ភ្នំពេញៈ ​តម្រូវការ​អុកស៊ីហ្ស៊ែន គឺមាន​គ្រប់​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស ហើយ​ការផ្គត់ផ្គង់​ភាគច្រើន គឺ​មានតែ​នៅក្នុង​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​នាពេល​កន្លងមក ដែល​ធ្វើឱ្យ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ​បាន​ជួបប្រទះ​ការលំបាក ព្រោះតែ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ថវិកា​ច្រើន​ក្នុង​ការ​ដឹកជញ្ជូន​។

ដូច្នេះ​ការផលិត​អុកស៊ីហ្ស៊ែន​បាន​ដោយ​ខ្លួនឯង​ក្នុង​ការចែកចាយ​នៅតាម​បណ្តា​ខេត្ត គឺជា​ការចូលរួម​ចំណែក​ជួយ​សន្សំសំចៃ​ពេលវេលា ថវិកា និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​កង្វះ​អុកស៊ីហ្ស៊ែន ថែមទាំង​បង្ក​ភាពងាយស្រួល​ដល់​ការព្យាបាល​អ្នកជំងឺ​ទៀតផង​។

ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន គឺជា​ម៉ាស៊ីន​មួយ​ដែល​អាច​ផលិត​អុកស៊ីហ្ស៊ែន​ក្នុង​ចំនួន​មួយ​ច្បាស់លាស់ អាស្រ័យ​ទៅតាម​ប្រភេទ និង​ទំហំ ដែល​បាន​ដំឡើង​នៅតាម​ទីតាំង​នីមួយៗ​។ តាម​ផែនការ​របស់​ក្រសួង​សុខាភិបាល គឺ​ធ្វើ​យ៉ាងណា​ជំ​រុញឱ្យ​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស មាន​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​បាន​ដោយ​ខ្លួនឯង​។

ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ការបង្កើត​ឱ្យ​មាន​ម៉ាស៊ីន​សម្រាប់​ផលិត​អុកស៊ីហ្ស៊ែន​នៅតាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​នឹង​ជួយ​ឱ្យ​មន្ទីរពេទ្យ​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ឈប់​ទិញ​បំពង់​អុកស៊ីហ្ស៊ែន​ពី​អ្នក​ផ្គត់ផ្គង់​ឯកជន​ ដើម្បី​បំពេញ​តម្រូវការ​នៅតាម​មន្ទីរពេទ្យ​។

ក្រសួង​បន្ថែមថា ការដែល​មន្ទីរ​សុខាភិបាល​ខេត្ត​ទូទាំង​ប្រទេស មាន​ម៉ាស៊ីន​សម្រាប់​ផលិត​អុកស៊ីហ្ស៊ែន​ដោយ​ខ្លួនឯង​ក្នុងការ​ចែកចាយ​នៅក្នុង​មូលដ្ឋាន​ខេត្ត​របស់ខ្លួន គឺ​វា​ពិតជា​មាន​សារៈសំខាន់​បំផុត​ព្រោះ​អាច​រួមចំណែក​យ៉ាងសំខាន់​ ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​ក្នុងការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​។ ក្រសួង​បញ្ជាក់ថា​៖ «​ដូច្នេះ​វា​នឹង​ជួយ​សន្សំសំចៃ​ពេលវេលា ថវិកា និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​កង្វះ​អុកស៊ីហ្ស៊ែន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការព្យាបាល​អ្នកជំងឺ​ទៀតផង​»​។

ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាច្រើន​ទៀត​ដែល​អាច​ផលិត​អុកស៊ីហ្ស៊ែន​បាន​ដោយ​ខ្លួនឯង ហើយ​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២២ ខេត្ត​នេះ បាន​បើកសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​តេជោ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ មន្ទីរពិសោធន៍ និង​ម៉ាស៊ីន​ សម្រាប់​ផលិត​អុកស៊ីហ្ស៊ែន​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។

ទន្ទឹមនឹង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី ​១៤ ខែកញ្ញា ឆ្នាំ​ ២០២២ រដ្ឋបាលខេត្ត​ព្រះវិហារ ក៏​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ និង​ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្ស៊ែន នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ ១៦ ​មករា ដែលជា​អំណោយ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ផងដែរ​។ ក្រៅពី​ខេត្ត​ទាំង ​២ ​នេះ ខេត្ត​បាត់ដំបង ខេត្ត​កោះកុង និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម ក៏បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការផលិត​អុកស៊ីហ្ស៊ែន​សម្រាប់​ប្រើប្រាស់​បាន​ដោយ​ខ្លួនឯង​ផងដែរ ខណៈ​រាជធានី​ភ្នំពេញ គឺជា​មូលដ្ឋាន​ដ៏សំខាន់​មួយ​ដែលមាន​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​មុនគេ​បង្អស់ ដើម្បី​ធ្វើការ​ចែកចាយ និង​ផ្គត់ផ្គង់​ទៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​។

លោក​ ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដែល​ខេត្ត​ព្រះសីហនុ អាច​ផលិត​អុកស៊ីហ្ស៊ែន បាន​ដោយ​ខ្លួនឯង គឺជា​ការប្រសើរ និង​បានបង្ហាញ​អំពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ឆន្ទៈ​ប្រកប​ដោយ​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្តថា ការផលិត​អុកស៊ីហ្ស៊ែន បាន​ដោយ​ខ្លួនឯង មាន​សារៈ​សំខាន់​បំផុត ព្រោះ​អាច​រួមចំណែក​យ៉ាងសំខាន់​ដល់​មន្ទីរពេទ្យ​ទូទាំង​ខេត្ត ដើម្បី​ឆ្លើយតប​ទាន់​ពេលវេលា​ក្នុង​ការ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​។ លោក បញ្ជាក់ថា​៖ «​យើង​អាច​កាត់បន្ថយ​ការចំណាយ ព្រោះ​ពីមុន​យើង​ទិញ​អុកស៊ីហ្ស៊ែន​ពី​ភ្នំពេញ​។ យើង​ចំណេញ​ពេលវេលា ចំណេញ​ថវិកា ចំណេញ​កម្លាំង​ពលកម្ម មិន​ចំណាយ​បំពង់​ច្រើន និង​មាន​ភាពទៀងទាត់ ឬ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​»​។

លោក​បាន​បន្តថា​៖ «​លើសពី​នេះ​ទៅទៀត​យើង​អាច​ដោះស្រាយ​ហានិភ័យ​ពី​ការទិញ​អុកស៊ីហ្ស៊ែន​ពី​ភ្នំពេញ​ដូចជា ហានិភ័យ​ក្នុង​ពេល​ដឹកជញ្ជូន (​ចង្វាក់​ផ្គត់ផ្គង់​) ​ចំណាយពេល​រង់ចាំ​យូរ ក្នុង​ពេល​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន ដែល​យើង​មិនអាច​ដឹក​មក​ទាន់​ពេលវេលា​។ មិនមាន​ការខាតបង់​ដោយពេល​ខ្លះ​អុកស៊ីហ្ស៊ែន ដែល​ទិញ​មក​មាន​ចំណុះ​មិន​គ្រប់​។ នៅពេល​យើង​មាន​ម៉ាស៊ីន​ផលិត​ខ្លួនឯង​បាន នៅពេល​មាន​តម្រូវការ​ខ្ពស់ យើង​អាច​បង្កើន​ការផលិត​ខ្លួនឯងបាន​»​។

ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺអាច​ផលិត​បាន​អុកស៊ីហ្ស៊ែន​ប្រមាណ​ ៦០ ​ម៉ែត្រគុប ក្នុង​ ១ ​ម៉ោង ឬ​ស្មើនឹង​ ១០​ បំពង់​។ នេះ​បើតាម​លោក ឡុង ឌីម៉ង់​។ លោក​ឱ្យដឹងថា ជា​មធ្យម មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​អាច​ដំណើរការ​ម៉ាស៊ីន​ ៨ ​ម៉ោង​ក្នុង​ ១​ ថ្ងៃ ដែល​បរិមាណ​អុកស៊ីហ្ស៊ែន​ទទួល​បាន​សរុប​គឺ​ប្រមាណ ​៤៨០ ​ម៉ែត្រគុប​។

ចំណែក​លោក​ ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង​ក៏បាន​ថ្លែង​ស្រដៀង​គ្នា​នេះដែរ​ថា ការ​មាន​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​នៅក្នុង​ខេត្ត ដើម្បី​ផលិត​អុកស៊ីហ្ស៊ែន​ដោយ​ខ្លួនឯង គឺ​បាន​ជួយ​ដល់​ជីវិត​អ្នក​ជំងឺ​ច្រើនណាស់ ជាពិសេស​គឺ​នៅក្នុង​អំឡុងពេល​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ដែល​អាចជួយ​សង្គ្រោះបន្ទាន់​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិតធ្ងន់​បាន​ផងដែរ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង​រូបនេះ​បាន​និយាយ​ទៀត​ថា ចាប់ពី​ពេលនេះ​តទៅ​បញ្ហា​ខ្វះខាត​អុកស៊ីហ្ស៊ែន​ជួយសង្គ្រោះ​អ្នកជំងឺ​កូវីដ​ ១៩ ឬ​អ្នក​ជំងឺ​ទូទៅ​ផ្សេងៗ​លែង​ជួប​បញ្ហា​ប្រឈម​ទៀតហើយ ខណៈ​កន្លងមក ពេល​អស់​អុកស៊ីហ្ស៊ែន​ត្រូវ​ដឹកជញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដោះដូរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប ហើយ​អានុភាព​ផលិត​អុកស៊ីហ្ស៊ែន​ក្នុង​ ១ ​ថ្ងៃ​បាន​ដល់​ទៅ​ ១០ ​ធុង​ធំៗ ស្មើនឹង​ ៤០​ លីត្រ ត្រូវបាន​ក្រុម​ការងារ​បច្ចេកទេស​កំពុង​រៀបចំ​ដំឡើង​នៅក្នុង​អគារ​មាន​សុវត្ថិភាព​នៅក្បែរ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​»​។

អុកស៊ីហ្ស៊ែន គឺជា​សារធាតុ​ទូទៅ​បំផុត​នៅលើ​ផែនដី ហើយ​វា​មាននៅ​ក្នុង​សារពាង្គកាយ​មាន​ជីវិត​រហូតដល់​ ៦៥ ​ភាគរយ​។ អុកស៊ីហ្ស៊ែន គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សេវា​សំខាន់ៗ ដូចជា​ការព្យាបាល​អ្នក​ជំងឺ​កូវីដ ​១៩ ក្នុងពេល​បច្ចុប្បន្ន ការតាមដាន និង​ការព្យាបាល​អ្នកជំងឺ​ដែល​កំពុង​ត្រូវ​សង្គ្រោះបន្ទាន់​។

លោកស្រី Foroogh Foyouzat ​តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ធ្លាប់​បាន​និយាយថា អុកស៊ីហ្ស៊ែន​អាច​ធ្វើ​ឱ្យមាន​ភាពខុសគ្នា​រវាង​ជីវិត និង​សេចក្តី​ស្លាប់​។

លោកស្រី បាន​លើកឡើង​បន្តថា ដោយសារ​អុកស៊ីហ្ស៊ែន​វា​មាន​សារៈសំខាន់​យ៉ាង​ដូច្នេះហើយ ទើប​អង្គការ​យូនីសេហ្វ​បាន​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​អុកស៊ីហ្ស៊ែន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជាពិសេស គឺ​ការកសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​។

លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ខែតុលា​ថា ខេត្ត​រតនគិរី​កំពុងតែ​រៀបចំ​ដំឡើង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន និង​ប្រព័ន្ធ​បច្ចេកទេស​នានា ដើម្បី​អាចឱ្យ​ខេត្ត​នេះ អាច​ផលិត​អុកស៊ីហ្ស៊ែន​បាន​ដោយ​ខ្លួនឯង​។ លោក​បាន​បន្តថា ការដែល​ខេត្ត​នៅ​មិនទាន់​អាច​មាន​លទ្ធភាព​ផលិត​អុកស៊ីហ្ស៊ែន​បាន​ដោយ​ខ្លួនឯង គឺជា​ឧបសគ្គ​មួយ​ដែល​ខេត្ត​តែងតែ​ចំណាយ​ថវិកា និង​ពេលវេលា ដើម្បី​ទិញ​អុកស៊ីហ្ស៊ែន​ពី​រាជធានី​ភ្នំពេញ​ សម្រាប់​យកមក​ផ្គត់ផ្គង់​តម្រូវ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​ដោយសារ​យើង​មិនទាន់​អាច​ផលិត​បាន​ដោយ​ខ្លួនឯង យើង​នៅតែ​បន្ត​យក​អុកស៊ីហ្ស៊ែន​ពី​ភ្នំពេញ​មកប្រើប្រាស់​។ យ៉ាងណា​ក្តី​ការនាំ​ចូល​អុកស៊ីហ្ស៊ែន​ពី​ក្រៅ​មកនេះ នៅតែ​អាច​ទប់ទល់​ស្ថានភាព​បាន ហើយ​តាំងពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូវីដ ​១៩ ​មក ក្រសួង​ក៏បាន​ផ្តល់​មក​ឱ្យ​យើង ហើយ​យើង​ក៏បាន​ប្រើប្រាស់​ថវិកាជាតិ ដើម្បី​ទិញ​អុកស៊ីហ្ស៊ែន​បន្ថែម​»​។

ទោះយ៉ាងណា លោក អ៊ុង រតនា បាន​ឱ្យ​ដឹងថា អាជ្ញាធរ​ខេត្ត​រតនគិរី​កំពុង​បន្ត​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​សម្រាប់​ផលិត​អុកស៊ីហ្ស៊ែន​នេះ ដើម្បី​អាច​ប្រើប្រាស់​បាន​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ផ្នែក​ខ្លះ​ត្រូវ​បាន​រៀបចំ​រួចរាល់​។ លោក​រំពឹង​ថា ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ដែល​គ្រោង​នឹងដាក់​ដំណើរការ​ពេល​ឆាប់ៗ នឹង​ចូលរួម​ជួយ​បំពេញ​តម្រូវការ​អុកស៊ីហ្ស៊ែន​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ងាយស្រួល​បន្ថែមទៀត​៕