន៍​ នឹងធ្វើ​ឱ្យ​សោ​ភណភាព​ក្នុង​តំបន់​នេះ មាន​ភាពល្អប្រសើរ និង​កាត់បន្ថយ​សំរាម​ប្លា​ស្ទិ​ក ដែល​តែង​អណ្តែត​ត្រៀបត្រា​នៅ​ពេញ​ផ្ទៃ​ទឹក៕